កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្មានការឧបត្ថម្ភផ្សាយ ឬប្រើផលិតផលថ្នាំជក់ នៅស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣
11, Jan 2023 , 6:29 pm        
រូបភាព
មិនមានការអនុញ្ញាត ឱ្យជក់បាររី ឬប្រើផលិតផលថ្នាំជក់ គ្រប់ប្រភេទរួមទាំងបារីអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) ប្រកាសនៅថ្ងៃទី៣ ខែមករា ដោយការឧបត្ថម្ភផ្សព្វផ្សាយថ្នាំជក់ អំឡុងព្រឹត្តិការណ៍ក៏ត្រូវបានហាមឃាត់ផងដែរ។


លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាត្រូវសម្រេចឱ្យបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះដែលរៀបចំព្រឹត្តិការណ៍ដោយគ្មានផ្សែងថ្នាំជក់គ្រប់ប្រភេទ។
 
 «គ្រប់សម្ភារផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ នឹងមានការបញ្ចូលស្លាកសញ្ញាហាមជក់បារី និងបារីអេឡិចត្រូនិកដែលជាការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទូទៅ»។ នេះជាការបញ្ជាក់របស់លោក សារុន ដែលជាអនុប្រធានគណៈកម្មការពិធីបើកនិងបិទរបស់ CAMSOC ដោយបន្ថែមថា ដើម្បីសម្រេចបានកីឡាគ្មានថ្នាំជក់ អ្នករៀបចំបានហាមទាំងសកម្មភាពប្រើប្រាស់ និងមិនទទួលយកការឧបត្តម្ភផ្សព្វផ្សាយផ្សេងៗពីក្រុមហ៊ុនថ្នាំជក់អំឡុងការប្រកួតឡើយ។
 
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតំបន់អាស៊ានលើកទី៣២ កម្ពុជាប្តេជ្ញា រក្សាវប្បធម៌កីឡាគ្មានផ្សែងថ្នាំជក់ដោយអនុលោមតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា។
 
វៀតណាម ជាប្រទេសទី១ ដែលសម្រេចបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាដោយគ្មានផ្សែងថ្នាំជក់គ្រប់ប្រភេទ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២២ កាលពីឆ្នាំ២០០៣។
មិនត្រឹមការប្រកួតក្នុងតំបន់ឡើយ សូម្បីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជា FIFA ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ក្នុងការប្រកួតទាំងនោះ។
 
ការប្រើប្រាស់ផលិតផលថ្នាំជក់ បណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និង   បរិស្ថាន។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។ 
 
ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ជាដើម។ 
 
លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់មិនត្រឹមតែធ្វើឲ្យខាតបង់ផលិតភាព សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកើនដល់កម្តៅផែនដីតាមរយៈការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស និងការបង្កឲ្យមានកើនឡើងនៃកាកសំណល់ជាតិពុលថែមទៀតផង៕
 
 

Tag:
 ស៊ីហ្គេម២០២៣
  ថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com