កីឡាអន្តរជាតិ
អន្តរជាតិ
AFF Cup វគ្គផ្តាច់ព្រ័ត្រជើងទី១៖ ម្ចាស់ការពារជើងឯកថៃ ស្មើវៀតណាម ២-២
13, Jan 2023 , 9:25 pm        
រូបភាព
ក្រុមការពារតំណែងជើងឯក ថៃ ស្មើវៀតណាម ២-២ នៅជំនួបជើងទី១ វគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែមករា នាកីឡដ្ឋាន My Dinh។


នៅវគ្គទី១ ក្រោយការប្រកួតដំណើរការបាន២៤នាទី ខ្សែប្រយុទ្ធ Nguyen Tien Linh រកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះវៀតណាមដោយការតែតបញ្ចូលទីយ៉ាងល្អ តាមរយៈការបញ្ជូនរបស់ Nguyen Quang Hai។ លទ្ធផល ១-០ រក្សារហូតបញ្ចប់វគ្គទី១។

ចូលដល់វគ្គទី២ នាទី៤៨ កីឡាករ Poramet Arjvirai រកបានគ្រាប់តាមស្មើឱ្យថៃវិញ មុនពេល បន្ថែមគ្រាប់នាំមុខនៅ១៥នាទីបន្ទាប់ដោយ Sarach Yooyen

យ៉ាងណាក៏ដោយ នៅជិតបញ្ចប់ការប្រកួតនៅនាទី៨៨ ម្ចាស់ផ្ទះវៀតណាម តាមបានគ្រាប់ស្មើវិញ ដែលធ្វើបានដោយ Van Thanh Vu។ ចប់ការប្រកួត ម្ចាស់ផ្ទះវៀតណាម ស្មើថៃ ២-២។

ដោយត្រូវកាត់សេចក្តីនៅជំនួបជើងទី២ នាថ្ងៃទី១៦ ខែមករា តាមរយៈលទ្ធផលនេះ ថៃដែលនឹងត្រូវទទួលវៀតណាមវិញ ជាក្រុមមានប្រៀប ដ្បិតត្រូវការត្រឹមលទ្ធផលស្មើ ០-០ ឬ ១-១ នឹងអាចការពារតំណែងជើងឯក AFF Cup របស់ខ្លួននៅឆ្នាំ២០២២៕


© រក្សាសិទ្ធិដោយ thmeythmey.com