FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអាហ្សង់ទីន៖ ទ្វារបើកទទួល Messi ជានិច្ចសម្រាប់ World Cup ឆ្នាំ២០២៦
12, Jan 2023 , 5:59 pm        
រូបភាព
រូបភាព៖ FIFA World Cup
រូបភាព៖ FIFA World Cup
គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni  ផ្តាំផ្ញើរទៅកាន់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ថាក្រុមជម្រើសជាតិអាហ្សង់ទីននឹងបើកទ្វារស្វាគមន៍ទទួលរូបគេជានិច្ច ក្នុងព្រឹត្តិាការណ៍ FIFA ​World Cup ឆ្នាំ២០២៦។



លោក Scaloni បានដឹកនាំក្រុមអាហ្សង់ទីនដែលមាន Messi ជាប្រធានក្រុម ដណ្តើមបានជើងឯកកីឡាបាល់ទាត់ពិភពលោក ​World Cup នៅកាតា ក្រោយរង់ចាំអស់រយៈពេល ៣៦ឆ្នាំ ក្រោយឈ្នះបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។ 
 
ជំនួបដ៏ប្រផិតប្រផើយនៃវគ្គផ្តាច់ព្រ័ត្រនោះ Messi សមាជិកក្រុម PSG រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីលើបារាំង ២គ្រាប់ ក្នុងការប្រកួតរយៈពេល ១២០នាទីក្នុងលទ្ធផលស្មើ ៣-៣ ជាមួយបារាំង។ ទាំង២គ្រាប់ ក៏ជាគ្រាប់បាល់ទី៧ របស់ Messi នៅ World Cup។
 
និយាយប្រាប់វិទ្យុ Calvia នៅថ្ងៃទី១១​ ខែមករា គ្រូបង្វឹកក្រុមអាហ្សង់ទីនថា ប្រធានក្រុម Messi នៅតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការជួយក្រុមប្រកួតនៅ World Cup 2026 បន្តទៀត។
 
«ខ្ញុំគិតថា Messi អាចនឹងបន្តនៅ World Cup បន្ទាប់ទៀត វាអាស្រ័យលើចំណង់ចំណូលចិត្តរបស់គេថាតើរូបគេចង់បន្តឬក៏អត់ ហើយក៏ស្ថិតនៅលើអារម្មណ៍គេផ្ទាល់។ ទ្វារតែងតែបើកសម្រាប់ទទួល Messi ព្រោះថារូបគេរីករាយពេលនៅលើទីលានប្រកួត ហើយវានិងក្លាយជារឿងដ៏ល្អសម្រាប់យើង។»។ លោក Scaloni រៀបរាប់ដូច្នេះ។
 
វ័យ៣៥ឆ្នាំ Messi បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលបានឈ្នះពានរង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍ Golden Balls ចំនួន ២លើក ខណៈដែលរូបគេបានផ្តល់ការខិតខំ និងកម្លាំងចិត្តដល់ក្រុមអាហ្សង់ទីនទាំងមូល។ Messi បានលើកទឹកចិត្តទៅកាន់ក្រុមថាព្រឹត្តិការណ៍ World Cup 2022 ជាការប្រកួតចុងក្រោយសម្រាប់គេ ស្របពេល World Cup នៅកាតា ជាការបង្ហាញខ្លួនលើកទី ៥ របស់ខ្លួន។
 
ប្រសិនបើម្ចាស់ Ballon Do’r ៦សម័យ បន្តលេងនៅព្រឹត្តិការណ៍ World Cup 2026 សម្រាប់ក្រុមអាហ្សង់ទីននោះរូបគេនឹងឈានដល់វ័យ ៤០ឆ្នាំ ហើយនឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup លើកទី៦ របស់ខ្លួនដែលច្រើនជាងកីឡាករបាល់ទាត់ណាទាំងអស់ រួមទាំងក្នុងនាមជាក្រុមការពារតំណែងជើងឯកផងដែរ។
 
គួររំលឹកថាព្រឹត្តិការណ៍ World Cup 2026 គឺជាប្រកួតពានរង្វាន់បាល់ទាត់លើកដំបូងជាមួយកំណែងទម្រង់ប្រព័ន្ធការប្រកួតថ្មីដែលមានក្រុមចូលរួមឡើងដល់ ៤៨ក្រុមមកពីជុំវិញពិភពលោក ហើយដែលធ្វើឡើងនៅក្នុងប្រទេសចំនួន ៣​ រួមសហការគ្នាមាន អាម៉េរិក, ម៉ិកស៊ិក និងកាណាដា៕
 
 

Tag:
 Lionel Scaloni
  Lionel Messi
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com