ជាតិ
អ្នកស្រី ម៉ៅ សុភា បើកកាណូតដឹកភ្ញៀវដោយមិនខ្វល់ថាជាការងារបុរសឡើយ
14, Jan 2023 , 8:59 pm        
រូបភាព
អ្នកស្រី ម៉ៅ សុភា ពេកបើកកាណូតដឹកទេសចរនៅសហគមន៍កំពង់ភ្លុក
អ្នកស្រី ម៉ៅ សុភា ពេកបើកកាណូតដឹកទេសចរនៅសហគមន៍កំពង់ភ្លុក
សៀមរាប៖ ធ្លាប់តែឃើញបុរសអ្នកបើកកាណូតទូកដឹកភ្ញៀវទេសចរ ប៉ុន្តែនៅក្នុងសហគមន៍កំពង់ភ្លុក ដែលល្បីល្បាញនឹងទេសចរណ៍ធម្មជាតិ ក៏មានស្រ្តីប្រកបរបរនេះដែរ។ តួយ៉ាងអ្នកស្រី ម៉ៅ សុភា បានចាប់ផ្តើមរបរបើកកាណូតនេះច្រើនឆ្នាំមកហើយ ក្រោយសម្រាកពីរបររាយមង។

 
ស្ថិតក្នុងវ័យ៤៤ឆ្នាំ អ្នកស្រី ម៉ៅ សុភា បានបង្ហាញទេពកោសល្យក្នុងការបើកកាណូតដឹកទេសចរ ដោយស្វាហាប់។ គ្រួសារអ្នកស្រី មានកាណូតដឹកភ្ញៀវពីរគ្រឿង គឺមួយសម្រាប់ប្ដី និងមួយទៀតអ្នកស្រី បើកខ្លួនឯង។ 
 
ក្នុងទឹកមុខរួសរាយពេលសាកសួរសំណួរស្រ្តីមានកូន៧នាក់ក្នុងបន្ទុកនេះ រៀបរាប់ថា បានប្រកបរបរនេះ ជាង១០ឆ្នាំមកហើយ គឺក្រោយសម្រាកពេលរាយមង។ អ្នកស្រី ម៉ៅ សុភា ប្រាប់ថា របរនេះមានភាព ងាយស្រួលជាងចេញទៅរាយមង ដែលប្រឈមនឹងខ្យល់ និងរលកធំៗផង។ ក្នុងមួយថ្ងៃ អ្នកស្រីចាប់ផ្តើម រត់កាណូតចាប់ពីពេលព្រឹក រហូតដល់ម៉ោងប្រមាណ៥រសៀល ដែលពេលខ្លះអាចរកចំណូលបានចាប់ពី ៦ទៅ៧ម៉ឺនរៀលប្រចាំថ្ងៃ តែថ្ងៃខ្លះក៏អត់មានភ្ញៀវដែរ។
 
អ្នកស្រីរំឭកថា៖« រត់កាណូតពេលទំនេរពីការរាយមង ខែណារាយមងត្រូវក៏រាយមងទៅ ខែណាមិនត្រូវ​ក៏ប្ដីធ្វើការឱ្យគេទៅ ឯខ្ញុំចេញរត់កាណូត ហើយពេលខ្លះរត់ទាំងពីរនាក់ ពេលភ្ញៀវចុះច្រើន»។



ចាប់ពីចុងឆ្នាំ២០២២មក ទេសចរមួយចំនួនធំបានបង្ហាញវត្តមាននៅសហគមន៍កំពង់ភ្លុក។​  ពួកគេនិយមជិះទស្សនាផ្ទះបណ្ដែតទឹក និងទស្សនាពីទិដ្ឋភាពការរស់នៅរបស់សហគមន៍នេះណាស់។ វេលាដែលពួកគេសម្រុកទៅច្រើន គឺពេលរសៀលចាប់ពីម៉ោង៣តទៅ នោះទេការរង់ចាំទស្សនាថ្ងៃលិច ពណ៌មាស ប៉ប្រះនឹងផ្ទៃទឹកទន្លេសាប។
 
អនុប្រធានសហគមន៍ដឹកភ្ញៀវទេសចរ មានជ័យ កំពង់ភ្លុក លោក ពយ ប៊ុនប៉ា បានឱ្យដឹងថា ទេសចរចាប់ ងើបឡើងវិញកំឡុងខែ សីហា ឆ្នាំ២០២២មក។ ភាគច្រើនជាទេសចរបរទេស ដែលក្នុងថ្ងៃធម្មតា កាណូតដឹកភ្ញៀវអាចចរាចរពី៧០ទៅ៨០ទូក និងសម្រាប់ថ្ងៃចុងសប្ដាហ៍ប្រមាណ ១០០ទូក។ 
 
សកម្មភាពនេះ ធ្វើឱ្យសហគមន៍កំពង់ភ្លុក ដែលស្ងប់ស្ងាត់ដោយសារវិបត្តិកូវីដ១៩ រយៈពេល៣ឆ្នាំមកនេះ កំពុងមានសេដ្ឋកិច្ចល្អប្រសើរឡើងវិញ។ នេះជាការលើកឡើងរបស់លោក ប៊ុនប៉ា។
 
សហគមន៍ដឹកភ្ញៀវទេសចរ មានជ័យ កំពង់ភ្លុក មានកាណូតទូកដឹកទេសចរសរុបជាង ៨០០ ក្នុងនោះ កាណូតខ្នាតតូចមានចំនួន ៦៩៦ និងកាណូតខ្នាតធំមានចំនួន ១៣១។
 
ដ្បិតថា ទេសចរមកច្រើនក្ដី តែសម្រាប់គ្រួសារអ្នកស្រី សុភា មិនសូវរត់បានច្រើនទេ ព្រោះពួកគេរត់ជាលក្ខណៈឯកជន ខុសពីអ្នកភូមិឯទៀត ដែលចងជា​បណ្ដាញសហគមន៍។  ប្ដីប្រពន្ធអ្នកស្រី សុភា រង់ចាំចាប់ភ្ញៀវខ្លួនឯង ដែលអ្នកខ្លះមិនបានចូលទិញសំបុត្រចុះទូកតាមសហគមន៍ ទេ។ 
 
ទោះបានចំណូលមួយផ្នែកតូចក្ដី តែសម្រាប់អ្នកស្រី សុភា រីករាយចំពោះការវិលត្រឡប់មកវិញរបស់ ភ្ញៀវទេសចរ ក្រោយអន់ថយនៃជំងឺកូវីដ១៩។ អ្នកស្រីពិតជាចង់ឃើញទេសចរបន្តមកចូលទៅ កម្សាន្តនៅសហគមន៍កំពង់ភ្លុក ដែលជាផ្នែកមួយជួយសេដ្ឋកិច្ចពលរដ្ឋក្នុងសហគមន៍នេះ ដែលពិបាក ខ្លាំងកំឡុងពេល៣ឆ្នាំកន្លងមក៕

Tag:
 ទន្លេសាប
  កំពង់ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com