FIFA
កីឡាជាតិ
ជាតិ
ជាប់ជាអាជ្ញាកណ្តាល FIFA ហើយ តែលោក ឃិន ឧសីហា ចង់ក្លាយជាគ្រូអាជ្ញាកណ្តាលអន្តរជាតិទៀត
17, Jan 2023 , 8:59 am        
រូបភាព
លោក ឃិន ឧសីហា អាជ្ញាកណ្ដាលកីឡាបាល់ទាត់កម្ពុជា ក្លាយជាមន្ត្រីអាជ្ញាកណ្តាលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ( FIFA) នៅចុងឆ្នាំ២០២២។ ជាប់ជាអាជ្ញាកណ្ដាល FIFA លោក ឧសីហា បង្ហាញអារម្មណ៍មោទកភាពចំពោះលទ្ធផលដែលខ្លួនប្រឹងប្រែង ប៉ុន្ដែមិនបញ្ឈប់មហិច្ឆិតា ត្រឹមប៉ុណ្ណេះទេ ដោយលោកមានក្តីស្រមៃ ក្លាយជាគ្រូបណ្ដុះបណ្ដាលផ្នែកអាជ្ញាកណ្ដាលអន្ដរជាតិថែមទៀត។



លោក ឃិន ឧសីហា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ទាំងអារម្មណ៍សប្បាយរីករាយ ចំពោះលទ្ធផលវិជ្ជមាន ដែលខ្លួនបានខិតខំប្រឹងប្រែងអស់រយៈពេល ជាង៤ឆ្នាំក្នុងវិស័យជាអាជ្ញាកណ្ដាលបាល់ទាត់នៅកម្ពុជា ដោយចាត់ទុកថានេះ គ្រាន់តែជាជោគជ័យមួយប៉ុណ្ណោះ។ 
 

លោក ឃិន ឧសីហា អាជ្ញាកណ្ដាលក្នុងការប្រកួត Cambodian Premier League រូបពី CPL
 
អាជ្ញាកណ្ដាលរូបនេះ នឹងមិនបញ្ឈប់ការអភិវឌ្ឍខ្លួនត្រឹមប៉ុណ្ណេះទេ។ លោក ឧសីហា សម្លឹងឃើញថា ប្រសិនជាខ្លួន អាចក្លាយជាគ្រូបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលអន្ដរជាតិ រូបលោក នឹងអាចចែករំលែក និងផ្ទេរចំណេះដឹង ជាពិសេសអាចបង្កើតធនធានអាជ្ញាកណ្ដាលជាច្រើនទៀតសម្រាប់កម្ពុជា។
 
«ខ្ញុំ នឹងខំប្រឹងបន្ថែមទៀត ដើម្បីក្លាយជាគ្រូបណ្ដុះបណ្ដាលអាជីពម្នាក់ ព្រោះក្នុងប្រទេសរបស់យើង ខ្វះខាតផ្នែកអាជ្ញាកណ្ដាល ដើម្បីដឹកនាំការប្រកួតអន្ដរជាតិធំៗ។ អ៊ីចឹង យើងមិនទាន់អស់មហិច្ឆិតា ដែលយើងចង់បាន មិនត្រឹមតែជាអាជ្ញាកណ្ដាលទេ យើងចង់ក្លាយជាគ្រូបណ្ដុះបណ្ដាលអន្ដរជាតិ ព្រោះដើម្បីចែករំលែកអ្វី ដែលយើងបានដឹង ហើយអ្វីដែលយើងបានប្រកួតប្រជែងជាមួយគេ ដើម្បីអភិវឌ្ឍធនធានរបស់យើង ឲ្យល្អប្រសើទៅមុខទៀត។ ប្រសិន យើងកាន់តែមានលោកគ្រូ និងអ្នកគ្រូល្អ ច្រើននៅក្នុងប្រទេស។»។ លោក ឃិន ឧសីហា បាននិយាយប្រាប់សារព័ត៌មានថ្មីៗ អំពីសុទិដ្ឋិនិយមរបស់ខ្លួនបែបនេះ។

លោក ឃិន ឧសីហា បានស្ថិតជាបេក្ខភាពការសាកល្បង និងតេស្ដសមត្ថភាពរបស់ស្តាប័នកីឡាបាល់ទាត់ពិភពលោក នៅក្នុងបញ្ជីតេស្ដសាកល្បងជ្រើសរើស ធ្វើជាអាជ្ញាកណ្ដាលអន្ដរជាតិ មុនជាប់ជាមន្ត្រីអាជ្ញាកណ្តាលរបស់ FIFA។ 
  
លោក ឃិន ឧសីហា ក្នុងជំនួបរវាងវិសាខា និងព្រះខ័នរាជ ស្វាយរៀង រូបពី​ Cambodian Premier League
 
មុននិងក្លាយជាអាជ្ញាកណ្ដាលរបស់ FIFA ត្រូវមានលក្ខណសម្បត្តិមួយចំនួន។ ទី១ ត្រូវមានអាយុចាប់ពី ២៥ឆ្នាំឡើង, ទី២ គឺជាអាជ្ញាកណ្ដាល ដែលកាត់សេចក្ដីនៅលីគកំពូលក្នុងប្រទេស ដែលជាសមាជិករបស់ FIFA និងទី៣ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងប្រឡងជាប់ពី AFC Academic។ 
 
