អាស៊ាន
ប្រជាជនចិនដីគោក នាំគ្នាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ mRNA នៅហុងកុង 
ពលរដ្ឋហុងកុងរង់ចាំការចាក់វ៉ាក់សាំងនាពេលន្លងមក។ រូបថត AFP
×![]()
ប្រជាជនចិនដីគោកជាច្រើននាក់ ពិសេសអ្នកត្រៀមធ្វើដំណើរ កំពុងប្រញាប់ប្រញាល់ទៅទីក្រុងហុងកុង ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ mRNA ដែលមិនមាននៅចិនដីគោកឡើយ។ វ៉ាក់សាំងប្រភេទនេះដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសាកល្បងកន្លងមក ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឱសថរបស់អាម៉េរិក Pfizer-BioNTech និង Moderna ។
ដោយសារចិនកំពុងវឹកវរនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រព័ន្ធសុខាភិបាលប្រទេសនេះបានធ្លាក់ក្នុងភាពតានតឹងខ្លាំង។ ទោះជួបវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរក៏ដោយ ចិនមិនទទួលយកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសលោកខាងលិចឡើយ។ កន្លងមក ចិនប្រើប្រាស់តែវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អភិវឌ្ឍក្នុងស្រុកប៉ុណ្ណោះ ដែលមានប្រសិទ្ធភាពទាបជាង។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រជាជនចិនដីគោកកំពុងនាំគ្នាទៅហុងកុងដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ mRNA ផលិតដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Virtus ជាមន្ទីរពេទ្យឯកជនមួយនៅទីក្រុងហុងកុង បានស្វាគមន៍ប្រជាជនចិនដីគោកជាលើកដំបូងនៅថ្ងៃទី១២ ខែមករា ដែលចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ Pfizer-BioNTech និង Moderna ដែលមានប្រសិទ្ធភាពបង្ការការឆ្លងដល់ទៅ៩៥ភាគរយ។
ប្រធានផ្នែកវេជ្ជសាស្រ្តរបស់មន្ទីរពេទ្យ Virtus លោក Samuel Kwok ប្រាប់អ្នកសារព័ត៌មានថា មន្ទីរពេទ្យ Virtus បានទទួលការសាកសួរព័ត៌មានពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីអតិថិជនច្រើនជាង៣រយនាក់ហើយ។ លោករំពឹងថា អតិថិជនមកពីចិនដីគោកនឹងមានកាន់តែច្រើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។
យ៉ាងណាមិញ លោក Samuel Kwok បញ្ជាក់ថា គ្រប់គ្នាមិនអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូចជំរុញបានឡើយ ព្រោះថ្មីៗនេះមានមនុស្សជាច្រើនបានឆ្លងជំងឺកូវីដ-១៩ ដូច្នេះត្រូវរង់ចាំយ៉ាងហោចណាស់បីខែបន្ទាប់ពីជាពីជំងឺ។
បើតាមប្រភពដដែល ស្ត្រីម្នាក់មកពីទីក្រុងប៉េកាំងដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ Virtus បានអះអាងថា ខ្លួនចំណាយប្រាក់ ២៤១ដុល្លារសម្រាប់វ៉ាក់សាំងរបស់ Pfizer។ ស្ត្រីរូបនោះបន្ថែមថា ខ្លួនបានចាក់វ៉ាក់សាំងដែលបានអភិវឌ្ឍក្នុងស្រុកចំនួនបីដូសរួចហើយ របស់ក្រុមហ៊ុន Sinovac ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប៉ុន្តែនាងសម្រេចចិត្តចាក់វ៉ាក់សាំងដូសជំរុញរបស់ Pfizer ដើម្បីបង្ការការឆ្លងឱ្យកាន់តែប្រសើរ។
ខណៈថ្ងៃបុណ្យចូលឆ្នាំចិននឹងមកដល់នៅសប្ដាហ៍ក្រោយ WHO បានព្រមានថាប្រទេសនេះអាចរងគ្រោះដោយជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរឡើង ព្រោះវាជាពេលដែលប្រជាជនចិនត្រឡប់ទៅជួបជុំគ្នានៅស្រុកកំណើត។ នេះទំនងជាហេតុផលមួយជំរុញឱ្យប្រជាជនស្វះស្វែងរកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អភិវឌ្ឍក្រៅស្រុកដើម្បីបន្ថែមកម្រិតបង្ការជំងឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com