ជាតិ
ពីនេះ ពីនោះ
នៅរដូវប្រាំង ខ្យងហៀន និងខ្យងប៉ារ៉ា រស់លាក់ខ្លួនតាមរន្ធឈើ ឬសម្បកឈើ
14, Jan 2023 , 3:59 pm        
រូបភាព
ខ្យងហាននៅរដូវប្រាំងរសលាក់ខ្លួនតាមគល់ដើមឈើខ្ពស់
ខ្យងហាននៅរដូវប្រាំងរសលាក់ខ្លួនតាមគល់ដើមឈើខ្ពស់
ដោយ:
កំពង់ស្ពឺ៖ នៅរដូវប្រាំង ខ្យងហៀន និងខ្យងប៉ារ៉ា ដែលរស់នៅតាមតំបន់ភ្នំតែងឈប់ស៊ីចំណី និងរកកន្លែងលាក់ខ្លួននៅតាមប្រហោងឈើខ្ពស់ទាបនៅតាមព្រៃ ឬលើភ្នំខ្ពស់ៗដើម្បីអាចគេចខ្លួនពីភ្លើងព្រៃក្នុងរដូវប្រាំង។ ពេលរដូវនេះមកដល់ អ្នកទៅរកខ្យងប្រភេទ បានប្រើកង្វារ និងពូថៅ ជាឧបករណ៍សម្រាប់រកខ្យង។


 
ពលរដ្ឋភាគច្រើនរស់នៅតំបន់ទន្លេ បឹង គ្មានព្រៃឬភ្នំ អាចដឹងត្រឹមថា សត្វខ្យងអាចរស់នៅត្រឹមក្នុងស្រែ ថ្លុក ត្រពាំង និងក្នុងទឹកប៉ុណ្ណោះ។ សម្រាប់ខ្យងរស់នៅតំបន់ព្រៃ និងភ្នំអាចខុសប្លែកពីតំបន់ទន្លេ បឹង ព្រោះសត្វទាំងនេះរកស៊ីត្រឹម រយៈពេល៦ខែ និង៦ខែទៀតពួកវា បានទៅសំងំរស់ដោយមិនស៊ីចំណីនៅតាមរូង ឬសម្បកឈើខ្ពស់ៗនៅតាមព្រៃ និងភ្នំ។ 
 
លោក តឹប គែង ប្រជាសហគមន៍ប្រាំបីមុម បានលើកឡើងថា នៅរដូវវស្សា ខ្យងហៀន និងខ្យងប៉ារ៉ា គេមិនបរិភោគទេ លុះដល់រដូវប្រាំងខណៈវាឈប់ស៊ីចំណីនិងទៅនៅតាមដើមឈើ
ទើបគេចាប់ផ្ដើមចេញរកលក់ ឬសម្រាប់បរិភោគ។ ជាមួយគ្នានេះលោកបានបញ្ជាក់ថា ខ្យងទាំងនោះមានខ្លះរស់នៅក្នុងកំណាត់ឈើ ខ្លះក្នុងរូង និងរន្ធដើមឈើខ្ពស់។ 



លោក តឹប គែង បញ្ជាក់ថា៖ « តាមពិតទៅខ្យងអស់នេះ ពួកវាអាចខ្លាចភ្លើងព្រៃ ដូច្នេះបានជានៅរដូវប្រាំងវាតែងវាទៅរស់នៅតាមគល់ឈើងាប់ៗ និងរន្ធតាមដើមឈើខ្ពស់ផុតពីដី។ ពេលមករស់នៅតាមដើមឈើ វាឈប់ស៊ីចំណីហើយលុះដល់រដូវវស្សាទើបចុះទៅដីរកចំណីវិញ»។ 
 
នៅពេលទៅរកខ្យងប្រភេទនេះ គេត្រូវការជាចាំបាច់នូវ កង្វារ និងពូថៅ។ ចំពោះកង្វារ គេយកប្រើដូចនេះពេលលូកយកក្ដាម និងកង្កែបដែរ។ ឯពូថៅគេយកទៅដើម្បីទុកកាប់ឈើយកខ្យងពីរន្ធឈើ។ ជាមួយគ្នានេះ អ្នកទៅរកប្រសិនបើសំណាងអាចរកបាននៅតាមកំណាត់ឈើងាប់នៅជាប់ដី ប៉ុន្ដែពេលខ្លះអ្នកទៅរកអាចឡើងដើមឈើ មានកម្ពស់ខ្ពស់ៗ ដែលខ្លះ មានប្រវែង ១០ទៅ២០ម៉ែត្រក៏មាន។ 



ចំពោះតម្លៃគេអាចលក់បានមួយ១ពាន់រៀលក្នុងខ្យងមួយក្បាល(ទំហំធំល្មម)។ បើនិយាយពីរសជាតិរបស់វា គឺប្លែកពីខ្យសធម្មតា ត្រង់ថាមានសាច់ច្រើន និងមានជាតិល្វីងតិចៗនៅលាយឡំគ្នា។ ពលរដ្ឋមួយចំនួនចូលចិត្តហូបប្រភេទខ្យងនេះណាស់ ដោយសារគេថា ឆ្ងាញ់ជាងខ្យងធម្មតា។
 
សូមបញ្ជាក់ថា គេអាចសម្គាល់ថា ដើមឈើនោះមានខ្យងរស់នៅឬអត់អាស្រ័យលើស្នាមទឹកមាត់សៗជាដានដែលវាបានបន្សល់ទុកក្រោយពេលវាឡើងដើមឈើ។ ដើមខ្លះមានស្នាមទឹកមាត់
ប៉ុន្ដែគ្មានខ្យង ដោយសារដើមឈើនោះអត់រន្ធ  វាហ្នឹងចុះរកដើមថ្មី៕ 
 

Tag:
 ខ្យងហាន
  តំបន់ព្រៃភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com