ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ និងភរិយា ប្រគល់ដី និងផ្ទះ ជូនរដ្ឋវិញ, សម្តេច ហ៊ុន សែន សម្រេចមិនបន្តប្តឹង
13, Jan 2023 , 8:44 am        
រូបភាព
លោក គង់ គាំ និងលោកស្រី សៀក អយ ដែលជាភរិយា។ រូបថត Kong Monika
លោក គង់ គាំ និងលោកស្រី សៀក អយ ដែលជាភរិយា។ រូបថត Kong Monika
ដោយ: រួបរួម
ករណីដីទំហំ៥២៩០ម៉ែត្រការ៉េ និងផ្ទះ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេសាក់ ដែលលោក គង់ គាំ និងលោកស្រី សៀក អយ ទទួលបានវិញ្ញាបនត្រសម្គាល់កម្មសិទ្ធិ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ឈានដល់ចំណុចព្រមព្រៀងគ្នាហើយ។ ក្នុងលិខិតផ្ញើទៅកាន់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក គង់ គាំ និងភរិយា បញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រគល់អចនវត្ថុជូនរដ្ឋវិញ។ ភ្លាមៗ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តបញ្ចប់រឿង ដោយមិនបន្តប្តឹងផ្តល់ទៀតនោះឡើយ។


 
«ដោយរូបខ្ញុំបាទ មានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀតដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយខាតពេលវេលាក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់ផ្ទះ និងដីលេខ៧១នេះ ដោយស្ម័គ្រចិត្តជូនរដ្ឋវិញ»។ លោក គង់ គាំ បញ្ជាក់យ៉ាងដូច្នេះទៅកាន់លោក ឱម យ៉ិនទៀង។
 
ក្នុងលិខិតចុះថ្ងៃទី១២ ខែមករា ដដែល អតីតរដ្ឋមន្ត្រីការបរទេស ហើយបច្ចុប្បន្នជាទីប្រឹក្សាគណបក្សភ្លើងទៀន បានបញ្ជាក់អំពីការសម្រេចចិត្តរបស់ខ្លួន និងភរិយា ដោយគ្មានការកែប្រែ ហើយលោកក៏បានអរគុណអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋាភិបាល ជាពិសេសសម្តេច ហ៊ុន សែន ដែលបានអនុគ្រោះដល់ការឆ្គាំឆ្គងរបស់ខ្លួន។
 
 
«កុំឲ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេគឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ»។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាយប់ថ្ងៃទី១២ ខែមករា។
 
សម្តេចបានលើកឡើងថា មុនឈានដល់ការសម្រេចផ្តិតមេដៃប្រគល់ផ្ទះ និងដីជូនរដ្ឋវិញ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការជាមួយលោក គង់ គាំ និងក្រុមគ្រួសារអស់រយៈពេល៣ម៉ោងកន្លះ៕ 
 

Tag:
 គង់ គាំ
© រក្សាសិទ្ធិដោយ thmeythmey.com