កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រដាល់សកល៖ កីឡាករ ពេញ វណ្ណថង សង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ នៅស៊ីហ្គេម២០២៣ ព្រោះបុកហាត់ខ្លាំង
12, Jan 2023 , 6:47 pm        
រូបភាព
កីឡាករពេញ វណ្ណថង(ខោក្រហម) ហាត់សមជាមួយកីឡាករ ហ៊ុន គឹមហ៊ាង។
កីឡាករពេញ វណ្ណថង(ខោក្រហម) ហាត់សមជាមួយកីឡាករ ហ៊ុន គឹមហ៊ាង។
ដោយ:
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ពេញ វណ្ណថង សង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងអាចនាំយកលទ្ធផលល្អជូនជាតិបានក្នុងឆ្នាំ២០២៣ខាងមុខ ដ្បិតការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ជាលើកដំបូងសម្រាប់ខ្លួនក៏ពិតមែន។ ជាមួយក្តីសង្ឃឹម វណ្ណថង បុកហ្វឹកហាត់ខ្លាំង ជាពិសេសគឺការគោរពវិន័យតាមគោលការណ៍របស់គ្រូបង្វឹក និងការគោរពវិន័យខ្លួនឯង។




ម្ចាស់មេដាយមាសប្រដាល់សកលពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣ លើប្រភេទទម្ងន់៦៧គីឡូក្រាម ម្ចាស់មេដាយមាសពីព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងម្ចាស់មេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍ជើងឯកអាស៊ីនៅប្រទេសកាហ្សាក់ស្ថាន កីឡាករ ពេញ វណ្ណថង ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីលានហ្វឹកហាត់កីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ថា ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ ខ្លួននឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អ។

កីឡាករ ពេញ វណ្ណថង និយាយថា៖«ខ្ញុំសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ដោយសារខ្ញុំហ្វឹកហាត់ខ្លាំង។ ខ្ញុំត្រៀមខ្លួនរួចហើយសម្រាប់ស៊ីហ្គេម២០២៣នេះ»។ ជាមួយនឹងការហ្វឹកហាត់ខ្លាំងនោះដែរ អ្នកប្រដាល់ទម្ងន់មធ្យមរូបនេះបន្តថា ខ្លួនក៏មានការលំបាកខ្លាំងដែរ។

វណ្ណថង បន្ថែមថា៖«ពិបាកខ្លាំង ដោយសារខ្ញុំដេកមិនបានគ្រប់គ្រាន់ ឈឺកាយសម្បទាច្រើន ព្រោះសមគ្នារាល់ថ្ងៃ»។ យ៉ាងណាការលំបាកទាំងនេះមិនមែនជាបញ្ហាសម្រាប់ ពេញ វណ្ណថង នោះទេព្រោះគេគិតថាកម្លាំងរបស់គេគឺសមល្មមអាចប្រជែងមេដាយបាននាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានេះ។

ចំពោះការប្រយុទ្ធរបស់កីឡាករ ពេញ វណ្ណថង ថាគូប្រកួតដែលជួបជាមួយខ្លួនមិនងាយចាប់ចំនុចខ្សោយរបស់ខ្លួនបានឡើយ ព្រោះការវាយចេញរបស់ខ្លួនលឿន និងមានភាពរហ័សរហួន ព្រោះកណ្តាប់ដៃរបស់ខ្លួនធ្ងន់។ ពេញ វណ្ណថង បន្ថែមថា៖«កម្លាំងខ្ញុំគ្រប់គ្រាន់ហើយ ទាំងការស្នាក់នៅ និងការហូបចុក គឺគ្រាប់គ្រាន់។ សម្រាប់ខ្ញុំវាយ៣ទឹកគ្មានបញ្ហា ខ្ញុំអាចវាយបាន៦ទឹកពេញទៀតបាន»៕

Tag:
 កីឡាប្រដាល់សកល
 ពេញ វណ្ណថង
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com