កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ ការប្រកួតអុកចក្រត្រង្គ ជើងឯកអាស៊ីអាគ្នេយ៍ ជាសញ្ញាណល្អទៅស៊ីហ្គេម២០២៣
14, Jan 2023 , 11:59 am        
រូបភាព
ការប្រកួតកីឡាអុកចក្រត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ រវាងកីឡាករកម្ពុជា ប៊ូ ប៊ុនម៉ាលីកា(អាវក្រហម) និងវៀតណាម The Anh(អាវស)។ រូបពី CAMSOC
ការប្រកួតកីឡាអុកចក្រត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ រវាងកីឡាករកម្ពុជា ប៊ូ ប៊ុនម៉ាលីកា(អាវក្រហម) និងវៀតណាម The Anh(អាវស)។ រូបពី CAMSOC
ដោយ:
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកោតសរសើរ ចំពោះដំណើរការរៀបចំការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅកម្ពុជា។ ក្រោយបញ្ចប់ការប្រកួតដោយជោគជ័យ លោកវ៉ាត់ ចំរើន ថាព្រឹត្តិការណ៍នេះ ជាសញ្ញាណល្អដើម្បីឆ្ពោះទៅស៊ីហ្គេម២០២៣។

 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មកាធិការជាតិ CAMSOC មើលឃើញថាសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ាន ឆ្នាំ២០២៣ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិលើកដំបូងនៅកម្ពុជា។ កីឡាអុកចត្រង្គជើងឯកអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះ មាន ៥ប្រទេសចូលរួម បានបញ្ចប់នៅថ្ងៃទី១២ ខែមករា។
 
ទាំង៥ប្រទេសរួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ ។ ប្រកួតនេះស្របតាមគោលការណ៍របស់គណៈកម្មាធិការជាតិ CAMSOC ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ ក្នុងការឱ្យប្រភេទកីឡាទាំងអស់ មានការប្រកួតលក្ខណៈអន្ដរជាតិឱ្យបានច្រើន ពិសេសប្រភេទកីឡាប្រពៃណី ដើម្បីដកស្រង់បទពិសោធន៍ និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ មុនការប្រកួតស៊ីហ្គេម។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មកាធិការជាតិCAMSOC ថ្លែងក្នុងពិធីបិទការប្រកួតកីឡាអុកចក្រត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។ រូបពី CAMSOC

លោក វ៉ាត់ ចំរើន និយាយថា៖«យើងសង្ឃឹមថា ការធ្វើតេស្តការប្រកួតនៅក្នុងព្រឹត្តិការណ៍នេះគឺជាសញ្ញាណល្អមួយសម្រាប់យើង រៀបចំការប្រកួតកីឡាស៊ីហ្គេម កីឡាអុកចក្រត្រង្គរបស់យើងដែលដាក់ចូលក្នុងពិធីផ្លូវការ នឹងអាចរៀបបានដោយទទួលជោគជ័យនៅក្នុងការប្រកួតកីឡាស៊ីហ្គេម២០២៣»។
 
ទោះបីជាយ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន នៅមានការព្រួយបារម្ភចំពោះការមកដល់ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ផងដែរដោយតាមការសង្កេតមើលឃើញថា ប្រទេសថៃ មិនទាន់បញ្ជូនកីឡាករមានសក្តានុពលរបស់គេមកចូលរួមប្រកួតឡើយ ដោយលោក សំណូមពរឱ្យសហព័ន្ធកីឡាអុកចក្រត្រង្គកម្ពុជា​ ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាបន្ថែមទៀត។
 
អគ្គលេខាធិការ CAMSOC បន្តថា៖«យើងបានត្រួតពិនិត្យចំនុចយុទ្ធសាស្រ្តមួយចំនួន។ កីឡាករថៃ បញ្ជូនមកនេះ មិនទាន់បញ្ជូនជើងខ្លាំងមកទេ យើងឃើញថាពួកគេបញ្ជូនត្រឹមកម្រិតណាមួយ ដែលមិនមែនជាជើងខ្លាំងជាងគេនៅថៃ។ ចំណែកវៀតណាម ឃើញថាល្អច្រើន តាមយុទ្ធសាស្រ្ត CAMSOC គឺសុំឱ្យសហព័ន្ធទៅបណ្តុះបណ្តាលសមត្ថភាពនៅក្រៅប្រទេសបន្ថែមទៀត»៕
 
 

Tag:
 កីឡាអុកចក្រត្រង់
 ស៊ីហ្គេម២០២៣
 វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com