ការប្រកួតព្រឹត្តិការណ៍វាយកូនបាល់លំដាប់ថ្នាក់ Grand Slam កម្មវិធី Australia Open នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមករា ក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ការប្រកួត Australia Open ឆ្នាំ២០២៣ នេះ នឹងមានកីឡាករល្បីៗដែលធ្លាប់បានគ្រងពាននេះពីមុនមក រួមជាមួយកីឡាករវ័យក្មេងជំនាន់ថ្មី ចូលរួមប្រជែងគ្នា។
ខាងក្រោមនេះជាកីឡាករវាយកូនបាល់កំពូលទាំង ៥ ត្រៀមប្រកួតដណ្តើមពានរង្វាន់ Grand Slam៖
១.Novak Djokovic
អតីតកីឡាករវាយកូនបាល់លំដាប់ទី១ ពិភពលោក កំពុងតែសម្លឹងមើលការតាមស្មើ Rafa Nadal ជាថ្មីម្តងទៀតសម្រាប់ងាជាកីឡាករដែលឈ្នះពានរង្វាន់ Grand Slam ចំនួន ២២លើក ក្នុងការវិលត្រលប់មកកាន់ការប្រកួតក្នុងប្រទេសអូស្ត្រាលីនេះម្តងទៀត។ កាលពីឆ្នាំ ២០២២ Djokovic ត្រូវបានប្រទេសអូស្រ្តាលីបណ្តេញចេញពីប្រទេសមិនឱ្យប្រកួត ព្រោះតែរួមគេមិនគោរពតាមគោលការណ៍ និងមិនចាក់វ៉ាក់សាំងកូវីដ-១៩ តាមការដាក់កំហិតពីប្រទេសម្ចាស់ផ្ទះ។
មុនដល់ការប្រកួត Australia Open កីឡាករវ័យ ៣៥ឆ្នាំ បានចូលរួមប្រកួតពានរង្វាន់ Adelaide Open ក្នុងប្រទេសអូស្ត្រាលីនិងឈ្នះពានរង្វាន់មួយនេះបន្តជ័យជម្នះមិនដែលបរាជ័យរបស់គេសម្រាប់ការប្រកួតក្នុងប្រទេសអូស្ត្រាលីចំនួន ៣៣លើក ចាប់តាំងពីព្រឹត្តិការណ៍ Australia Open តាំងពីឆ្នាំ ២០១៨ មក។ Djokovic មានកំណត់ត្រាឈ្នះការប្រកួត Australia Open ចំនួន ១០លើកក្នុងទីក្រុងមែលប៊ន។
២.Rafa Nadal
Nadal គឺជាកីឡាករវាយកូនបាល់តែម្នាក់លើពិភពលោកដែលឈ្នះពានរង្វាន់ Grand Slam ចំនួន ២២លើក លើសកីឡាករវាយកូនបាល់ណាទាំងអស់ ហើយកំពុងតែត្រូវបានតាមប្រមាញ់ពានដោយ Djokovic ផ្ទាល់។ បានរង្វាន់ Grand slam លើកទី២២ សម្រាប់គេគឺនៅក្នុងប្រទេសអូស្ត្រាលីនេះតែម្តង ដោយកាលនោះគ្មានការប្រជែងពី Djokovic ដែលជាប់បម្រាមឡើយ។ កីឡាករវ័យ ៣៦ឆ្នាំ សម្លឹងរកការការពារតំណែងជើងឯក ខណៈរូបគេចាប់ផ្តើមការប្រកួតរដូវកាលថ្មីមិនសូវបានល្អឡើយ រួមជាមួយរបួសមួយចំនួន។

៣. Daniil Medvedev
អតីតកីឡាករវាយកូនបាល់លំដាប់ថ្នាក់លេខ១ ពិភពលោកមួយរូប ក៏កំពុងតែសម្លឹងការដណ្តើមពានរង្វាន់ Grand Slam នេះដូចគ្នា ខណៈទាំង Djokovic និង Nadal សុទ្ធសឹងតែជាគូប្រជែងរបស់គេ។ កាលពីឆ្នាំ ២០២១ កីឡាករសញ្ជាតិរុស្ស៊ីរូបនេះប្រកួតចាញ់ Djokovic នៅវគ្គផ្តាច់ព្រ័ត្រ និងឆ្នាំ ២០២២ ចាញ់ Nadal ទាំងពីរលើកជាប់គ្នា។
បច្ចុប្បន្ន Medvedev ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ពិភពលោក ហើយរូបគេក៏ជាកីឡាករម្ចាស់ជើងឯក US Open កាលពីឆ្នាំ ២០២១។

៤.Nick Kyrgios
កីឡាករសញ្ជាតិអូស្ត្រាលីមិនបានចូលរួមប្រកួតក្នុងពានរង្វាន់នានា ចាប់តាំងពីខែតុលា មកដោយសារតែបញ្ហារបួស។ ប៉ុន្តែការប្រកួតព្រឹត្តិការណ៍ Australia Open លើកនេះរូបគេបានវិលត្រលប់មកកាន់ការប្រកួតវិញក្នុងទីក្រុងមែលប៊ន។ កីឡាករវ័យ ២៧ឆ្នាំ រូបនេះកាលពីឆ្នាំមុនបានឈ្នះពានរង្វាន់ចំនួនពីការប្រកួតក្នុងទីក្រុងមែលប៊ន។

៥.Casper Ruud
កាលពីឆ្នាំមុន Ruud បានធ្វើដំណើរឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Grand Slam រួមទាំងការប្រកួត Masters and the season-ending ATP វគ្គផ្តាច់ព្រ័ត្រ ដោយបរាជ័យត្រឹមតែមួយប្រកួតប៉ុណ្ណោះ។ Ruud បច្ចុប្បន្នក៏មានឱកាសដើម្បីអាចឈានជើងឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោក បន្ទាប់ពីកីឡាករវ័យក្មេង Alcaraz ដែលទើបឈ្នះ US Open។ Ruud កំពុងតែសម្លឹងការឈានជើងឱ្យកាន់តែជ្រៅបន្ថែមទៀតសម្រាប់ការប្រកួតក្នុងទីក្រុងមែលប៊ន៕
