ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ឥសាន ៖ អ្នកដែលហ៊ានវាយប្រហារបក្សប្រជាជន នឹងរងបណ្តឹង
16, Jan 2023 , 1:00 pm        
រូបភាព
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដឹកនាំកិច្ចប្រជុំ១នៅព្រឹទ្ធសភា កាលពីខែឧសភា ឆ្នាំ២០២២។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដឹកនាំកិច្ចប្រជុំ១នៅព្រឹទ្ធសភា កាលពីខែឧសភា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញសារព្រមានតាមពីក្រោយការព្រមានរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើអ្នកនយោបាយ ឬជនណា ដែលវាយប្រហារគណបក្សកាន់អំណាចដ៏យូរអង្វែងនេះ។ អ្វីដែលអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ យកមកព្រមាន គឺបណ្តឹង។



តាមរយៈបណ្តាញតេឡេក្រាម លោក សុខ ឥសាន បានសរសេរទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖«ចំពោះជនណាព្រហើនហ៊ានវាយប្រហារ និងជេរប្រមាថគណបក្សប្រជាជនកម្ពុជា នឹងត្រូវរងបណ្តឹងជាមិនខាន»។

ការព្រមានរបស់លោក សុខ ឥសាន កើតឡើងតាមក្រោយសម្តេច ហ៊ុន សែន ដែលព្រមានចំៗទៅកាន់លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន និងអ្នកនយោបាយដទៃទៀត ដែលវាយប្រហារគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធី១ នៅខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៩ ខែមករា សម្តេច បានលើកយកករណីចាប់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មកព្រមានលោក គង់ គាំ។ 

សម្តេច រម្លឹកថា សម្តេច ហ៊ានចាប់លោក កឹម សុខា វាយខ្នោះទាំងពាក់កណ្តាលយប់ពីបទក្បត់ជាតិ ដោយសម្តេច មិនខ្លាចអ្វីទាំងអស់។ ប្រមុខគណបក្សកាន់អំណាច ថែមទាំងព្រមានប្តឹងរឹបអូសយកផ្ទះសម្បែងរបស់លោក គង់ គាំ ទៀតផង ដោយសម្តេច អះអាងថា ផ្ទះដែលលោករស់នៅ គឺជាទីស្តីការក្រសួងការបរទេសពីមុន តែត្រូវលោកយកធ្វើជាកម្មសិទ្ធិ។

ក្រៅពីលោក គង់ គាំ សម្តេច ហ៊ុន សែន បានដាស់តឿនទៅកាន់អ្នកនយោបាយទូទៅ កុំឲ្យយកគណបក្សប្រជាជនកម្ពុជា ធ្វើជាគោលដៅក្នុងការវាយប្រហារ។ លើសពីនេះ សម្តេច បង្គាប់ទៅមេធាវីគ្រប់រូបរបស់គណបក្សកាន់អំណាច ឲ្យតាមដានស្តាប់ ហើយចាប់ឲ្យជាប់នូវគ្រប់ចំណុច ដែលអ្នកនយោបាយជំទាស់ថ្លែងសារ។

ដោយសារវោហារនយោបាយ អ្នកនយោបាយល្បីឈ្មោះ២រូប គឺលោក គង់ គាំ និងលោក សុន ឆ័យ ត្រូវគណបក្សប្រជាជនកម្ពុជា ចាត់ការតាមផ្លូវតុលាការ និងរហូតធ្វើឲ្យពួកគាត់អស់ផ្ទះសម្បែង។ មិនមែនតែលោក គង់ គាំ និងលោក សុន ឆ័យ ទេ លោក សម រង្ស៊ី ដែលជាអតីតមេកើយរបស់លោកទាំង២ ហើយជាស្ថានិកគណបក្សភ្លើងទៀន ក៏អស់ផ្ទះ១ដែរ។

ក្នុងសំណេរខាងលើ លោក សុខ ឥសាន បកស្រាយថា ការរឹបអូសទ្រព្យសម្បត្តិរបស់ទណ្ឌិតក្រៅច្បាប់ គឺធ្វើតាមការសម្រេចរបស់តុលាការ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ នៅមានសំណេរ១ទៀត នៅថ្ងៃទី១៦ខែមករានេះ ដោយលោក សរសេរតាមបណ្តាញតេឡេក្រាមដដែលថា តុលាការ រឹបអូសផ្ទះនិងដីរបស់អ្នកនយោបាយប្រឆាំង ដោយសារវាយប្រហារលើគេ មិនមែនជាការជិះជាន់ឡើយ។

