កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal កើនគម្លាត៨ពិន្ទុកំពូលតារាង ឯ Newcastle ឡើងឈរលេខ៣វិញ
16, Jan 2023 , 10:29 am        
រូបភាព
Arsenal បានបន្តជ័យជម្នះរបស់ខ្លួនលើក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-០ នាការប្រកួត Premier League សប្តាហ៍ទី១៨ នៅថ្ងៃទី១៥ ខែមករា។ ជ័យជម្នះនេះ បានជួយកាំភ្លើងធំកើនគម្លាតពិន្ទុនាំមុខកំពូលតារាង៨ពិន្ទុ។ Newcastle United ដណ្តើមបានលេខ៣​ ពី Manchester United វិញ ក្រោយបន្តឈ្នះ Fulham ១-០។



គ្រាប់បាល់នាំមុខដំបូងរបស់ Arsenal ក្នុងជំនួប London Derby នាកីឡដ្ឋាន Tottenham Hotspur កើតឡើងដោយចូលទីខ្លួនឯងរបស់អ្នកចាំទី Hugo Lloris នៅនាទី១៤ តាមរយៈការទាត់របស់ Bukayo Saka។
 
២២នាទីក្រោយមក ខ្សែបម្រើឆ្នើមអង់គ្លេស Saka ដដែល បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Martin Odegaard សម្រេចទីយ៉ាងល្អដើម្បីជួយក្រុមរបស់លោក Mikel Arteta នាំមុខ Spurs ២គ្រាប់។ លទ្ធផល ២-០ បានរក្សារហូតបញ្ចប់ការប្រកួតតែម្តង។
 
ចំណោម១២ប្រកួតចុងក្រោយ Arsenal មិនស្គាល់ចាញ់ឡើយ ដោយរកបានជ័យម្នះ១០លើក និងស្មើ២។ សរុបទាំង១៨ប្រកួតក្រុមដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ឈ្នះ១៥លើក ស្មើ២ និងចាញ់១លើកប៉ុណ្ណោះ ដោយរកបាន៤៧ពិន្ទុ។
 
ឆ្លងកាត់១៨ប្រកួតដូចគ្នា កាំភ្លើងធំនាំមុខគូប្រជែង Manchester City ដែលក្រុមការពារតំណែងជើងឯកចំនួន ៨ពិន្ទុ។ ប្រកួតចុងក្រោយរបស់ Man City ចាញ់ Man United ក្នុងជំនួប Manchester Derby នៅ Old Trafford ក្នុងលទ្ធផល ២-១។
 
ឈ្នះក្រុមមេឃខៀវ បិសាចក្រហមឡើងទៅឈរលេខ៣ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេល Newcastle ដណ្តើយកលេខ៣វិញ ក្រោយពួកគេបន្តឈ្នះ Fulham ទាំងប្រផិតប្រផើយ ១-០។ ក្រុមសារិការព្រៃកើន៣៨ពិន្ទុ ក្រោយឆ្លងកាត់១៩ប្រកួត ស្មើពិន្ទុ Man Utd តែខុសសំណល់គ្រាប់បាល់។ យ៉ាងណាក្រុមលោក Erik ten Hag ទើបប្រកួត១៨លើកប៉ុណ្ណោះ។
 
Liverpool ឯណោះវិញ ដុនដាបនៅរដូវកាល ២០២២-២៣នេះ ក្រោយបន្តចាញ់ Brighton & Hove Albion ដល់ទៅ ៣-០។ ហង្សក្រហមស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយរកបាន២៨ពិន្ទុ ពីការប្រកួត១៨លើក។
 
ក្រុម៣ដែលស្ថិតនៅតំបន់ត្រូវកាត់ចោលរួមមាន West Ham United, Everton និង Southampton ដោយរកបាន១៥ពិន្ទុដូចគ្នា ពីការប្រកួត១៩លើក៕
 
 
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com