ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល៖ ១០ឆ្នាំទៀត ខែ្សផ្លូវជាតិ ផ្លូវខេត្ត នឹងប្រែក្លាយជាផ្លូវបេតុងកៅស៊ូទាំងអស់
12, Jan 2023 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជា យ៉ាងយូរ ១០ឆ្នាំទៀត ខ្សែផ្លូវជាតិ-ផ្លូវខេត្ត នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ(AC)ទាំងអស់ ដែលមានទំហំផ្លូវយ៉ាងតិច ១២ម៉ែត្រ ឬ៤គន្លង។

 
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ក្រសួងខិតខំពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដូចជាគម្រោងសាងសង់ស្ពាន និងលើកកម្រិតគុណភាពផ្លូវជាច្រើនទៀត។ 
«ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង»។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ ក្នុងជំនួបអនុញ្ញាតឱ្យលោក ឆឹម ចំណាន ប្រធានសមាគម និងប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា នៅថ្ងៃទី១១មករា។ 
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសិក្សា និងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ហើយ។ គម្រោងផ្លូវល្បឿនលឿននេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយ ពេលដែលសម្តេចបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន។ លោកបន្ថែមថា គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត ពីភ្នំពេញ-សៀមរាប ក៏កំពុងសិក្សាផងដែរ។ 
 
សូមជម្រាបថា ចុងឆ្នាំ២០២២ ក្រសួងសាធារណការ បានបើកការដ្ឋានស្ថាបនាផ្លូវ-ស្ពានឡើងវិញជាច្រើនខ្សែ រួមមាន ផ្លូវជាតិលេខ៤១ មានប្រវែង ៩៥,២គីឡូ​ម៉ែត្រ ដែលនឹងចំណាយថវិកា ៦៧លានដុល្លារអាមេរិក។ ផ្លូវជាតិលេខ៣១ មានប្រវែង ៥៣,៥៣គីឡូម៉ែត្រ និងផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចំណាយថវិកា ១២១លានដុល្លារ។ សាងសង់ស្ពានឆ្លងទន្លេមេគង្គទៅខេត្តក្រចេះ និងផ្លូវតភ្ជាប់មួយចំនួនទៀត មានប្រវែងសរុបប្រមាណ ៣៣,៤៥គីឡូម៉ែត្រ ចំណាយថវិកា ប្រមាណ ១១៤លានដុល្លារអាមេរិក៕
 

Tag:
 ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com