អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ៖ គ្រូបង្រៀនល្អ អាចជួយឱ្យសិស្សក្លាយជាពលរដ្ឋល្អ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
× នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៦ ខែមករា បានលើកឡើងថា គ្រូបង្រៀនជាបុគ្គលដ៏សំខាន់ ក្នុងការកែប្រែក្មេងៗ ទៅជាធនធានមនុស្សប្រកបដោយគុណភាព ដែលអាចដឹកនាំប្រទេសឱ្យមានអនាគតល្អ។
នាឱកាសទិវាគ្រូបង្រៀនជាតិថ្ងៃទី១៦ ខែមករា លោកប្ រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ពីតួនាទីសំខាន់របស់គ្រូបង្រៀន ដោយលោកគ្រូបង្រៀន ជាបុគ្គលដ៏សំខាន់ ក្នុងការកែប្រែក្មេងៗឱ្យក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេស។
«ក្រៅពីផ្តល់ចំណេះដឹង និងជំនាញដល់សិស្ស គ្រូបង្រៀន ក៏មានតួនាទីដ៏សំខាន់ក្នុងការបង្រៀនសិស្សឱ្យក្លាយជាពលរដ្ឋល្អ និងមានការទទួលខុសត្រូវសម្រាប់សហគមន៍, សង្គម និងជាតិផងដែរ»។ លោក Anucha Buraphachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានស្រង់សម្តីលោកប្រាយុទ្ធបែបនេះ។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ ពាក្យស្លោកសម្រាប់ទិវាគ្រូបង្រៀនក្នុងឆ្នាំនេះ គឺ «គ្រូបង្រៀនល្អ សិស្សល្អ និងមានអនាគត» ហើយវាត្រូវបានដាក់ដោយលោកនាយករដ្ឋមន្រ្តី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី ក៏បានជូនពរឱ្យគ្រូបង្រៀនមានសុភមង្គល សុខភាព និងភាពជោគជ័យនៅក្នុងការងារផង។
ទន្ទឹមនេះ លោក Anucha បានបន្ថែមថា រដ្ឋាភិបាលកំពុងផ្តោតលើការអភិវឌ្ឍគ្រូបង្រៀនប្រកបដោយគុណភាព និងមានជីវភាពល្អប្រសើរ ដើម្បីធានាថា គ្រូបង្រៀនអាចក្លាយជាកម្លាំងមួយសម្រាប់វិស័យអប់រំ៕
© រក្សាសិទ្ធិដោយ thmeythmey.com