ជាតិ
ឱកាសល្អ​សម្រាប់​អ្នកពូកែអា​នសៀវ​ភៅ​ ប្រជែង​​​«ជើង​ឯក​បំបែក​ជើងឯក» ដើម្បី​បានទ​ស្សកិច្ច​នៅ​ជប៉ុន​
13, Jan 2023 , 8:59 am        
រូបភាព
រូប​ផ្ដល់ឱ្យ
រូប​ផ្ដល់ឱ្យ
ភ្នំពេញ​៖ យុទ្ធនាការ​សៀវ​ភៅ​មួយ​ សហគមន៍​មួយ​ នឹង​ផ្ដល់​ឱកាស​​ដល់​បេក្ខ​ជន​ជាប់​ជយ​លាភី​លេខ១សម្រាប់​ការ​ប្រកួត​ប្រជែង​ “​ជើង​ឯក ​​បំបែក​ជើង​ឯង​”​ ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​។ នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​យុវ​ជន​ ដែល​ចូលចិត្ត​អាន​សៀវ​ភៅ​ ឱ្យ​មាន​ឱកាស​បាន​​​សិក្សា​ស្វែង​យល់​ពី​ប្រទេសជឿន​លឿន​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​ទៀត ក៏​ទុក​ជា​គំរូ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​​ផង​ដែរ​។



លោក សុខ ឡាក់ ប្រធាន​យុទ្ធនាការ សៀវ​ភៅ​មួយ សហគមន៍​មួយ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា មុន​ឈាន​ដល់​វគ្គ​ “​ជើង​ឯក​ បំបែក​ជើង​ឯង​” បេក្ខ​ជន​ត្រូវ​តែ​ជាប់​ជម្រើស​ប្រចាំ​ខេត្ត​ជា​មុន​សិន​។ លោក​ពន្យល់​ថា ការ​​ប្រឡង​ជ្រើស​រើ​ស​មាន​៣​វគ្គ​។ ​វគ្គ​ទី​១​ គឺ​ជា​ការ “​ប្រកួត​ប្រជែង​​អំណាន​ជា​សាធារណៈ​”។ ក្នុង​វគ្គ​ទី​១​នេះ ដំបូង​​ជ្រើស​រើស​បេក្ខ​ជន​ចំនួន​១០០​នាក់​ សម្រាប់​១​ខេត្ត​​។ ក្នុង​ចំណោម​១០​០​នាក់​នេះ ត្រូវ​ប្រកួត​​ជម្រុះ​យក​ត្រឹម​១០​នាក់​ ហើយ​នៅ​វគ្គ​ចុង​ក្រោយ​ ជម្រុះ​យក​តែ​១នាក់​ប៉ុណ្ណោះ​ សម្រាប់​បេក្ខជន​ប្រចាំ​ខេត្ត​។ 
 
សម្រាប់​​លក្ខខណ្ឌ​នៃ​​វគ្គ​ទី​១​ ហាក់​មាន​ភាព​ងាយ​ស្រួល​ ដោយ​បេក្ខ​ជន​គ្រាន់​តែ​​មាន​អាស័យដ្ឋាន ​​​នៅ​ក្នុង​ខេត្តដែល​ពួក​គេ​ដាក់​ពាក្យ​។ បេក្ខជន​ត្រូវ​តែ​អាន​សៀវ​ភៅ​ឱ្យ​ចប់​មួយ​ក្បាល​ រួច​សង្ខេបខ្លឹម​សារ​ក្នុង​សៀវ​ភៅ​នោះ​។ ត្រូវ​តែ​មាន​អាយុ​ចន្លោះ​ពី​១៥​-៣០​ឆ្នាំ​ ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ទាក់​ទង​នឹង​ការ​អាន។ បេក្ខ​ជន​ប្រចាំ​ខេត្ត​នីមួយ​ៗ​ ទាំង​២៥​ខេត្ត​ក្រុង​ នឹង​ត្រូវ​រង់​ចាំ​ទៅ​ប្រកួត​​កម្រិត​​ប្រទេស​ ដែល​ហៅ​ថា​ការ​ប្រកួត​ “​ជើង​ឯក បំបែក​ជើង​ឯក​”​។ 
  

