អន្តរជាតិ
ជប៉ុន និងឥណ្ឌាធ្វើសមយុទ្ធទ័ពអាកាសលើកដំបូង
16, Jan 2023 , 10:29 pm        
រូបភាព
ឧត្តមសេនីយ៍ទោ Takahisa Ishimura នៃកម្លាំងស្វ័យការពារអាកាសជប៉ុន (ខាងឆ្វេង) ចាប់ដៃជាមួយ វរសេនីយ៍ឯក
ឧត្តមសេនីយ៍ទោ Takahisa Ishimura នៃកម្លាំងស្វ័យការពារអាកាសជប៉ុន (ខាងឆ្វេង) ចាប់ដៃជាមួយ វរសេនីយ៍ឯក
ជប៉ុន និងឥណ្ឌា នៅថ្ងៃទី១៦ ខែមករា បានចាប់ផ្តើមសមយុទ្ធទ័ពអាកាសលើកដំបូង នៅក្បែរក្រុងតូក្យូ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិជប៉ុន។ សមយុទ្ធនេះ ធ្វើឡើងស្របពេលមានការកើនឡើងអំណាចយោធាចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

 
ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ជប៉ុន និងឥណ្ឌា បានប្រកាសពន្យារធ្វើសមយុទ្ធទ័ពអាកាស ដែលត្រូវបានឯកភាពដោយរដ្ឋមន្រ្តីការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរ។ ដោយជំងឺឆ្លងសកលស្ថិតក្នុងសភាពគ្រប់គ្រងបាន សមយុទ្ធទ័ពអាកាសលើកដំបូង ត្រូវបានធ្វើឡើងនៅឆ្នាំ២០២៣។
 
តាមការប្រកាសរបស់ក្រសួងការពារជាតិជប៉ុន សមយុទ្ធទ័ពអាកាសជប៉ុន-ឥណ្ឌា នឹងធ្វើឡើងរយៈពេល១១ថ្ងៃ ដោយផ្តើមពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី២៦ ខែមករា នៅជុំវិញមូលដ្ឋានទ័ពអាកាស Hyakuri ក្នុងខេត្ត Ibaraki ក្បែរក្រុងតូក្យូ។ សមយុទ្ធទ័ពអាកាសលើកដំបូងនេះ មានការចូលរួមពីយន្តហោះចម្បាំង F-2, យន្តហោះចម្បាំង F-15, យន្តហោះចម្បាំង  Su-30MK, យន្តហោះដឹកជញ្ជូន C-17 និងយន្តហោះសម្រាប់ចាក់ប្រេង IL-78។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ឥណ្ឌាជាប្រទេសទី៥ ហើយ ដែលចូលរួមធ្វើសមយុទ្ធយោធាទ្វេភាគីជាមួយជប៉ុន ខណៈប្រទេស៤ទៀតមានដូចជា អាម៉េរិក អូស្រ្តាលី អង់គ្លេស និងអាល្លឺម៉ង់។ កន្លងមក ឥណ្ឌាធ្លាប់តែធ្វើសមយុទ្ធកងទ័ពជើងគោក និងជើងទឹកជាមួយជប៉ុនប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា  ឥណ្ឌាត្រូវបានចាត់ទុកជាដៃគូដ៏ល្អមួយសម្រាប់ជប៉ុន ដោយសារភាគីទាំងពីរស្ថិតក្នុងភាពជាដៃគូសន្តិសុខចតុភាគី (QUAD) ជាមួយគ្នា។ បន្ថែមពីនេះ ជប៉ុន និងឥណ្ឌា សុទ្ធតែមានជម្លោះដែនដី និងទឹកជាមួយចិនផង៕
 

Tag:
 ជប៉ុន
  ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com