កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ កំពុងស្វែងរកភស្ដុតាង ជុំវិញការដុតកាំជ្រួត ដើម្បីឲ្យរួចផុតពិន័យរបស់ សហព័ន្ធបាល់ទាត់អាស៊ាន
15, Jan 2023 , 4:59 pm        
រូបភាព
ការដុតកាំជ្រួចរបស់អ្នកគាំទ្រថៃ ក្នុងជំនួបជាមួយ ម៉ាឡេស៊ី រូបពី FA Thailand
ការដុតកាំជ្រួចរបស់អ្នកគាំទ្រថៃ ក្នុងជំនួបជាមួយ ម៉ាឡេស៊ី រូបពី FA Thailand
សមាគមន៍បាល់ទាត់ថៃ (FA Thailand) អាចរងការពិន័យពី AFF ប្រសិនជាភស្ដុតាងមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការដុតកាំជ្រួចអំឡុងពេល ធ្វើជាម្ចាស់ផ្ទះប្រកួត ជាមួយហ្វីលីពីន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ និងប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ការដុតកាំជ្រួចនេះ ត្រូវបានចាត់ទុកថា ជាការរំលោភបំពាន ក្នុងគោលការណ៍ប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup។

យោងទៅលើការផ្សាយរបស់សមាគមន៍បាល់ទាត់ថៃ ចាប់តាំងពីថ្ងៃទី១៣ ខែមករា ក្រុមនគរបាលប៉ុស្ដិ៍ Khlong Luang នៅខេត្ត Pathum Thani កំពុងស៊ើបអំពីករណីដុតកាំជ្រួច និងការផ្ទុះកាំជ្រួច ដែលបង្កឡើងដោយអ្នកគាំទ្រក្រុមជម្រើសជាតិថៃ បណ្ដាលឱ្យមានភ្លើងឆេះវត្ថុមួយចំនួន។ ភ្លើងនេះ ត្រូវបានពន្លត់ទាន់ពេល។ 
 
បើទោះជាការឆេះនេះ មិនធំដុំរហូតឈានដល់គ្រោះថ្នាក់ ទៅអ្នកចូលរួមទស្សនាក៏ដោយ ប៉ុន្ដែនេះ អាចប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់សមាគមន៍បាល់ទាត់ថៃ ព្រោះបង្ហាញពីការរៀបចំមិនបានល្អ។ ម្យ៉ាងវិញទៀត AFF ក៏អាចជាភាគីក្នុងការរ៉ាប់រងសំណងខូចខាតផ្សេងៗ ចំពោះកីឡដ្ឋាន Thammasat ប្រសិនជាហេតុការណ៍ផ្ទុះកាំជ្រួចនោះ ជាលក្ខណៈធ្ងន់ធ្ង ដោយសារជាព្រឹត្តិការណ៍ ដែល AFF រៀបចំ។
 
ការដុតកាំជ្រួច ឬភ្លើងផ្សេងៗ នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជាការបំពានដល់គោលការណ៍រៀបចំការប្រកួត ដែល FA Thailand អាចរងការពិន័យ ពី សហព័ន្ធបាល់ទាត់អាស៊ី (AFC) និង សហព័ន្ធបាល់ទាត់អាស៊ាន (AFF)។ បញ្ហាបែបនេះ ភាគីថៃ ធ្លាប់បានរងពិន័យ ២លើករួចមកហើយ កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៦។


ការដុតកាំជ្រួចរបស់អ្នកគាំទ្រថៃ ក្នុងជំនួបជាមួយម៉ាឡេស៊ី រូបពី FA Thailand

លោក Somyot Pumpanmuang ប្រធានសមាគន៍បាល់ទាត់ថៃ បានផ្ដល់សិទ្ធទៅដល់អ្នក ដែលបានឃើញហេតុការណ៍នោះច្បាស់មករាយការណ៍ និងស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ យកមកសួរ និងពិន័យបុគ្គលនោះ ទៅតាមច្បាប់។ មួយវិញទៀត ប្រធានសមាគមន៍រូបនេះ ផ្ដល់សិទ្ធទៅមន្ដ្រីស៊ើបអង្កេត ក្នុងការនាំខ្លួនជនសង្ស័យ មកសួរនាំ និងធ្វើតាមច្បាប់ ប្រសិនជាមានចេតនាលាក់បាំងករណីនេះ។
 
ក្រុមជម្រើសជាតិថៃ ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី១៦ ខែមករា ក្នុងជំនួបជើងទី២ នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នៅកីឡដ្ឋាន Thammasat។ ចំពោះការពិន័យ ឬដំណោះស្រាយយ៉ាងណា លើករណីនេះ សមាគមន៍បាល់ទាត់ថៃ មិនទាន់បានបញ្ជាក់នៅឡើយទេ។
  

ការដុតកាំជ្រួចរបស់អ្នកគាំទ្រថៃ ក្នុងជំនួបជាមួយម៉ាឡេស៊ី រូបពី FA Thailand

គួរបញ្ជាក់ថា កន្លង​មក ​FA Thailand ​ធ្លាប់​ត្រូវ​បាន​ AFC ពិន័យ​ចំនួន​២​ដង​រួច​មក​ហើយ។ លើកទីមួយ ត្រូវរងពិន័យជាទឹកប្រាក់ចំនួន ១១០០០ ដុល្លា ចំពោះឧបទ្ទវហេតុដែលអ្នកគាំទ្រដុតភ្លើងនៅ Thunder Dome អំឡុងពេលការប្រកួតបាល់ទាត់ AFC U16 រវាងក្រុម U16 ថៃ និងម៉ាឡេស៊ី កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤។ ចំណែកឯ លើកទី២ រងពិន័យ ៣០០០០ ដុល្លា ចំពោះអ្នកគាំទ្រ បានដុតភ្លើង នៅក្នុងកីឡដ្ឋានជាតិ Rajamangala ក្នុងការប្រកួតព្រឹត្តិការណ៍ AFF Suziki Cup 2016 នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com