ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទូតខ្មែរប្រចាំអូស្ត្រាលី លោក ចាន់ រតនា ៖«មោទកភាពធំមួយ គឺខ្ញុំជួយប្តូរផ្នត់គំនិតពលរដ្ឋខ្មែរចំពោះស្ថានទូត»
13, Jan 2023 , 10:10 am        
រូបភាព
លោក ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ រូបភាព៖ សៅ ផលនិស្ស័យ។
លោក ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ រូបភាព៖ សៅ ផលនិស្ស័យ។
កង់បេរ៉ា៖ នៅលើទឹកដីបរទេស ស្ថានទូតមានតួនាទីចម្បងក្នុងការជួយទ្រទ្រង់ និងទំនុកបម្រុងដល់ពលរដ្ឋដែលជួបបញ្ហាប្រឈម និងត្រូវការជំនួយ ប្រៀបដូចទៅនឹងម្តាយឪពុកដែលតែងឱបក្រសោប និងថែទាំងកូនៗដូច្នេះដែរ។ កង្វះភាពជិតស្និទ្ធ និងការប្រាស្រ័យទាក់ទងគ្នាផងនោះ បានក្លាយមូលហេតុដែលធ្វើឱ្យសហគមន៍ខ្មែរនៅអូស្ត្រាលី និងស្ថានទូតខ្មែរហាក់ស្ថិតនៅឆ្ងាយពីគ្នា។ យ៉ាងណាមិញ ឯកអគ្គរាជទូតកម្ពុជាជិតផុតអាណត្តិលោក  ចាន់ រតនា បានលើកឡើងថា ដោយសារការប្រឹងប្រែងពីសំណាក់ស្ថានទូតក្នុងការពង្រឹងសាមគ្គីភាព និងទំនាក់ទំនង ជាពិសេសការផ្តល់សេវាផ្នែកកុងស៊ុល បានជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់សហគមន៍ខ្មែរអូស្ត្រាលីចំពោះស្ថានទូតផងដែរ។

 
សូមស្តាប់បទសម្ភាសរបស់អ្នកសារព័ត៌មានថ្មីៗ លោក សៅ ផលនិស្ស័យ ជាមួយលោក ចាន់ រតនា ដូចខាងក្រោម៖



 
ខែវិច្ឆិកាឆ្នាំ ២០១៩ ជាពេលវេលាដែលលោក ចាន់ រតនា ចាប់ផ្តើមបេសកកម្មការទូតរបស់ខ្លួននៅរាជធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី ក្នុងនាមជាឯកអគ្គរាជទូតខ្មែរប្រចាំអូស្រ្តាលី និងនូវែលសេឡង់។ ប៉ុន្តែ ពេលវេលានៃការបំពេញកិច្ចការងារការទូតរបស់លោកត្រូវប្រឈមកាលៈទេសៈលំបាកច្រើន។ លំបាកត្រង់ថា នាពេលនោះ អូស្ត្រាលីត្រូវជួបប្រទះនឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃទ្រង់ទ្រាយធំផង ការធ្លាក់ព្រិលដ៏កម្រដែលបង្កការខូចខាតធ្ងន់ធ្ងរផង និងបន្តជួបជំងឺឆ្លងរាតត្បាតសាកលកូវីដ ១៩ ថែមទៀត ដែលវាទាមទារឱ្យស្ថានទូតពង្រឹងតួនាទី បង្កើនសមត្ថភាព ឱ្យកាន់តែសកម្មដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្ត្រីទូតជិតផុតអាណត្តិលោក  រតនា  រៀបរាប់ពីពិសោធន៍របស់ខ្លួនដូច្នេះ៖ «ក្នុងរយៈពេលបីឆ្នាំនេះ យើងមានបទពិសោធច្រើនពាក់ព័ន្ធនឹងបញ្ហាដែលកើតនៅអូស្ត្រាលីក្តី និងពិភពលោកក្តី។ ខ្ញុំនៅចាំ ខ្ញុំមកដល់ទីនេះនៅថ្ងៃ ២៨ ខែវិច្ឆិកាឆ្នាំ ២០១៩។ ក្នុងពេលពីរសប្តាហ៍ក្រោយមក វាមានភ្លើងឆេះព្រៃកើតឡើង។  តាមពិតនៅទីនេះ វាមានភ្លើងឆេះព្រៃរៀងរាល់ឆ្នាំ  ប៉ុន្តែឆ្នាំ២០១៩ គឺជាឆ្នាំមួយដែលភ្លើងឆេះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ»។ 
 
