ជាតិ
កម្ពុជា រៀបចំការហ្វឹកហ្វឺនដល់មន្ត្រីជំនាញអ៊ុយក្រែន ក្នុងការដោះមីន
13, Jan 2023 , 11:59 am        
រូបភាព
លោក ហេង រតនា នាយកមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា
លោក ហេង រតនា នាយកមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា
កម្ពុជា រៀបចំការហ្វឹកហ្វឺនដល់មន្ត្រីជំនាញសកម្មភាពមីន នៃអង្គភាពផ្ដល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ន នៃប្រទេសអ៊ុយក្រែន (State of Emergency Service of Ukraine) ដែលហៅកាត់ថា SESU ដើម្បីបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដោយសារសង្គ្រាម។



បើតាមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ការហ្វឹកហ្វឺនដល់មន្ត្រីជំនាញអ៊ុយក្រែន ត្រូវចាប់ផ្ដើមនៅក្នុងខែមករានេះ លើការប្រើប្រាស់សម្ភារ បច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន។
 
ចំពោះការហ្វឹកហ្វឹនដល់មន្ត្រីជំនាញអ៊ុយក្រែន ក្នុងការបោសសម្អាតមីននេះ ក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន។ កិច្ចសហការជួយផ្ដល់ជំនាញកម្ចាត់មីន ក្នុងប្រទេសអ៊ុយក្រែននេះ កើតចេញពីកិច្ចពិភាក្សាគ្នារវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ក្នុងកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធ លើកទី៤០-៤១ នៅរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២។
 
«ផ្អែកលើបទពិសោធន៍ដែលកម្ពុជាឆ្លងកាត់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្ស និងដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមប្រកបដោយជោគជ័យ តាមរយៈការអនុវត្តសកម្មភាពកម្ចាត់មីនមនុស្សធម៌ តាំងពីឆ្នាំ១៩៩២មក រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈក្នុងការជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ ជូនប្រជាជនអ៊ុយក្រែន»។ នេះបើតាមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា នៅថ្ងៃទី១៣ មករា។ 
 
បញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងប្រទេសអ៊ុយក្រែន កំពុងបង្កការគំរាមកំហែង និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនស៊ីវិល ក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ។
 
ត្រង់ចំណុចនេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា យល់ឃើញថា កិច្ចការបោសសម្អាតមីន និងយុទ្ធភណ្ឌសង្គ្រាមនេះ ជាកិច្ចការចាំបាច់ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់ដំណើការស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ និងដីសម្រាប់ធ្វើកសិកម្ម ។ ជាពិសេសកសាងទំនុកចិត្តដល់ប្រជាពលរដ្ឋអ៊ុយក្រែន លើសុខសុវត្ថិភាព និងស្ដារជីវភាពរស់នៅឡើងវិញ ប៉ុន្តែត្រូវការពេលវេលា និងភាពអត់ធ្មត់។ 
 
កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានប្រកាសពីភាពជោគជ័យមួយដំណាក់កាល ក្នុងការរំដោះខេត្តចំនួន៩ ឱ្យអស់គ្រាប់មីនហើយ ដោយបានកម្ទេចចោលគ្រាប់មីន និងគ្រាប់មីនមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ៦១ ៤៧៧គ្រាប់។ ខេត្តកែប កំពត តាកែវ កំពង់ឆ្នាំង កំពង់ចាម ភ្នំពេញ ព្រះសីហនុ ស្វាយរៀង និងព្រៃវែង។
កន្លងមករដ្ឋាភិបាល បានដាក់ផែនការយុទ្ធសាស្រ្ត បោសសម្អាតមីននៅកម្ពុជា ឱ្យអស់នៅត្រឹមឆ្នាំ២០២៥៕ 
 

Tag:
 CMAC
  មីន
  គ្រាប់មិនទាន់ផ្ទុះ
© រក្សាសិទ្ធិដោយ thmeythmey.com