ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើឲ្យ ACU ស្រាវជ្រាវលើភាពមិនប្រក្រតីនៃប្លង់ដី និងផ្ទះ របស់ លោក គង់ គាំ
12, Jan 2023 , 11:19 am        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
 ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឲ្យពិនិត្យមើលភាពមិនប្រក្រតី លើកម្មសិទ្ធិកាន់កាប់ដីធ្លីនិងផ្ទះ របស់លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សភ្លើងទៀន។ សម្ដេច អះអាងថា គង់ គាំ រៀបចំឯកសារបន្លំកាន់កាប់ដីធ្លីនិងផ្ទះ។

 
ក្រោយព្រមានលោក គង់ គាំ ហើយ នៅថ្ងៃនេះ សម្ដេច ហ៊ុន សែន បន្តស្នើឲ្យ ACU ស្រាវជ្រាវលើ ប័ណ្ណកម្មសិទ្ធិដីនិងផ្ទះ របស់ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សភ្លើងទៀនរូបនេះ ដើម្បីស្វែងរកការពិត។ សម្ដេច ហ៊ុន សែន អះអាងថា ដីនិងផ្ទះ របស់លោក គង់ គាំ ជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ 
 
«ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ, នៅមុននេះបន្តិច ខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់…»។ នេះជាសំណេររបស់ នាយករដ្ឋមន្ត្រី ដែលបានសរសេរបង្ហោះលើទំព័រហ្វេសប៊ុក ហើយបានបញ្ជាក់ចំៗទៀតថា លោក គង់ គាំ ជាអ្នករៀបចំឯកសារបន្លំយកប័ណ្ណកម្មសិទ្ធិដីនិងផ្ទះ ខណៈដីនិងផ្ទះនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ 
 
សម្ដេច ហ៊ុន សែន ថា មិនឲ្យបាត់បង់ដីនិងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេសឡើយ គឺត្រូវប្រើគ្រប់មធ្យោបាយ និងនីតិវិធីច្បាប់ដើម្បីបានត្រឡប់ទៅវិញ។ 
 
ដើមឡើយ ក្រោយពីឆ្នាំ១៩៧៩ លោក គង់ គាំ បានចូលទៅស្នាក់នៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់តែជូនដំណឺងទៅសម្ដេច ហ៊ុន សែន តែប៉ុណ្ណោះ ដែលកាលនោះសម្ដេច​មានឋានៈជារដ្ឋមន្រ្តី។  គ្រានោះ សម្ដេច ក៏ពុំបានសម្ដេច ប្រគល់ដីនិងផ្ទះ ឲ្យលោក គង់ គាំ ដែរ។ សម្ដេចសរសេរបញ្ជាក់ទៅកាន់ គង់ គាំ កាលពីថ្ងៃទី១១មករា ហើយសង្កត់បន្ថែមយ៉ាងដូច្នេះ៖ «ខ្ញុំសូមដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ»។ 
 
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន ក៏បានផ្ញើសារទៅលោក គង់ គាំ ដែរ គឺព្រមាន ដាស់តឿនដដែលៗដល់ទៅ៣ដង យ៉ាងដូច្នេះថា៖«ខ្ញុំ សូមដាស់តឿន ដាស់តឿន ដាស់តឿន ជាការព្រមានបន្ថែម។ អ្នកឯងសាកមើល!។ ខ្ញុំ សូមព្រមានអ្នកឯង កុំឲ្យសោះ។ អ្នកឯង វាយប្រហារអីវាយទៅ។ អ្នកឯងអួត [ពី] អ្នកឯង [ទៅ]។ អ្នកឯង វាយគណបក្សប្រជាជន អ្នកឯងដឹងថា គេឈឺទេ»។ 
 
លើសពីនេះ សំណុំរឿងលោក គង់ គាំ កំពុងរងបណ្តឹងពីគណបក្សកាន់អំណាចផងដែរ  ដោយទារប្រាក់ពីលោកដល់ទៅកន្លះលានដុល្លារ។ ដើមចមនៃបណ្ដឹង និងការព្រមមានរបស់សម្ដេច កើតឡើងក្រោយអ្នកនយោបាយវ័យ៨១ឆ្នាំ រូបនេះ បានឡើងថ្លែងសុទ្ទរកថា រាលដាលដល់ប្រវត្តិសាស្រ្តអំពីថ្ងៃ៧មករា និងដើមកំណើតគណបក្សប្រជាជនកម្ពុជា។ ការថ្លែងនេះ ធ្វើឡើងនៅថ្ងៃទី៧ មករា ឆ្នាំ២០២៣ ដែលចំថ្ងៃរម្លឹកខួបទិវាជ័យជម្នះលើកទី៤៤ឆ្នាំ ក្នុងពិធីប្រកាសសុពលភាពក្រុមការងារគណបក្សភ្លើងទៀន នៅខេត្តត្បូងឃ្មុំ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com