លោក រតនា រៀបរាប់បន្តថា មកដល់ដើមឆ្នាំ ២០២០ ករណីគ្រោះធម្មជាតិធ្លាក់ដុំព្រិលដ៏កម្រមួយកើតមានឡើងទៀតដែលវាបណ្តាលឱ្យរថយន្ត ក៏ដូចជាផ្ទះសម្បែងពលរដ្ឋមួយចំនួនត្រូវរងការបំផ្លិចបំផ្លាញ។ ចូលមកដល់ចូលមកដល់ខែ មីនា ជំងឺឆ្លងកូវីដ ១៩ ក៏ចាប់ផ្តើមរាលដាលពាសពេញពិភពលោករួមទាំងអូស្ត្រាលីផងដែរ ដែលវាពេលវេលាសាកល្បងសមត្ថភាពធំបំផុតមួយសម្រាប់ស្ថានទូតខ្មែរដែលមានតួនាទីជួយដោះស្រាយបញ្ហា និងទ្រទ្រង់ប្រជាពលរដ្ឋគ្រប់។
 
«ក្នុងកាលៈទេសៈបែបនោះ ស្ថានទូតយើងមមាញឹក ដោយសារប្រជាជនយើងភាគច្រើនដែលមកលេងមានការជាប់គាំង ទៅមុខ ឬថយក្រោយមិនរួច។ តាមរដ្ឋនីមួយៗមានការបិទព្រំដែន មិនឱ្យជួបជុំគ្នា»។ មន្ត្រីទូតរូបនេះរៀបរាប់ដូច្នេះ។  
 
«ស្ថានទូតនេះហើយជាអាណាព្យាបាល និងជាអ្នកមើលការខុសត្រូវដល់ពលរដ្ឋយើង នៅពេលដែលពលរដ្ឋយើងមានគ្រោះអាសន្នអន់ក្រកើតឡើង។ ការមើលថែ និងមើលការខុសត្រូវពលរដ្ឋយើង ជាកាតព្វកិច្ចរបស់យើង។ ពេលនោះហើយ យើងឃើញពលរដ្ឋយើង ទូរសព្ទគ្រប់ពេលវេលាមកសុំឱ្យស្ថានទូតយើងជួយអន្តរាគមន៍ ពេលគាត់ជាប់នៅព្រលានយន្តហោះ ឬត្រូវឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ»។ 
 
«ប្រមូលការគោរពស្រលាញ់ពីពលរដ្ឋខ្មែរ...»
 
ក្នុងបទសម្ភាសនេះដែរ លោក រតនា បានបញ្ជាក់ថា នៅពេលបច្ចុប្បន្នប្រជាជនខ្មែរប្រមាណ ១០ ម៉ឺននាក់កំពុងរស់នៅទឹកដីអូស្ត្រាលី ដោយផ្អែកលើតួលេខនៃជំរឿនចុងឆ្នាំ២០២០។ ចំណែកពលរដ្ឋខ្មែរដែលរស់នៅទឹកដីនូវែលសេឡង់មានប្រហែលត្រឹមជាង ១ម៉ឺននាក់ប៉ុណ្ណោះ។ 
 
«មួយចំនួនធំគាត់មកទីនេះតាមជំរំជនភៀសខ្លួន កាលពីសម័យខ្មែរក្រហម។ ពួកគាត់មួយចំនួនទៀតគាត់មកតាមក្រុមគ្រួសារដែលធានាមក។ ខ្លះទៀតគាត់កើតនៅទីនេះ»។ នេះជាការលើកឡើងរបស់លោក រតនា។
 
ដោយសារមើលឃើញសហគមន៍ខ្មែរនៅអូស្ត្រាលីមានទំហំធំ ការលើកស្ទួយសាមគ្គីភាព និងកសាងទំនាក់ទំនងល្អក្នុងនាមជាគ្រួសារតែមួយ ជាកិច្ចការចម្បងមួយស្ថិតក្នុងចំណោមកិច្ចការសំខាន់ៗ ផ្សេងទៀតដែល ឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលីរូបនេះប្រែងប្រែងសម្រេចឱ្យបាន។ ម្យ៉ាងវិញទៀត បញ្ហាចម្បង ពេលទើបមកដល់អូស្ត្រាលីដើម្បីបំពេញការងារជាឯកអគ្គរាជទូតក្នុងឆ្នាំ២០១៩ មន្ត្រីទូតរូបនេះបានសង្កេតឃើញថា សហគមន៍ខ្មែរហាក់នៅមានផ្នត់គំនិតអវិជ្ជមាននៅឡើយចំពោះស្ថានទូតនៅឡើយ។ 
 
