ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អាជ្ញាធរឃុំអូរសណ្តាន់ លើកឡើងពីសមិទ្ធផលអភិវឌ្ឍឃុំដែលសម្រេចបានក្នុ​ង​​​ឆ្នាំ​២០២២
16, Jan 2023 , 6:59 pm        
រូបភាព
សាលាឃុំអូរសណ្ដាន់
សាលាឃុំអូរសណ្ដាន់
ដោយ៖ ផាន់ សុខហួយ (យុវជនឃុំអន្លង់ត្នោត)

ពោធិ៍សាត់៖ អាជ្ញាធរឃុំអូរសណ្ដាន់នៅក្នុងឆ្នាំ២០២២ បានសាងសង់ និងជួសជុលផ្លូវ ដាក់ភ្លើងនៅតំបន់ដាច់ស្រយាល ផ្ដល់បណ្ណក្រីក្រ និងផ្ដល់មូលនិធិរបស់ឃុំលើសេវាសុខភាព វិស័យអប់រំ ព្រមទាំងវិស័យផ្សេងៗទៀត ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ។  លោក ម៉ម ធន មេឃុំអូរសណ្ដាន់ បញ្ជាក់ប្រាប់ដូច្នេះ។

 
លោក ម៉ម ធន បានរៀបរាប់ថា ឃុំអូរសណ្ដាន់បានសម្រេច​សមិទ្ធផល​សាងសង់ផ្លូវលំចំនួន ៣ខ្សែ ដែលមានប្រវែងសរុបជាង ១១គីឡូម៉ែត្រ ​ស្ថិតក្នុងភូមិសាស្ត្រភូមិក្រាំងធំ ភូមិអូរអាចម៍កុក និងភូមិពុទ្ធ្រាម ដោយប្រើប្រាស់ថវិកាមូលនិធិឃុំ។ ទន្ទឹមនឹងនេះ ឃុំក៏បានដាក់លូចំនួន ៤កន្លែង ដែលជាអំណោយពីប្រជាសហគមន៍៍ និងសប្បុរសជន និងកំពុងជួសជុលផ្លូវថ្នល់ ដែលខូចខាតនៅក្នុងឃុំជាបន្តបន្ទាប់។
 

លោក ម៉ម ធន មេឃុំអូរសណ្ដាន់
 
លោកមេឃុំ បានបន្តថា ផ្លូវចំនួន ២ខ្សែទៀត ដែលស្ថិតនៅភូមិចុងខ្លុង ទៅភូមិពុទ្ទ្រាម និងភូមិដូងជួរ បានសាងសង់រួចរាល់ចំនួន ២គីឡូម៉ែត្រ និងបានដាក់លូ ៣កន្លែង ក្នុងនោះលូ២កន្លែងជាថវិការបស់សប្បុរសជន ហើយមួយខែ្សទៀត នៅភូមិចុងខ្លុង និងភូមិពុទ្រ្ទាមដដែល ធ្វើពុំទាន់ហើយនោះទេ ព្រោះឃុំខ្វះខាតថវិកា ដូច្នេះតម្រូវឱ្យធ្វើនៅក្នុងគម្រោងឆ្នាំ២០២៣បន្តទៀត។ 
 
លោកមេឃុំបានលើកឡើងថា ក្រៅពីផែនការសាងសង់ និងជួសជុលផ្លូវខាងលើ ខាងឃុំក៏បានយកមូលនិធិ ដើម្បីផ្ដល់ទៅខាងផ្នែកសេវាសុខាភិបាល ផ្នែកអប់រំ  និងឧបត្ថម្ភទៅ​សាលារៀន ដើម្បីរៀបចំអាហារពេលព្រឹកសម្រាប់សិស្សានុសិស្សតូចៗផងដែរ។ លោក មេឃុំ បន្តថា មូលនិធិឃុំនេះ ក៏បានផ្ដល់ជូនប្រជាការពារភូមិ និងការទិញសម្ភារប្រើប្រាស់ផ្សេងៗទៀតនៅក្នុងឃុំផងដែរ។ 
 
លោក​បានបន្តថា អាជ្ញាធរឃុំ តែងតែគិតគូរដល់ប្រជាពលរដ្ឋ ជាពិសេសសហគមន៍នេសាទ ជាតំបន់ដាច់ស្រយាល ស្ថិតនៅក្នុងភូមិអូតាប្រុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋចំនួន ៥០គ្រួសារ នៅលើផ្ទៃបឹងទន្លេសាប លោកមេឃុំ បានដាក់ភ្លើងសូឡាឱ្យអ្នកភូមិអូរតាប្រុកគ្រប់ផ្ទះផងដែរ។
ចំពោះសមិទ្ធផលដែលបានរៀបរាប់ខាងលើនេះ ជាគម្រោងដែលជាអាទិភាពច្រើនជាងគេ ដែលក្រុមប្រឹក្សាឃុំបានប្រជុំ និងសម្រេចធ្វើនៅក្នុងផែនការឆ្នាំ២០២២កន្លងទៅ។ នេះបើតាមលោក ម៉ម ធន។
 
សូមជម្រាបថា នៅក្នុងឃុំអូរសណ្ដាន់មានផ្ទៃដី ៧ ៨១២ហិកតា មានពលរដ្ឋរស់នៅចំនួន ២០១២គ្រួសារ និងមានភូមិចំនួន ៨ភូមិ រួមមាន ភូមិអូរអាចម៍កុក ភូមិក្រាំងធំ ភូមិថ្នឹង ភូមិដូងជួរ ភូមិពុទ្រា្ទម ភូមិចុងខ្លុង ភូមិអូរតាប្រុក និងភូមិអូរសណ្ដាន់៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ស្រុកក្រគរ
  ឃុំអូរសណ្ដាន់
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com