លោក សុខ ឡាក់ ប្រធាន​យុទ្ធនាការ សៀវ​ភៅមួយ សហគមន៍មួយ
 
លោក សុខ ឡាក់ បញ្ជាក់​បន្ថែម​​៖«​​​យើង​ឱ្យ​គាត់​និយាយ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ក្នុង​ការ​អាន ដូច្នេះ​វគ្គ​ទី​១​នេះ អាច​​មាន​ឱកាស​ជាប់​ច្រើន​។ ​​តាម​ពិត​លក្ខខណ្ឌ​ដំបូង​បំផុត យើង​ព្យាយាម​ដាក់​ឱ្យ​​មាន​ភាព​ងាយ​ស្រួល​បន្តិច​ ដោយ​សារ​តែ​យើង​ចង់​ផ្ដល់​ឱ​កាស​ដល់​អ្នក​នៅ​ជន​បទ​ដាច់​ស្រយ៉ាល ពិសេស​អ្នក​ដែល​មិន​​បាន​ចូល​រៀន​​ក្នុង​សាលា ឬ​យុវជន​ដែល​ពុំ​សូវ​មាន​ឱកាស​បាន​សិក្សា​។ សំខាន់​គាត់​ជា​អ្នក​អាន​​សៀវ​ភៅ​ច្រើន​ និង​មាន​ចំណេះ​ដឹង​ទូទៅ​គួរ​សម​»។




 
​ដំណាក់​កាល​ទី​២ នឹង​មាន​ការ​ប្រកួត​ជម្រុះ​ ​បេក្ខជន​២៥​រូប​ មក​ពី​២៥​ខេត្ត​ក្រុង​។ វគ្គ​នេះ​តម្រូវ​ឱ្យ​​បេក្ខ​ជន​ឡើង​ទៅ​និយាយ​ជា​សាធារណៈ ​នៅ​ចំពោះមុខ​គណៈ​កម្មការ​ នៅ​ថ្ងៃ​ប្រារព្ធ​កម្ម​វិធី​។ ការ​ប្រកួត​នេះ​ មិន​តម្រូវ​ឱ្យ​ប្រាប់​ប្រធាន​បទ​មុន​ឡើយ​ មាន​ន័យ​ថា​ដល់​ពេល​ប្រកួត បេក្ខជន​នីមួយ​ៗ ត្រូវ​ចាប់​ឆ្នោត​​យក​ប្រធាន​បទ រួច​បក​ស្រាយ​​។ វគ្គ​នេះ​នឹង​ជម្រុះ​យក​តែ​១០​រូប​ប៉ុណ្ណោះ សម្រាប់​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ដែល​ជា​វគ្គ​ទី​៣​ បេក្ខ​ជនមាន​សមត្ថភាព​ ​តែ​មួយ​រូប​ប៉ុណ្ណោះ ដែល​មាន​ឱកាស​បាន​ទៅ​ទស្សនកិច្ច​នៅ​​ប្រទេស​ជប៉ុន​។
 
«ជើង​ឯក​សម្រាប់​ខេត្ត​នីមួយ​ៗ​ ​ទទួល​បានប្រាក់​ឧបត្ថម្ភ​ ៦០ម៉ឺនរៀល​​ សម្រាប់​អ្នក​លេខ​១។ លេខ​២ បាន​៣០​ម៉ឺន​រៀល​​ និង​លេខ​៣ ទទួល​បាន​​កាដូ​លើក​ទឹក​ចិត្ត​។ អ្នក​ឈ្នះ​ក្នុង​វគ្គ​ “​ជើង​ឯក​ បំបែក​ជើង​ឯក” យើង​មិន​ទាន់​បាន​កំណត់​ច្បាស់​លាស់​នៅ​ឡើយទេ​ ចំពោះ​រយៈ​ពេល​នៃ​ដំណើរ​ទស្សនកិច្ចទៅជប៉ុន​​​​។ ប៉ុន្តែ​ជា​ទូទៅ​មាន​រយៈ​ពេល​៣​ថ្ងៃ​ទៅ​១​សប្ដាហ៍»​។ នេះ​ជា​ការ​ពន្យល់​​បន្ថែម​របស់​​ប្រធាន​​​យុទ្ធនាការ សៀវ​ភៅ​មួយ សហគមន៍​មួយ។
  

 
ប្រធាន​យុទ្ធនាការ​ដដែល​បាន​​បញ្ជាក់​ថា ការ​ដែល​ជ្រើស​រើស​ជប៉ុន​ ជា​ប្រទេស​សម្រាប់​បេក្ខ​ជន​ជយលាភី​ ទៅ​ទស្សនកិច្ច​ ​ដោយ​សារ​គណៈ​គ្រប់​គ្រង​យុទ្ធនាការ​​មើល​ឃើញ​ថា ប្រទេស​នេះ​ជា​ប្រទេស​អភិវឌ្ឍន៍​ ជា​ប្រទេស​ដែ​ល​ឱ្យ​តម្លៃ​លើ​ការ​អាន​ ពិសេស​​​វប្បធម៌​នៃ​ការ​អាន​មាន​កម្រិត​ខ្ពស់​។ អ្វី​ដែល​ជា​គោល​បំណង​សំខាន់ យុទ្ធនាការ​ក៏​ចង់​ឱ្យ​យុវជន​ជាប់​ជយ​លាភី​ បាន​ឃើញពី​របៀបនៃ​ការ​​​​អភិវឌ្ឍ​ប្រទេស​ របស់​​ប្រទេស​ជឿន​លឿន​ដែរ​។
 