លោក ឧសីហា ដែលសព្វថ្ងៃមានវ័យ៣០ឆ្នាំ បានប្រឡងជាប់វគ្គបណ្ដុះបណ្ដាល AFC Academic កាលពីឆ្នាំ២០១៩ ដែលនេះស្របទៅនិងតម្រូវការ FIFA។ បន្ទាប់ពីនេះ គឺត្រូវការសិក្សាច្រើន និងការធ្វើតេស្ដលើការកាត់សេចក្ដីប្រកួតផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ដោយឡែក មុនពេលការតែងតាំងជាផ្លូវការនេះ លោក ឃិន ឧសីហា ក៏ធ្លាប់ធ្វើជាអាជ្ញាកណ្ដាលវិនិច្ឆ័យការប្រកួតមិត្តភាពអន្ដរជាតិ ៣ប្រកួតផងដែរ។
 
អាជ្ញាកណ្តាលកម្ពុជារូបនេះ បានចូលធ្វើជាអាជ្ញាកណ្ដាល ចាប់ពីឆ្នាំ២០១៨ ហើយក៏ត្រូវបាន FIFA ទទួលស្គាល់ និងតែងតាំងជាផ្លូវការនាចុងឆ្នាំ២០២២។ លោកឧសីហា បានប្រាប់ពីការឈានជើងចូលក្នុងវិស័យនេះថា ក្នុងឆ្នាំ២០១៧ រូបលោក គឺជាគ្រូឯកទេសអប់រំកាយ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ បន្ទាប់មកទៀត លោក ឧសីហា បានធ្វើជាអ្នកស្ម័គ្រចិត្ត នៅតាមទីលានបាល់ទាត់ធម្មតានៅរាជធានីភ្នំពេញ។ ក្រោយពីទទួលបានការណែនាំពីលោក គ្រូ និងរៀមច្បងក្នុងវិស័យនេះ លោកក៏មានចំណាប់អារម្មណ៍ធ្វើជាអាជ្ញាកណ្ដាល។ លុះដល់ឆ្នាំ២០១៨ អ្នកស្ម័គ្រចិត្តរូបនេះ បានចូលរួមវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ហើយក៏បានចាប់ផ្ដើមការងារនេះ បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាលនេះតែម្ដង។

លោក ឃិន ឧសីហា រាប់ពីខាងឆ្វេងដៃនៅទី២ កំពុងកម្ដៅសាច់ដុំ មុនការប្រកួត ចាប់ផ្ដើម រូបពី Cambodian Premier League

ពេលចេញអនុវត្តដំបូង រូបលោក ឧសីហា ធ្វើជាជំនួយការអាជ្ញាកណ្ដាល បាន៧ប្រកួត ក្រោយមកទៀត សហព័ន្ធ ក៏រើសអាជ្ញាកណ្ដាល ហើយក៏ត្រូវបានសហព័ន្ធជឿទុកចិត្ត និងលើកឲ្យធ្វើជាអាជ្ញាកណ្ដាល។ 
 
ក្នុងការកាត់សេចក្ដី អាជ្ញាកណ្ដាលរូបនេះ បញ្ជាក់ថាក៏ធ្លាប់ជួបឧបសគ្គច្រើន ទាក់ទងជាមួយសុខភាពនៃការហ្វឹកហាត់, ការរៀបចំខ្លួនឲ្យបានល្អ ជាមួយនិងកាយសម្បទា ដើម្បីឲ្យសមស្របជាមួយកម្លាំងប្រើប្រាស់លើទីលាន, ការស្វែងយល់ពីក្រុមនីមួយៗ ដែលត្រូវទៅដឹកនាំប្រកួត, ការស្វែងយល់ពីច្បាប់ និងគោលការណ៍ប្រកួត, ការប្រឈមមុខនិងបណ្ដាញសង្គម, និងសម្ពាធជាមួយក្លិប, គ្រូបង្វឹក និងកីឡាករ ដែលអាចកើតចេញពីការមិនពេញចិត្តចំពោះការកាត់សេចក្ដីណាមួយ។ អាជ្ញាកណ្ដាលវ័យ ៣០ឆ្នាំរូបនេះបន្ថែមថា នៅពេលការកាត់សេចក្ដី ដែលមានកំហុសឆ្គងណាមួយកើតឡើង លោក ឧសីហា តែងយកកំហុសនោះមកធ្វើការអភិវឌ្ឍខ្លួន ដើម្បីកុំឲ្យកើតមានតទៅទៀត។
 
លោក ឃិន ឧសីហា ជឿជាក់ថា ការតស៊ូប្រឹងប្រែង ដែលមានគោលដៅច្បាស់លាស់ អាចឲ្យរូបលោក សម្រេចបានគោលដៅជាក់ជាមិនខាននាថ្ងៃអានាគត៕
 

Tag:
 បាល់ទាត់
  ឃិន ឧសីហា
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com