កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ចោទម្ចាស់ផ្ទះកម្ពុជា​​កម្រិតកីឡាមួយចំនួន​នៅ​ស៊ីហ្គេម​ ២០២៣
12, Jan 2023 , 9:59 pm        
រូបភាព
លោក Abraham Tolentino ប្រធានគណកម្មការអូឡាពិកហ្វីលីពីន
លោក Abraham Tolentino ប្រធានគណកម្មការអូឡាពិកហ្វីលីពីន
លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) បានបង្ហាញការមិនពេញចិត្តមកលើម្ចាស់ផ្ទះកម្ពុជា ចំពោះការដាក់កំហិត និងមិនបញ្ចូលប្រភេទកីឡាមួយចំនួន នៅស៊ីហ្គេមឆ្នាំ២០២៣។ POC ថាប្រភេទកីឡាទាំងនេះ ហ្វីលីពីនធ្លាប់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍មុនៗ។



POC បានដាក់គោលគដៅឆ្ពោះទៅដណ្តើមចំណាត់ថ្នាក់កំពូលទាំង ៤ នៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែ ក្រោយម្ចាស់ផ្ទះកម្ពុជា ប្រកាសប្រភេទកីឡា និងវិញ្ជាសាសម្រាប់ដំណើរការប្រកួត ភាគីហ្វីលីពីន មិនសប្បាយចិត្តនោះឡើយ។
 
តាមរយៈការផ្សាយរបស់កាសែត Rappler ប្រធាន POC បង្ហាញក្តីបារម្ភ និងមិនពេញចិត្ត ក្រោយកីឡាកាយវប្បកម្មត្រូវបានដកចេញពីស៊ីហ្គេមនៅភ្នំពេញ ខណៈដែល Muay thai ត្រូវបានបញ្ចូលគ្នាជាមួយគុនខ្មែរ ដែលជាក្បាច់គុនរបស់កម្ពុជា។ កីឡាទាំងពីរនេះ សុទ្ធតែហ្វីលីពីនធ្លាប់ដណ្តើមបានមេដាយមាសនៅស៊ីហ្គេមឆ្នាំ២០១៩ និង២០២១ នៅវៀតណាម។
មួយវិញទៀត លោក​ Tolentino ថាកម្ពុជាកំហិតលើប្រភេទកីឡាមួយចំនួនទៀតដូចជាកីឡាការ៉ាតេ ទូកកាណូ-កាយ៉ាក់ និងកីឡាអេឡិចត្រូនិកផងដែរ។ 
 
«កីឡាការ៉ាតេ មានតែម្ចាស់ផ្ទះប៉ុណ្ណោះអាចប្រកួតប្រជែងទាំង១៥វិញ្ញាសា ខណៈប្រទេសចូលរួមអាចរើសបានតែ១០វិញ្ញាសា ប៉ុណ្ណោះក្នុងចំណោម១៥វិញ្ញាសា។ កីឡាទូកកាណូ-កាយ៉ាក់ និងកីឡាអេឡិចត្រូនិក ប្រទេសចូលរួមអាចរើសបានតែ ៧វិញ្ញាសាប៉ុណ្ណោះ ប៉ុន្តែម្ចាស់ផ្ទះអាចលេងបានទាំង ១០ វិញ្ញាសា»។ នេះជាការលើកឡើងរបស់ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន។
 
ទោះមានការដាក់កំហិតដូចខ្លួនលើកឡើងក្តី ប៉ុន្តែលោក Tolentino នៅតែជឿជាក់លើអត្តពលិកហ្វីលីពីន នឹងទទួលបានលទ្ធផលផ្លែផ្កា នាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជារៀបចំលើកដំបូងនេះ៕
 
 
 
 

Tag:
 ស៊ីហ្គេម
  ហ្វីលីពីន
  Abraham Tolentino
© រក្សាសិទ្ធិដោយ thmeythmey.com