អ្នក​រៀប​ចំ​យុទ្ធនាការ សៀវ​ភៅមួយ សហគមន៍​មួយ​បន្ថែម​៖«អ្វី​ដែល​សំខាន់ បន្ទាប់​ពី​ទៅ​ទស្សនកិច្ច​ យើង​ចង់​ឱ្យ​យុវជន​នោះ ក្លាយ​ជា​គំរូ​ភាព​ដល់​យុវ​ជន​ក​ម្ពុជាជំនាន់​ក្រោយ។ នោះ​ក៏​ជា​ឱកាស​ឱ្យ​​គាត់​ អាច​នឹង​រៀប​ចំ​ផែន​ការ​ជីវិត​ ដើម្បី​ដាក់​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​នោះបាន​ដែរ​។ ប្រសិន​បើ​គាត់​ជា​អ្នកមាន​អាជីព​​ណាមួយ​ ​គាត់​អាច​គិត​គូ​រ​ពិចារណា​ ក្នុង​ការ​សហការណា​មួយ​​​ប្រទេស​នោះ​បាន​»។ 
 
សូម​បញ្ជាក់​ថា យុទ្ធនាការ សៀវ​ភៅ​មួយ សហគមន៍​មួយ​ ត្រូវ​បាន​បែង​ចែក​ការ​ប្រកួត​ប្រជែង​ជា​ភូមិ​ភាគ​ ដោយ​មាន​៦​ភូមិ​ភាគ​។ ភូមិភាគ​អាគ្នេយ៍ (កើត​​ឈាង​ត្បូង) មាន​ខេត្ត​ត្បូង​ឃ្មុំ ស្វាយរៀង​ ព្រៃវែង កំពង់​ចាម​។ ​ភូមិភាគ​ឧត្តរ(ជើង) មាន​ខេត្ត​ព្រះ​វិហារ ឧត្តរមាន​ជ័យ កំពង់​ធំ និង​ខេត្ត​សៀមរាប​។ ភូមិ​ភាគ​ពាយ័ព្យ (លិច​ឈាង​ជើង​) មាន​ខេត្ត​បន្ទាយ​មាន​ជ័យ​ ពោធិសាត់ ប៉ៃលិន បាត់​ដំបង​។ ភូមិភាគ​ទក្សិណ(ត្បូង​) រាជធានីភ្នំពេញ​ តាកែវ កំពង់​ឆ្នាំង​ កណ្ដាល​។ ភូមិភាគ​និរតី (ត្បូង​ឈាង​កើត​) កំពត កែប កោះកុង​ ព្រះ​សីហនុ។ ភូមិ​ភាគ​ឦសាន(ជើង​ឈាង​កើត) មណ្ឌល​គិរី​ រតនគិរី​ ស្ទឹង​ត្រែង និង​ក្រចេះ។


 
សូម​បញ្ជាក់​ថា យុទ្ធនាការ​សៀវ​ភៅ​មួយ​ សហគមន៍​មួយ​ នឹង​ប្រកាស​ជា​ផ្លូវ​ការ​ និង​ដាក់​ដំណើរ​ការ​ដំបូង​ នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ​ នៅ​បណ្ណាល័យ​កំពង់​ស្ពឺ​ នៅ​ថ្ងៃ​ទី​១៣​-១៥​ ខែ​មករា​ ឆ្នាំ​២០២៣ ក្រោម​ប្រធាន​បទ​ “​រួម​គ្នា​លើក​កម្ពស់​ការ​អាន​ នៅ​តាម​សហគមន៍​”។ 
 
​សម្រាប់​ការ​ប្រកួត​ប្រជែង​​នៅ​តាម​ភូមិ​ភាគ​ យុទ្ធនាការ​នឹង​ប្រកាសកាល​​បរិច្ឆេទ​ពេល​ក្រោយ​។ ដោយ​ឡែក​សម្រាប់​ខេត្ត​កំពង់​ស្ពឺ ការ​ដាក់​ពាក្យ​ប្រកួត​បាន​ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី​៨ ខែ​មក​រា ឆ្នាំ​២០២៣ រួច​ទៅ​ហើយ​៕
 

Tag:
 អក្សរ​សាស្ត្រ​
  អក្សរ​សិល្ប៍​
  សិល្បៈ​
  អប់រំ​
  ការ​ប្រកួត​
 
© រក្សាសិទ្ធិដោយ thmeythmey.com