កីឡាជាតិ
ជាតិ
វាយកូនបាល់៖ កីឡាការិនី ម៉េត ម៉ារីយ៉ាន បង្កើនការហ្វឹកហាត់ ត្រៀមប្រជែងមេដាយស៊ីហ្គេម២០២៣
14, Jan 2023 , 4:29 pm        
រូបភាព
កីឡាការិនីវាយកូនបាល់ជម្រើសជាតិកម្ពុជា ម៉េត ម៉ារីយ៉ាន ពេលកំពុងហ្វឹកហាត់ក្នុងទីលានកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា។ រូបពី ម៉េត ម៉ារីយ៉ាន
កីឡាការិនីវាយកូនបាល់ជម្រើសជាតិកម្ពុជា ម៉េត ម៉ារីយ៉ាន ពេលកំពុងហ្វឹកហាត់ក្នុងទីលានកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា។ រូបពី ម៉េត ម៉ារីយ៉ាន
ដោយ:
កីឡាការិនីវាយកូនបាល់ជម្រើសជាតិកម្ពុជា ម៉េត ម៉ារីយ៉ាន ដាក់គោលដៅដណ្តើមមេដាយស៊ីហ្គេមឆ្នាំ២០២៣ តាមរយៈការប្រឹងប្រែងហ្វឹកខ្លាំងជាមុន។ ម៉ារីយ៉ាន ដែលជាម្ចាស់មេដាយសំរឹទ្ធិស៊ីហ្គេមនៅហ្វីលីពីនឆ្នាំ២០១៩ ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកតេលេក្រាម ខណៈព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅសល់ត្រឹម៤ ខែជាងទៀតប៉ុណ្ណោះ។

 
ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនីវាយកូនបាល់ជម្រើសជាតិកម្ពុជា ម៉េត ម៉ារីយ៉ាន បន្តការហ្វឹកហ្វឺនដុសខាត់សមត្ថភាព និងពង្រឹងបច្ចេកទេសបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាម កញ្ញា ម៉េត ម៉ារីយ៉ាន ថា បច្ចុប្បន្នគ្រូបង្វឹកបន្តពង្រឹងបច្ចេកទេសលើវិញ្ញាសាដែលត្រូវប្រកួតសម្រាប់ស៊ីហ្គេម២០២៣។
 
កីឡាការិនី ម៉េត ម៉ារីយ៉ាន និយាយថា៖«លោកគ្រូគាត់ពង្រឹងលើបច្ចេកទេសវាយបាល់ ការស្លាយបាល់ ការទម្លាក់បាល់ខ្លីៗ និងពង្រឹងកម្លាំងកាយរបស់យើង។ ជាមួយនឹងការហ្វឹកហាត់ខ្លាំងនេះដែរខ្ញុំរំពឹងថា នឹងធ្វើឱ្យបានលទ្ធផលល្អនៅស៊ីហ្គេម២០២៣»។
 
កីឡាការិនីវាយកូនបាល់ជម្រើសជាតិកម្ពុជា ម៉េត ម៉ារីយ៉ាន ហ្វឹកហាត់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរិ៍ មួយថ្ងៃហ្វឹកហាត់ពីរពេល(៨៖៣០-១១៖៣០ព្រឹក និង១-៤ ល្ងាច)។ ម៉ារីយ៉ាន ធ្លាប់បានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយទទួលបានមេដាយសំរឹទ្ធ៕
 
 
 

Tag:
 កីឡាវាយកូនបាល់
 ស៊ីហ្គេម២០២៣​
 ម៉េត ម៉ារីយ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com