ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖«ខ្ញុំ តែងប្រាថ្នាចង់បានការជួបសន្ទនារវាងខ្មែរនិងខ្មែរ»
12, Jan 2023 , 10:59 am        
រូបភាព
រាប់តែបួននាក់ពីឆ្វេងដៃទៅ៖ លោក សម រង្ស៊ី លោក កឹម សុខា សម្តេច សាយ ឈុំ និងសម្តេច ហ៊ុន សែន ឈរនិយាយគ្នាក្នុងគ្រាមួយ កាលពីគណបក្សសង្គ្រោះជាតិ នៅធរមាន។
រាប់តែបួននាក់ពីឆ្វេងដៃទៅ៖ លោក សម រង្ស៊ី លោក កឹម សុខា សម្តេច សាយ ឈុំ និងសម្តេច ហ៊ុន សែន ឈរនិយាយគ្នាក្នុងគ្រាមួយ កាលពីគណបក្សសង្គ្រោះជាតិ នៅធរមាន។
ដោយ៖ ទេពញាណ

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ព្យាយាមបង្ហាញចិត្តគំនិតរបស់លោកម្តងហើយម្តងទៀត អំពីការចង់ដោះស្រាយបញ្ហាជាមួយខ្មែរគ្នាឯង តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី។ ជាមួយគ្នានេះ លោក តែងការពារខ្លួនឯងថា លោក មិនដែលមានបំណងបង្កវិនាសកម្មដល់ជាតិមាតុភូមិឡើយ។

 
តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក កឹម សុខា បានលើកឡើងថា លោក តែងតែទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយតំណាងអង្គការសហប្រជាជាតិ តំណាងប្រទេស និងអ្នកការទូតនានា ដើម្បីផលប្រយោជន៍ខ្មែរ។ លោក ថែមទាំង អះអាងថា ទំនាក់ទំនងលោកជាមួយបរទេសទាំងនោះ មិនមែនជាការគប់គិតគ្នាដោយសម្ងាត់ ដែលនាំឲ្យមានអំពើឈ្លានពាននឹងកម្ពុជានោះទេ។ 
 
ការជួបសន្ទនាជាមួយបរទេសទាំងនោះ គឺជារឿងសំខាន់ម្យ៉ាងហើយ តែអ្វីដែល លោក កឹម សុខា មើលឃើញថា សំខាន់ជាងនេះទៀតនោះ គឺការជួបសន្ទនាជាមួយខ្មែរគ្នាឯង។ មេដឹកនាំប្រឆាំង ដែលត្រូវតុលាការហាមមិនឲ្យធ្វើនយោបាយរូបនេះ បង្ហាញគោលការណ៍របស់ខ្លួនសាជាថ្មីថា៖«ទំនាក់ទំនង ឬការជួបសម្តែងការគួរសម និងការសន្ទនាគ្នារវាងខ្មែរនិងខ្មែរ គឺរឹតតែសំខាន់ និងចាំបាច់បំផុត ដើម្បីផលប្រយោជន៍ខ្មែរ ហើយដែលខ្ញុំតែងតែប្រាថ្នាចង់បាន»។ 
 
បន្ថែមពីនេះ លោក កឹម សុខា អះអាងថា បរទេសទាំងនោះ យល់ដឹងច្បាស់ថា លោក មិនមែនជាបុគ្គលហិង្សា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព ឯកភាព អធិបតេយ្យភាព និងវឌ្ឍនភាពជាតិខ្មែរ ជាពិសេសមិនធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពរវាងប្រទេសរបស់គេជាមួយកម្ពុជាឡើយ។
 
សំណេរខាងលើ ត្រូវលោក បង្ហោះភ្ជាប់ជាមួយព័ត៌មានអំពីជំនួបរវាងលោក និងលោក ហ្សាក ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា។ ក្នុងថ្ងៃនេះ មិនមែនតែលោក ហ្សាក ប៉េឡេ ទេ នៅមានលោក ផាទ្រិក មើហ្វ៊ី ឯកអគ្គរដ្ឋទូតអាម៉េរិកម្នាក់ទៀត (Patrick Murphy) ដែលបានទៅជួបលោក នៅគេហដ្ឋានរបស់លោក ដោយលោក ផាទ្រិក មើហ្វ៊ី ទៅជួបនៅពេលព្រឹក ហើយលោក ហ្សាក ប៉េឡេ ទៅជួបនៅពេលល្ងាច។ 
 
លោក ផាទ្រិក មើហ្វ៊ី សរសេរលើបណ្តាញសង្គមធ្វីតធ័រដោយខ្លួនឯងថា៖«ខ្ញុំ បានបញ្ជាក់ជាថ្មី ជាមួយលោក កឹម សុខា អំពីការគាំទ្ររបស់អាម៉េរិកដល់កម្ពុជា ដោយរាប់ទាំងការគាំទ្រទៅលើលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សផងដែរ។ កម្ពុជា នឹងទទួលបានផលប្រយោជន៍ បើអ្នកដែលត្រូវបានចោទប្រកាន់ និងអ្នកដែលត្រូវបានឃុំខ្លួន ដោយសារប្រើសិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំ មានសេរីភាពឡើងវិញ ដើម្បីចូលរួមក្នុងនយោបាយ និងដំណើរការបោះឆ្នោត»។ 
 
រីឯស្ថានទូតបារាំង សរសេរលើបណ្តាញសង្គមធ្វីតធ័រដែរថា៖«លោកឯកអគ្គរដ្ឋទូត និងលោក កឹម សុខា ពិភាក្សាគ្នាលើបញ្ហាជាច្រើន ដោយក្នុងនោះ មានទាំងការពិភាក្សាគ្នាពីសារសំខាន់នៃលម្ហនយោបាយនិងពលរដ្ឋផងដែរ ដើម្បីពង្រឹងប្រព័ន្ធនយោបាយពហុនិយម»។ 
 
ជំនួបរវាងទូតនៃប្រទេសមហាអំណាចទាំង២ ជាមួយលោក កឹម សុខា កើតឡើងមុនការមកដល់នៃការប្រកាសសាលក្រមលើសំណុំរឿងរបស់មេដឹកនាំប្រឆាំងរូបនេះ។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ តុលាការភ្នំពេញ នឹងប្រកាសសាលក្រម ដែលកំណត់ថា លោក កឹម សុខា មានទោស ឬមិនមានទោស។ 

សំណុំរឿងដ៏ធំនេះ បានអូសបន្លាយអស់រយៈពេលជាង៥ឆ្នាំ និងឆ្លងកាត់ការជំនុំជម្រះអស់ជាង៦០លើក មុននឹងតុលាការ អាចឈានដល់ការកំណត់កាលបរិច្ឆេទសម្រាប់ប្រកាសសាលក្រម។ ដោយសារសំណុំរឿងនេះ លោក កឹម សុខា បានប្លោងចេញពីឆាកនយោបាយអស់រយៈពេលជាង៥ឆ្នាំមកហើយ។
 
លោក ត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧មក ពីបទស៊ុមគ្រលុំជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមរដ្ឋបរទេស ដែលត្រូវតុលាការកម្ពុជា សង្ស័យថា លោក កឹម សុខា លួចពឹងពាក់ ក៏មានអាម៉េរិកដែរ៕
 
 
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com