«ពេលដែល ខ្ញុំមកដល់ដំបូង បងប្អូនយើងតែប្រារព្ធពិធីឆ្លងឆ្នាំនៅសួនក្នុងក្រុង។ ខ្ញុំក៏បានឆ្លៀតទៅចូលរួមដើម្បីណែនាំខ្លួនដើម្បីឱ្យបងប្អូនខ្មែរយើងបានស្គាល់ផង។ ពេលទៅដល់ អ្វីដែលខ្ញុំចាប់អារម្មណ៍ ខ្ញុំឃើញថា បងប្អូនយើងឃើញស្ថានទូតយើង ដូចជាគិតថា ជាសត្រូវមួយ។ ពួកគាត់ ហាក់បី មុខមិនឱ្យ ក្រោយមិនមើល។ គាត់ធ្វើហាក់សោះអង្គើយ ប្រៀបដូចជាយើងមានបញ្ហាអ្វីជាមួយគាត់»។ លោក រតនា រៀបរាប់ឱ្យដឹងដូច្នេះ ហើយរៀបរាប់បន្តថា ស្ថានភាពនេះរឹតតែជំរុញឱ្យស្ថានទូតប្រឹងប្រែងធ្វើបែបម៉េចបង្កើតភាពជិតស្និទ្ធ និងផ្តល់ភាពកក់ក្តៅដល់បងប្អូនពលរដ្ឋខ្មែរទាំងអស់តាមរយៈការផ្តល់សេវាដែលមានគុណភាព។
 
ពេលសាកសួរពីសមិទ្ធផលអ្វីដែលធ្វើឱ្យលោកមានមោទកភាពបំផុតក្នុងតួនាទីជាឯកអគ្គរាជទូតរយៈពេលបីឆ្នាំមកនេះ លោក រតនា បានឆ្លើយតបដោយមិនមានស្ទាក់ស្ទើរថា ការរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានដែលសហគមន៍ខ្មែរធ្លាប់មានចំពោះស្ថានទូតជាចំណុចសំខាន់មួយ។ នេះហើយ ជាចំណុចសំខាន់មួយដែលអាចជួយបើកផ្លូវឱ្យស្ថានទូតទទួលបានការគោរស្រលាញ់ពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដែលរស់នៅលើទឹកដីអូស្រ្តាលី និងនូវែលសេឡង់  ហើយក៏អាចធានាបាននូវសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងចំណោមពលរដ្ឋខ្មែរនៅប្រទេសទាំងពីរនេះដែរ។
 
លោកសង្កត់ធ្ងន់បែបនេះ៖ «ក្នុងបេសកកម្មបីឆ្នាំមកនេះ ចំណុចមួយដែលធ្វើឱ្យខ្ញុំមានមោទកភាពបំផុត គឺខ្ញុំបានប្តូរផ្នត់គំនិតពលរដ្ឋយើងចំពោះស្ថានទូត។ ឥឡូវពួកគាត់ផ្លាស់ប្តូរឥរិយាបថចំពោះស្ថានទូតយើងច្រើន។ ក្រោយពីយើងផ្តល់សេវាកុងស៊ុលបានល្អប្រសើរ ឆាប់រហ័ស និងមិនគិតកម្រៃ។ ពលរដ្ឋយើងត្រូវការពេលស្មើណាក៏បាន ទោះក្រៅម៉ោងធ្វើការក៏ដោយ។ យើងយល់ពីភាពចាំបាច់ និងភាពលំបាករបស់គាត់។ គាត់ទាក់ទងមកស្មើបាន ក៏យើងឆ្លើយ និងផ្តល់ព័ត៌មានជូនគាត់។ ដោយសារអ្វីដែលយើងនេះហើយ ទើបយើងអាចប្រមូលផ្តុំបេះដូងនិងការស្រលាញ់ពីពលរដ្ឋយើងមកលើស្ថានទូតយើងវិញ»។ 
 
