ជាតិ
​​​ន​យោ​បាយ​ជាតិ​
អនុប្រធានបក្សភ្លើងទៀន៖«បើមិនហ៊ាននិយាយអ្វីសោះ មិនបាច់ធ្វើនយោបាយទេ នៅផ្ទះល្អជាង»
16, Jan 2023 , 5:09 pm        
រូបភាព
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងពិធីជួបជុំជាមួយអ្នកគាំទ្រគណបក្សភ្លើងទៀន នៅប្រទេសកូរ៉េខាងត្បូង ក្នុងឱកាសដែលលោកទៅធ្វើទស្សនកិច្ចនៅប្រទេសនេះ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់លោក)។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងពិធីជួបជុំជាមួយអ្នកគាំទ្រគណបក្សភ្លើងទៀន នៅប្រទេសកូរ៉េខាងត្បូង ក្នុងឱកាសដែលលោកទៅធ្វើទស្សនកិច្ចនៅប្រទេសនេះ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់លោក)។
ដោយ៖ ទេពញាណ 

ក្រោយរងព្យុះភ្លៀងមួយប្រាវ គណបក្សភ្លើងទៀន អាចនឹងប្រយ័ត្នប្រយែងជាងមុន ក្នុងការប្រើវោហារនយោបាយ តែបើឲ្យគណបក្សជំទាស់ ដែលកំពុងលេចធ្លោនេះ ឈប់រិះគន់រដ្ឋាភិបាល ឬគណបក្សកាន់អំណាចទាំងស្រុងនោះ ទំនងជាមិនអាចឡើយ។ គណបក្សកាន់អំណាចឯណោះវិញ ព្រមានចាត់វិធានការផ្លូវច្បាប់ បើអ្នកណា ហ៊ាននិយាយអ្វីប៉ះពាល់ដល់ខ្លួន។

 
 
តើគណបក្សភ្លើងទៀន នឹងបញ្ឈប់ ឬបន្ថយការវាយប្រហារលើគណបក្សប្រជាជនកម្ពុជាដែរឬទេ? លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បកស្រាយក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ថា កន្លងមក គណបក្សភ្លើងទៀន រិះគន់គណបក្សប្រជាជនកម្ពុជា មិនមែនវាយប្រហារឡើយ។ លោក ចាត់ទុក ថាជារឿងចម្លែក បើគ្រាន់តែរិះគន់ ក៏មិនបាននោះ ខណៈកម្ពុជា​ ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ 
 
អនុប្រធានគណបក្សភ្លើងទៀនរូបនេះ បង្ហាញការយល់ឃើញថា ការធ្វើនយោបាយ ចៀសមិនផុតពីការរិះគន់របស់គេនោះទេ។ លោក ថ្លែងដូច្នេះថា៖«យើង មានអ្វីត្រូវបញ្ឈប់ ព្រោះបើយើងបញ្ឈប់ មិននិយាយសោះ អាហ្នឹង មិនមែនជាប្រជាធិបតេយ្យទេ។ យើងធ្វើនយោបាយក្នុងសង្គមប្រជាធិបតេយ្យ បើយើង អត់ហ៊ាននិយាយអ្វីសោះ យើង មិនបាច់ធ្វើទេ នៅផ្ទះល្អជាង»។ 
 
អ្នកនយោបាយចាស់ទុំម្នាក់របស់គណបក្សភ្លើងទៀន គឺលោក គង់ គាំ ទើបនឹងរងការព្រមានពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោក ត្រូវសម្តេចព្រមាន ដោយសារលោក វាយប្រហារជាញឹកញាប់លើគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រើភាសាបែបចំអកដាក់ថ្ងៃ៧មករា ដែលគណបក្សកាន់អំណាចមួយនេះគោរពបូជា។ 
 
ក្នុងពិធី១ នៅខេត្តកំពង់ចាម កាលថ្ងៃទី៩មករា សម្តេច ហ៊ុន សែន បានយកករណីវាយខ្នោះលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ទាំងពាក់កណ្តាលអធ្រាត្រទៅព្រមានលោក គង់ គាំ។ លើសពីនេះ សម្តេច បានព្រមានរឹបអូសយកផ្ទះរបស់លោក ក្រោមហេតុផលថា ផ្ទះនោះ គឺជាអតីតទីស្តីការក្រសួងការបរទេស ដែលត្រូវលោកយកធ្វើជាកម្មសិទ្ធិ។ 
 
ចេញពីកម្មវិធីនោះ ប្រមុខរដ្ឋាភិបាល ពិតជាបានធ្វើដូចការព្រមានមែន ដោយស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សើរើ ដើម្បីយកផ្ទះនោះដាក់ចូលជាកម្មសិទ្ធិរបស់រដ្ឋវិញ។ ដោយមិនចង់វែងឆ្ងាយ លោក គង់ គាំ បានយល់ព្រមប្រគល់ដីនិងផ្ទះ ដែលលោករស់នៅតាំងទសវត្សរ៍៨០មក ទៅឲ្យរដ្ឋវិញ ហើយប្រមុខរដ្ឋាភិបាល ក៏យល់ព្រមបញ្ចប់រឿងនេះត្រឹមហ្នឹងដូចគ្នា ដោយមិនបន្តប្តឹងផ្តល់អ្វីទៀតនោះទេ។ 
 
