ជាតិ
សង្គមជាតិ
មន្រ្តីក្រសួងសង្គមកិច្ច ដែលកេងប្រាក់ជាង៣៨ម៉ឺនដុល្លារ ត្រូវជាប់ឃុំ
13, Jan 2023 , 5:59 pm        
រូបភាព
ក្រោយឆ្លងកាត់ការស៊ើបសួររួច ចៅក្រោមស៊ើបសួរនៃតុលាការភ្នំពេញ ចេញបញ្ជាឲ្យសមត្ថកិច្ច យកលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយសារលួចកិបកេងថវិកាគម្រោងនានា។ នេះជាការអះអាងរបស់លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ មកកាន់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៣ ខែមករា។



ក្រៅពីការផ្តល់ព័ត៌មានខ្លីនៃការឃុំខ្លួនលោក ឡាយ សំណាង ព័ត៌មានអ្វីផ្សេងទៀត ដូចជា បទចោទ ជាដើម លោក អ៊ី រិន្ទ ពុំអាចផ្តល់ឲ្យឡើយ ដោយសារកំពុងជាប់រវល់។ យ៉ាងណា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ ប្រាប់ក្រុមអ្នកកាសែតតាមបណ្តាញតេឡេក្រាមថា មុនបញ្ជូនទៅចៅក្រមស៊ើបសួរ តំណាងអយ្យការ បានបើកការស៊ើបសួរលើលោក ឡាយ សំណាង ​ពីបទ​កេងយកផលប្រយោជន៍ដោយខុសច្បាប់​ និងបទសម្អាតប្រាក់​ តាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​។ 
 
លោក ឡាយ សំណាង ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងនាំទៅសួរ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ជុំវិញការកិបកេងប្រាក់ជាង៣៨ម៉ឺនដុល្លារ ដែលជាប្រាក់គម្រោងនានា។ បន្ទាប់មក លោក ក៏ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅតុលាការភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ អង្គភាពប្រឆាំងអំពើពុករលួយ អះអាងតាមរយៈសេចក្តីប្រកាសព័ត៌មានថា មុនឈានដល់ការឃាត់ខ្លួននេះ អង្គភាពប្រឆាំងអំពើពុករលួយ ចំណាយពេលជាង១ឆ្នាំ ក្នុងការស៊ើបអង្កេតករណីលោក ឡាយ សំណាង៕ 
 

Tag:
 ករណីកេងលុយ
  ឡាយ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com