«តាមពិតទៅ អ្វីដែលខ្ញុំបោះជំហាននៅទីនេះ គឺខ្ញុំពឹងផ្អែកលើអភិក្រមពីរ។ ទីមួយ បើចង់ឱ្យគេស្រលាញ់យើង យើងត្រូវស្រលាញ់។ ចំពោះទីពីរ បើយើងចង់ឱ្យគេគោរពយើង យើងត្រូវគោរពគេមុន។ បើយើងគោរពគេហើយ មិនយូរមិនឆាប់គេនឹងគោរពយើង។ អ្វីដែលខ្ញុំបានធ្វើ គឺខ្ញុំសង្កេតឃើញថា វាមានផ្លែផ្កា។ មិនមែនយើងធ្វើល្អចង់បានផលតបស្នងត្រឡប់មកវិញទេ។ គេតប ឬមិនតបគឺជារឿងរបស់គេ។ ប៉ុន្តែពេលយើងបានធ្វើល្អជួយពលរដ្ឋយើង យើងស្ងប់ចិត្ត ហើយខ្ញុំធ្លាប់គិតទុកក្នុងចិត្តដែរថា បើសិនជាមានឱកាស ខ្ញុំនឹងប្រឹងធ្វើការដើម្បីបម្រើពលរដ្ឋខ្ញុំឱ្យអស់ពីលទ្ធភាព»។ 
 
ស្តាយដែលមិនទាន់រុញចំណងទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីឱ្យដល់កម្រិតយុទ្ធសាស្ត្រ
 
ងាកទៅផ្តោតលើចំណងការទូតទ្វេភាគីរវាងកម្ពុជា ជាមួយអូស្ត្រាលី ក៏ដូចជា នូវែលសេឡង់វិញ។ ក្នុងបទសម្ភាសដដែលនេះ ឯកអគ្គរាជទូតកម្ពុជារូបនេះបានកត់សម្គាល់ពីមានការរីកចម្រើនក្នុងទំនាក់ទំនងទ្វេភគាគីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
«ចំណុចដែលធ្វើខ្ញុំមានមោទកភាពមួយទៀតដែរ គឺទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាជាមួយអូស្ត្រាលី និងនូវែលសេឡង់។ ខ្ញុំឃើញមានការការផ្លាស់ប្តូរមុខមាត់ថ្មីច្រើន។ យើងឃើញស្រាប់ ជំនួយរបស់គាត់  [អូស្ត្រាលី] មានការកើនឡើង។ ដូចឃើញស្រាប់ រដ្ឋមន្ត្រីការបរទេសបានជួបថ្នាក់ដឹកនាំយើងជាបន្តបន្ទាប់។ ចំណែកនាយករដ្ឋមន្ត្រីថ្មីក៏បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រីយើង»។ លោក ចាន់ រតនា ពន្យល់បែបនេះ។ 
 
ថ្វីបើទំនាក់ទំនងទ្វេភាគីមានភាពរីកចម្រើនគួរឱ្យសាទរក៏ដោយ សម្រាប់លោក រតនា ចំណុចមួយដែលធ្វើឱ្យលោកសោកស្តាយក្នុងពេលបំពេញបេសកកម្មបីឆ្នាំមកនេះគឺ មិនទាន់មានលទ្ធភាពលើកទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជាឱ្យដល់កម្រិតយុទ្ធសាស្ត្រ។
 
«ដោយសារបេសកកម្មវាមានកំណត់ វាជាក្រឹត្យក្រម។ ប៉ុន្តែ អ្វីដែលសោកស្តាយ គឺចង់រុញទំនាក់ទំនងទ្វេភាគីកម្ពុជា អូស្ត្រាលីនេះឱ្យឡើងដល់កម្រិតមួយទៀត បានន័យថា ឡើងដល់កម្រិតដៃគូយុទ្ធសាស្ត្រ។ ឬអាចឈានដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងម៉េចដើម្បីឱ្យអូស្ត្រាលីផ្តោតការយកចិត្តទុកដាក់លើយើងខ្លាំងជាមុនទៀត។ នេះជាគោលដៅរបស់ខ្ញុំ»។ នេះជាការរៀបរាប់របស់លោក ចាន់ រតនា។
 
សម្រាប់មន្ត្រីទូតកម្ពុជារូបនេះ ការឈានទៅបង្កើតឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងអូស្ត្រាលី ក៏ជាអ្វីដែលយើងចង់ឃើញនៅពេលខាងមុខផងដែរ។ 
 
តាមពិតទៅ អូស្រ្តាលី និងកម្ពុជា បង្កើតចំណងការទូតជាផ្លូវការនៅក្នុងឆ្នាំ ១៩៥២ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ពេលកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលចន្លោះពីឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៨០។ ចាប់តាំងពីសា្ថរទំនាក់ទំនងឡើងវិញក្នុងឆ្នាំ ១៩៩១ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីនេះរវាងប្រទេសទាំងពីរក៏បន្តរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ ដោយមានការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាញឹកញាប់ផងដែរ។ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ២០២២ កន្លងទៅ៕

© រក្សាសិទ្ធិដោយ thmeythmey.com