FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Messi, Mbappe និង Haaland ជាប់បេក្ខភាព១៤នាក់ប្រជែង Best FIFA Player ឆ្នាំ២០២២
13, Jan 2023 , 2:59 pm        
រូបភាព
ប្រធានក្រុមអាហ្សង់ទីន Lionel Messi កំពុងតែបង្ហាញឥទ្ធិពលខ្លួនយ៉ាងខ្លាំងបន្ថែមទៀត ដោយបានជាប់ឈ្មោះក្នុងបញ្ជីសម្រិតសម្រាំងកីឡាករល្អប្រចាំឆ្នាំនៃពានរង្វាន់ FIFA Best Men’s Player ឆ្នាំ២០២២ ក្រោយរូបគេបានឈ្នះពានរង្វាន់ World Cup នៅកាតា។ Kylian Mbappe, Erling Haaland សុទ្ធតែស្ថិតក្នុងចំណោមបេក្ខភាព១៤នាក់ចុងក្រោយប្រជែង Best FIFA Player។ គ្រូបង្វឹកអាហ្សង់ទីនលោក ​Lionel Scaloni ក៏ស្ថិតក្នុងបញ្ជីប្រជែង FIFA Award ដែរ។



តារាបាល់ទាត់វ័យ ៣៥ឆ្នាំ រួមជាមួយនឹងមិត្តរួមក្រុម Paris Saint Germain ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe និងកីឡាករវ័យក្មេង Erling Haaland មកពីក្រុម Manchester City សុទ្ធសឹងតែក្នុងចំណោមកីឡាករចំនួន ១៤​នាក់សម្រាប់ពានរង្វាន់ The Best FIFA Men’s Player។ នេះបើតាមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ​ (FIFA ) ប្រកាសថ្ងៃទី១២ ខែមករា។
Messi, Mbappe និង Haaland ត្រូវបានចូលរួមប្រជែងដោយកីឡាករម្ចាស់ពានរង្វាន់នេះកាលពីឆ្នាំកន្លងទៅ Robert Lewandowski មកពី Barcelona ខ្សែបម្រើ Kevin De Bruyne មកពី Man City និង Mohamed Salah មកពីក្រុមហង្សក្រហម Liverpool។
 
ពានរង្វាន់អ្នកចាំទីល្អ កីឡាករចាំទី Alisson Becker មកពីក្រុម ​Liverpool អ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Thibaut Courtois និង ម្ចាស់ជើងឯក ​World Cup 2022 អ្នកចាំទី Martinez មកពី Aston Villa សុទ្ធសឹងតែនៅក្នុងចំណោមបញ្ជីបេក្ខភាពអ្នកចាំទីល្អ The Best FIFA Men’s Goalkeeper។
 
លោក Carlo Ancelotti គ្រូបង្វឹក Real Madrid និង​ Pep Gaurdiola អ្នកចាត់ការក្រុម Manchester City លោក Lionel Scaloni គ្រូបង្វឹកអាហ្សង់ទីន និងលោក Didier Deschamps រួមជាមួយលោក Walid Regragui សុទ្ធសឹងតែជាប់ក្នុងបញ្ជីបេក្ខភាពគ្រូបង្វឹកល្អ The FIFA Best Men’s Coach។
 
ចំណែកផ្នែកនារីវិញកីឡាការិនី​មកពី Barca និង Arsenal វ៉ាដាច់ក្នុងបញ្ជីពានរង្វាន់នារី The FIFA Best Women’s Player ដោយម្ខាងៗមានកីឡាការិនីចំនួនដល់ទៅ​ ៣រូបរៀងៗខ្លួនស្ថិតក្នុងបញ្ជី រួមមានកីឡាការិនី Alexia Putellas, Keira Walsh និង Aitana Bonmati សម្រាប់ក្រុមម្ចាស់ជើងឯកពានរង្វាន់លីគអេស្ប៉ាញ។ ចំណែកមកពីកាំភ្លើងធំរបស់អង់គ្លេសរួមមាន Leah Williamson, Vivianne Miedema និង Beth Mead។
 
កីឡាការិនីមកពីក្រុម Chelsea មានចំនួន ២រូបដែលជាមិត្តរួមក្រុមដ៏ល្អ Sam Kerr និង Jessie Fleming និងកីឡាការិនី Ada Hegerberg និង Wendie Renard របស់ក្រុម Olympique Lyonnais សុទ្ធតែជាកីឡាការិនីមកពីក្រុមដូចគ្នាតែមួយមានឈ្មោះក្នុងបញ្ជីបេក្ខភាព។
 
សម្រាប់ផ្នែកគ្រូបង្វឹកស្ត្រីវិញ អ្នកស្រី Sarina Wiegman ដែលដឹកនាំក្រុមជម្រើសជាតិនារីអង់គ្លេសឈ្នះពានរង្វាន់ ​UEFA Euro កាលពីឆ្នាំមុន បានក្លាយជាគ្រូបង្វឹកស្ថិតក្នុងបញ្ជីបេក្ខភាពគ្រូបង្វឹកល្អប្រចាំឆ្នាំ ហើយដោយប្រជែងដោយគ្រូបង្វឹក Chelsea អ្នកស្រី Emma Hayes និងអ្នកស្រី Martina Voss-Tecklenburg គ្រូបង្វឹកក្រុមជម្រើសជាតិនារីអាល្លឺម៉ង់។
 
បើតាមសេចក្តីថ្លែងការរបស់ ​FIFA ដដែលបានឱ្យដឹងថាការប្រកួតបេក្ខភាពចំនួន ៣នាក់ចុងក្រោយ សម្រាប់តាមប្រភេទនៃពានរង្វាន់នីមួយៗនៅប្រកាសនៅដើមខែកុម្ភៈខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ FIFA ក៏បានប្រកាសបញ្ជីឈ្មោះបេក្ខភាពកីឡាករ ១១នាក់សម្រាប់ពានរង្វាន់ Pukas Award ដែលជាពានកីឡាករស៊ុតបាល់បញ្ចូលទីល្អស្អាតជាងគេដ៏អស្ចារ្យផងដែរ​ ហើយ Mbappe ក៏ស្ថិតក្នុងចំណោមបញ្ជីឈ្មោះបេក្ខភាពនេះដែរជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីលើអាហ្សង់ទីនដែលជាគ្រាប់បាល់ទី២ របស់គេនៅវគ្គផ្តាច់ព្រ័ត្រ World Cup៕
 

Tag:
 Lionel Messi
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com