ក្នុងពិធីខាងលើ ក្រៅពីលោក គង់ គាំ សម្តេច ហ៊ុន សែន បានដាស់តឿនទៅកាន់អ្នកនយោបាយទូទៅ កុំឲ្យយកគណបក្សប្រជាជនកម្ពុជា ធ្វើជាគោលដៅក្នុងការវាយប្រហារ។ លើសពីនេះ សម្តេច បង្គាប់ទៅមេធាវីគ្រប់រូបរបស់គណបក្សកាន់អំណាច ឲ្យតាមដានស្តាប់ ហើយចាប់ឲ្យជាប់នូវគ្រប់ចំណុច ដែលអ្នកនយោបាយជំទាស់ថ្លែងសារ។
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានព្រមានបន្ថែមពីលើការព្រមានរបស់សម្តេច ហ៊ុន សែន ទៅកាន់អ្នកដែលវាយប្រហារគណបក្សប្រជាជនកម្ពុជា។ លោក បានសរសេរទៅកាន់ក្រុមអ្នកកាសែត តាមរយៈបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១៤មករា យ៉ាងណាដូច្នេះថា៖«ចំពោះជនណាព្រហើនហ៊ានវាយប្រហារ និងជេរប្រមាថគណបក្សប្រជាជនកម្ពុជា នឹងត្រូវរងបណ្តឹងជាមិនខាន»។
 
អត្ថបទទាក់ទង
 
សារព័ត៌មានថ្មីៗ មិនអាចសុំការអធិប្បាយផ្ទាល់ពីអ្នកនាំពាក្យគណបក្សកាន់អំណាចឡើយ ដោយសារលោក មិនលើកទូរស័ព្ទ។
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ថាច់ សេដ្ឋា បរិយាយថា ក្នុងសង្គមប្រជាធិបតេយ្យ ការនិយាយឌឺដង ការឡកឡឺយ ការចម្អន់ និងការរិះគន់ទៅវិញទៅមក តែងកើតមានជាធម្មតា តែមិនមែនជាការវាយប្រហារ ការជាន់ពន្លិច និងការបង្កហិង្សានោះទេ។ លោក បន្តថា សង្គមប្រជាធិបតេយ្យនៅកម្ពុជា គួរមានទម្លាប់បែបនេះ ដើម្បីជំរុញឲ្យប្រជាជនចូលរួមក្នុងការរិះគន់គ្នាទៅវិញទៅមក។ 
 
លោក ទាមទារឲ្យបើកចិត្តទូលាយ ក្នុងការទទួលយកការរិះគន់ទៅវិញទៅមក ប្រសើរជាងការប្រើប្រព័ន្ធតុលាការ។ ជាមួយគ្នានេះ លោក ទទូចឲ្យក្រឡេកមើលការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅតាមបណ្តាប្រទេសលើពិភពលោក ហើយកម្ពុជា គួរយកគំរូតាម។ 
 
យ៉ាងណាក៏ដោយចុះ លោក ថាច់ សេដ្ឋា អះអាងថា គណបក្សភ្លើងទៀន តែងណែនាំអ្នកនយោបាយ ឬសមាជិក-សមាជិកាខ្លួន ឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌ក្នុងការនិយាយស្តី ដោយមិនត្រូវប្រមាថ វាយប្រហារ និងប្រើពាក្យអាមឹង ជាដើម ទៅលើអ្នកដទៃឡើយ។  
 
មុនលោក គង់ គាំ គឺលោក សុន ឆ័យ ដែលត្រូវអស់ផ្ទះដោយសារបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។ លោក សុន​ ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀនម្នាក់ដែរនោះ ត្រូវតុលាការរឹបអូសផ្ទះដល់ទៅ២កន្លែងឯណោះ ដោយសំអាងហេតុផលថា លោក មិនមានឆន្ទៈសងជំងឺចិត្តទៅគណបក្សកាន់អំណាចក្នុងទំហំទឹកប្រាក់១លានដុល្លារ។ លោក ត្រូវគណបក្សកាន់អំណាចប្តឹង ដោយសារលោកទិតៀនថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត ត្រូវគេលួចបន្លំ។ 
 
មុនលោក សុន ឆ័យ ទៀតនោះ គឺលោក សម រង្ស៊ី ដែលត្រូវតុលាការរឹបអូសផ្ទះ។ ផ្ទះរបស់លោក ត្រូវតុលាការលក់បានប្រាក់ជាង១,៦លានដុល្លារ ហើយបែងចែកទៅឲ្យដើមបណ្តឹង៤ភាគី គឺសម្តេច ហ៊ុន សែន សម្តេច ហេង សំរិន សម្តេច ស ខេង និង រដ្ឋ។ លោក បានប្រគល់ផ្ទះនោះឲ្យអតីតគណបក្សសង្គ្រោះជាតិ ធ្វើជាទីស្នាក់ការកណ្តាល៕ 
 
 

Tag:
 ថាច់ សេដ្ឋា
  គណបក្សភ្លើងទៀន
  គណបក្សប្រជាជនកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com