កីឡាអន្តរជាតិ
អន្តរជាតិ
ទស្សនាជំនួបរវាង Ronaldo-Messi៖ អ្នកជំនួញអារ៉ាប៊ីសាអូឌីតម្នាក់នាំមុខការដេញថ្លៃសំបុត្រពិសេសតម្លៃ ២,៦៦លានដុល្លារ
14, Jan 2023 , 1:59 pm        
រូបភាព
បុរសអ្នកជំនួញអារ៉ាប៊ីសាអូឌីតម្នាក់នាំមុខលើការដេញថ្លៃសំបុត្រមាសក្នុងតម្លៃ​ ២,៦៦លានដុល្លារ សម្រាប់ទស្សនាការប្រកួតរវាង Paris Saint Germain ទល់ជាមួយតារាបាល់ទាត់របស់ Al Nassr រួមគ្នាជាមួយ  Al Hila។ ការប្រកួតនឹងមានការជួបគ្នាវាងខ្សែប្រយុទ្ធ Cristiano Ronaldo និង​ ​Lionel Messi ផងដែរ។



តាមរយៈអង្គភាពកម្សាន្តរបស់អារ៉ាប៊ីសាអូឌីត បានប្រកាសនៅលើបណ្តាញសង្គម ​Twitter ថាលោក Mushref Al-Ghamdi ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ​AqarOne ជាបុគ្គលតែម្នាក់ដែលកំពុងនាំមុខគេក្នុងការដេញថ្លៃសំបុត្រមាសសម្រាប់ការប្រកួតរវាង PSG ទល់ Al Nass។ ការដេញថ្លៃសំបុត្រដ៏ពិសេសមួយនេះនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី១៧ ខែមករា។
 
សំបុត្រការប្រកួតដែលមានឈ្មោះថា«Beyond Imagination ឬក៏ប្រែថាលើសពីការស្រមើស្រមៃ» គឺជាសំបុត្រសម្រាប់ចូលទស្សនាយ៉ាងពិសេសក្នុងការប្រកួតរវាងក្រុម Paris Saint Germain ជួបតទល់ជាមួយនឹងក្រុមតារាបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត ដែលមកពីក្រុមចំនួន ២បូកបញ្ចូលគ្នារួមមានក្រុម ​Al Nassr ដែលទើបបានចុះកិច្ចសន្យាយក ​​Ronaldo មកកាលពីដើមខែមករា និងក្រុម Al Hilal នៃលីគអាជីពអារ៉ាប៊ីសាអូឌីត។
 
ជំនួបការប្រកួតមិត្តភាពដណ្តើមបានរង្វាន់ Riyadh Season Cup 2023 នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ក្នុងទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត។ Riyadh Season Cup 2023 នឹងក្លាយជាទីកន្លែងជួបប្រកួតគ្នាសារជាថ្មីរវាងតារាបាល់ទាត់ឆ្នើម Ronaldo និង Messi ចាប់តាំងពីពួកគេជួបគ្នាកាលលេងនៅ Real Madrid និង Barcelona។ Ronaldo បានជួបប្រកួតលើកចុងក្រោយបំផុតកាលពីខែធ្នូ ឆ្នាំ ២០២០ ដែលកាលនោះក្រុម ​Juventus បំបាក់ Barca លទ្ធផល ៣-០។
 
រឿងដែលពិសេសបំផុតនោះអ្នកដែលបានទិញបានសំបុត្រមាសនោះ រូបគេនឹងមានសិទ្ធិចូលទៅក្នុងទីលានប្រកួតដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់ និងអបអរជ័យជម្នះជាមួយក្រុមដែលឈ្នះបន្ទាប់ពីបញ្ចប់ការប្រកួត។ 
 
ម្ចាស់សំបុត្រនោះក៏នឹងអាចចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់របស់កីឡាករ ហើយក៏នឹងបានណាត់ជួបកីឡាករដ៏ល្បីប្រចាំប្រវត្តិសាស្ត្រ Cristiano Ronaldo និង Lionel Messi ផងដែរ៕
 
 

Tag:
 Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com