អន្តរជាតិ
អង្គភាពប្រឆាំងពុករលួយឥណ្ឌូណេស៊ីចាប់ខ្លួនអភិបាលខេត្តប៉ាពូ ពីបទទទួលសំណូកជាង៦ម៉ឺនដុល្លារ លោក Lukas Enembe ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមករា។ រូបថត Kompas
× អង្គភាពប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី កាលពីថ្ងៃទី១០ ខែមករា បានចាប់ខ្លួនអភិបាលខេត្តប៉ាពូ ពីបទទទួលសំណូកជាង៦ម៉ឺនដុល្លារអាម៉េរិកជាថ្នូរនឹងការផ្តល់កិច្ចសន្យាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយ។
លោក Lukas Enembe អភិបាលខេត្តប៉ាពូ បានរងការចោទប្រកាន់ពីគណៈកម្មាធិការលុបបំបាត់អំពើពុករលួយ (KPK) ថាបានទទួលប្រាក់ចំនួន៦៤ ១៦៤ដុល្លារពីក្រុមហ៊ុនសំណង់មួយសម្រាប់ការផ្តល់គម្រោងសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅសាលារៀនមួយកន្លែង។
លោក Enembe គឺជាអ្នកនយោបាយថ្នាក់តំបន់មួយរូបដែលតែងតែប្រទាំងប្រទើសជាមួយរដ្ឋាភិបាលថ្នាក់កណ្តាល ជាពិសេសលើគោលនយោបាយគ្រប់គ្រងតំបន់ស្វ័យតពិសេស។
អ្នកនាំពាក្យអង្គភាព KPK បានថ្លែងប្រាប់ Metro TV ថា អភិបាលខេត្តប៉ាពូរូបនេះ ត្រូវបាននាំទៅក្រុងហ្សាការតា ដើម្បីសាកសួរ។ លោក Enembe ក៏បានបដិសេធផងដែរចំពោះការចោទប្រកាន់ទៅលើខ្លួន។
សកម្មជនមួយចំនួនបានលើកឡើងថា ការចាប់ខ្លួននេះ គឺជាការគំរាមកំហែងលើមេដឹកនាំមូលដ្ឋានដែលបានប្រឆាំងគម្រោងបង្កើតខេត្តថ្មីនៅតំបន់ប៉ាពូ ជាពិសេសប៉ាពូដែលសម្បូរទៅដោយធនធានធម្មជាតិ ក៏ជាតំបន់ទាមទារឯករាជ្យពីឥណ្ឌូណេស៊ី ផងដែរ។
លោក Mahfud MD រដ្ឋមន្ត្រីសន្តិសុខឥណ្ឌូណេស៊ី បានអះអាងថា ការចាប់ខ្លួនលោក Enembe មិនពាក់ព័ន្ធរឿងនយោបាយនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com