កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានបាល់់់ទាត់បារាំង បង្ខំចិត្តចេញពីតំណែង ជុំវិញការពោលពាក្យមិនសមរម្យដាក់ Zidane
12, Jan 2023 , 4:49 pm        
រូបភាព
រូបភាព៖ Marca
រូបភាព៖ Marca
លោក ​Noel Le Graet បង្ខំឱ្យចុះចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំងង (FFF ) ក្រោយរងការរិះគន់ខ្លាំងៗពីសំណាក់អ្នកកីឡាបាល់ទាត់ល្បីៗ ជុំវិញពាក្យសម្តីរបស់លោកដែលមិនគោរព Zinedine Zidane និងករណីមួយចំនួនទៀត។ នេះបើតាមការប្រកាសរបស់ FFF នាថ្ងៃទី១១ ខែមករា។



ការសម្រេចចិត្តចុះចេញពីតំណែងរបស់លោក Le Graet នេះបានកើតឡើងភ្លាមៗ ក្រោយពេលដែល FFF បានបើកកិច្ចប្រជុំបន្ទាន់មួយក្នុងទីក្រុងប៉ារីស។ មិនត្រឹមតែករណីមិនគោរព Zidane អតីតប្រធាន FFF ដែលកាន់តំណែងរយៈពេល ១១ឆ្នាំ ក៏ត្រូវបានរដ្ឋាភិបាលបារាំងបើកការស៊ើបអង្កេតផងដែរទៅលើស្ថាប័នកីឡាបាល់ទាត់មួយនេះ។ 
 
«លោក Noel Le Graet បានយល់ព្រមជាមួយនឹងគណកម្មាធិការប្រតិបត្តិ FFF ដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ហើយលោកបានជ្រើសរើសការចុះចេញពីតំណែងប្រធានសហព័ន្ធ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FFF។
 
ជុំវិញរឿងរ៉ាវកំពុងក្តៅកគុកមួយនេះ ​លោក ​Le Graet ដែលមានតួនាទីជាប្រធាន FFF រហូតដល់ឆ្នាំ ២០២៤ ត្រូវបានបង្ខំចិត្តិលាលែងពីតំណែង ក្រោយពេលលោកបានប្រកាសបន្តកិច្ចសន្យាជាមួយគ្រូបង្វឹកបារាំងលោក Didier Deschamps ហើយបានលើកនិយាយមិនល្អពីលោក Zidane ថែមទៀត។
 
មុនសម្រេចបន្តជាមួយ Deschamps លោក Zidane ធ្លាប់ជាបេក្ខភាពដ៏គួរចាប់អារម្មណ៍ក្នុងការដឹកនាំក្រុមមាន់គកបារាំង។ លោក Le Graet វ័យ៨១ឆ្នាំ បាននិយាយប្រាប់វិទ្យុ RMC កាលពីសប្តាហ៍មុនថាលោកនឹងមិនហៅ Zidance ឱ្យមកដឹកនាំក្រុមជម្រើសជាតិនោះទេ ហើយមូលហេតុនេះហើយបានធ្វើឱ្យមានរឿងរ៉ាវចម្រូងចម្រាសជាច្រើនបានកើតឡើង។
 
ចំណែកលោក Deschamps ដែលបានដឹកនាំក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់ World Cup 2018 និងជួយបារាំងឡើងវគ្គផ្តាច់ព្រ័ត្រ ​UEFA Euro 2016 និង World Cup 2022 កាលពីសប្តាហ៍មុនបានបន្តកិច្ចសន្យាដឹកនាំក្រុមបារាំងរហូតដល់ឆ្នាំ ២០២៦។ បារាំងរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រដោយចាញ់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-២ ក្រោយប្រកួត ១២០នាទីស្មើ ៣-៣។ តែទោះជាយ៉ាងណាបើទោះបីត្រូវបានបន្តភារកិច្ចដឹកនាំក្រុមបារាំងក្តី លោក Deschamps ក៏បានរិះគន់ការលើកឡើងចំពោះអតីតមិត្តរួមបារាំង Zidane ពីសំណាក់លោក Le Graet ថាជាការនិយាយមិនសមរម្យផងដែរ។
 
មិនត្រឹមតែប៉ុណ្ណោះខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Kylian Mbappe ក៏បានរិះគន់ចំពោះការលើកឡើងមិនល្អពីសំណាក់លោក Le Graet លើការនិយាយមិនសមរម្យលើ Zidane ដែលជាវីរបុរសនៃបាល់ទាត់បារាំងមួយរូប។ 
 
​ក្រៅតែពីបញ្ហានៃភាពចម្រូងចម្រាសផ្ទៃក្នុងសហព័ន្ធលោក Le Graet ក៏ត្រូវបានចោទប្រកាន់លើរឿងរ៉ាវប៉ុនប៉ងបៀតបៀនផ្លូវភេទ និងប្រើអាកប្បកិរិយាមិនសមរម្យទៅលើបុគ្គលិកសហព័ន្ធជាស្ត្រីម្នាក់ផងដែរ ហើយរឿងរ៉ាវមួយនេះធ្លាប់បានកើតឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕
 
 
 
 
 

Tag:
 Zinedine Zidane
  Le Graet
© រក្សាសិទ្ធិដោយ thmeythmey.com