ដូចការព្រមានរបស់សម្តេច ហ៊ុន សែន លោក គង់ គាំ ពិតជាត្រូវអស់ផ្ទះ១កន្លែង ដែលលោក និងគ្រួសារធ្លាប់រស់នៅតាំងទសវត្សរ៍៨០មក។ ប្រមុខគណបក្សប្រជាជនកម្ពុជា បានចេញបញ្ជាឲ្យសើរើ និងរៀបចំបណ្តឹង ប្តឹងទៅតុលាការ ដើម្បីយកផ្ទះពីលោក គង់ គាំ មកវិញ។ នៅទីបំផុត លោក គង់ គាំ យល់ព្រមប្រគល់ផ្ទះនោះ ឲ្យទៅរដ្ឋវិញ ហើយសម្តេច ហ៊ុន សែន ក៏យល់ព្រមបញ្ឈប់ការប្តឹងផ្តល់។ ផ្ទះនិងដីនោះ ត្រូវប្រមុខរដ្ឋាភិបាល ប្រគល់ទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សម្តេច ហ៊ុន សែន ទាមទារផ្ទះពីលោក គង់ គាំ វិញ ដោយសារលោក វាយប្រហារខ្លាំងៗនិងជាញឹកញាប់លើគណបក្សកាន់អំណាច ក្នុងវេទិការបស់គណបក្សភ្លើងទៀនតាមបណ្តាខេត្ត។ ការវាយប្រហាររបស់លោក ថែមទាំងរាលដាលដល់ថ្ងៃ៧មករាផងដែរ។ លោក និយាយបែបចំអកថា កំណើតថ្ងៃ៧មករា ដូចជាមានប្រភពមកពីខាងកើត ដោយលោក ទំនងជាចង់សំដៅលើប្រទេសវៀតណាម។

រីឯលោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀន តុលាការ បានរឹបអូសយកផ្ទះ២កន្លែងរបស់លោកទុកជាបណ្តោះអាសន្ន ហើយលោកអាចបានផ្ទះទាំងនោះវិញ លុះត្រាលោក សងជំងឺចិត្តទៅគណបក្សកាន់អំណាចក្នុងទំហំទឹកប្រាក់១លានដុល្លារ។ លោក ត្រូវគណបក្សកាន់អំណាច ប្តឹងដោយសារលោក និយាយថា គណបក្សកាន់អំណាច គ្រង់គ្រងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ និងលួចសន្លឹកឆ្នោត។

ក្រោយថ្នាក់ដឹកនាំខ្លួន អស់ផ្ទះផ្ទួនៗគ្នា គណបក្សភ្លើងទៀន បានបង្ហោះសំណេរ១លើបណ្តាញសង្គម នៅថ្ងៃទី១៣ ខែមករា ស្តីពីគោលកាណ៍សាកលនៃការអនុវត្តនយោបាយប្រជាធិបតេយ្យសេរី។ គណបក្សភ្លើងទៀន លើកឡើងថា ការបញ្ចេញវោហារសព្ទនយោបាយរិះគន់គូប្រកួត គឺជាគោលកាណ៍សាកល នៃប្រទេស ដែលអនុវត្តនយោបាយប្រជាធិបតេយ្យសេរី រួមទាំងកម្ពុជាផងដែរ។

គណបក្សភ្លើងទៀន បន្តថា អ្នកនយោបាយគណបក្សកាន់អំណាច មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញវោហារសព្ទ រិះគន់ ឬបន្តុះបង្អាប់ទៅលើគណបក្សជំទាស់។ គណបក្សភ្លើងទៀន បន្ថែមទៀតថា គណបក្សជំទាស់ ក៏មានសិទ្ធិពេញលេញក្នុងការបញ្ចេញវោហារសព្ទ រិះគន់ ឬបន្តុះបង្អាប់ទៅលើគណបក្សគ្រប់គ្រងអំណាច នូវរាល់ភាពអសកម្មទាំងឡាយក្នុងការដឹកនាំប្រទេស។

គណបក្សជំទាស់ ដែលកំពុងលេចធ្លោនេះ បង្ហាញការយល់ឃើញថា៖«ការប្រើវោហារសព្ទនយោបាយ រិះគន់ ឬបន្តុះបង្អាប់គូប្រកួតទៅវិញទៅមក គឺជាជម្រើសដ៏ត្រឹមត្រូវ និងល្អបំផុត ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ដែលជាកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ»។

ដោយឡែក ករណីលោក សម រង្ស៊ី វិញ ផ្ទះរបស់លោក ត្រូវតុលាការលក់បានប្រាក់១,៦លានដុល្លារ ហើយបែងចែកទៅឲ្យដើមបណ្តឹង៤ភាគី គឺសម្តេច ហ៊ុន សែន សម្តេច ហេង សំរិន សម្តេច ស ខេង និង រដ្ឋ។ កាលមិនទាន់ត្រូវតុលាការរឹបអូស លោក សម រង្ស៊ី បានស្ម័គ្រចិត្តយកដីនិងផ្ទះនេះ ធ្វើទីស្នាក់ការកណ្តាលរបស់អតីតគណបក្សសង្គ្រោះជាតិ៕ 

Tag:
 សុខ ឥសាន
  គង់ គាំ
  សុន ឆ័យ
  គណបក្សប្រជាជនកម្ពជា
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com