ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ឃុំអូរសណ្ដាន់ មានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់១១គម្រោង ក្នុងឆ្នាំ២០២៣
×
ដោយ៖ ផាន់ សុខហួយ (យុវជនឃុំអន្លង់ត្នោត)
ស្រុកក្រគរ, ពោធិ៍សាត់៖ ផែនការអភិវឌ្ឍឃុំអូរសណ្តាន់ នៅឆ្នាំ២០២៣នេះ មានការងារអាទិភាព ១១គម្រោង ដែលសុទ្ធសឹងតែផ្តោតលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមភូមិនីមួយៗ។ ក្រៅពីការស្ថាបនាផ្លូវថ្នល់ អាជ្ញាធរឃុំ ក៏នឹងប្រើប្រាស់មូលនិធិឃុំ ដើម្បីជួយដល់វិស័យអប់រំ សុខាភិបាល និងសន្តិសុខសណ្ដាប់ធ្នាប់ ភូមិ-ឃុំផងដែរ។
លោក ម៉ម ធន មេឃុំអូរសណ្ដាន់ បានលើកឡើងថា គម្រោងអភិវឌ្ឍភូមិឃុំនៅឆ្នាំ២០២៣នេះ ផ្ដោតទៅលើការសាងសង់ និងស្ថាបនាផ្លូវថ្នល់។ គម្រោងផ្លូវនេះ ធ្វើឡើងក្រោមថវិកាមូលនិធិរបស់ឃុំចំនួន ៣ខ្សែ និងគម្រោងដែលធ្វើឡើងដោយជំនួយពីសប្បុរសមានចំនួន ៨ខ្សែ។ ជុំវិញថវិកាចំណាយលើគម្រោងទាំងនេះ លោក ម៉ម ធន មិនអាចបញ្ជាក់បាននោះទេ។
លោក ម៉ម ធន មេឃុំអូរសណ្ដាន់
លោក ម៉ម ធន រៀបរាប់យ៉ាងដូច្នេះ ផ្លូវ ៣ខ្សែ ជាផ្លូវលំដីស នឹងត្រូវស្ថាបនាឆ្លងកាត់ភូមិចំនួន៣ និងដាក់លូចំនួន ៣កន្លែង។ ផ្លូវលំដីស នៅភូមិចុងខ្លុង និងការជួសជុលផ្លូវនៅភូមិអូរសណ្ដាន់មួយខ្សែទៀត គឺជាថវិការបស់មូនិធិឃុំ។ ចំណែក ផ្លូវលំចំនួន ៨ខ្សែទៀត គឺជាជំនួយរបស់សប្បុរសជន។ «ក្រុមការងាររបស់ឃុំ បានចុះសិក្សាទៅលើផ្លូវដែលសប្បុរសជនផ្ដល់ជំនួយទាំង ៨ខ្សែ ឃើញថា កន្លែងខ្លះខូចខាតតិច ខ្លះខូចច្រើន។ ដូច្នេះត្រូវចាក់ដីបំពេញចាប់ពី ២០ឡាន ទៅ ៧០ឡាន។ ផ្លូវខូចខ្លាំងដោយសាររងជំនន់ទឹកភ្លៀង និងរថយន្តធំបានបើកបរ»។
លោកមេឃុំបានបញ្ជាក់បែបនេះ រួចបន្ថែមថា ឃុំអូរសណ្ដាន់មាន ៨ភូមិ ក្នុងចំណោមនោះ មានភូមិអូតាប្រុក និងភូមិអូរសណ្ដាន់ បានរងផលប៉ះបាល់ច្រើនជាងគេ ហើយក៏នឹងត្រូវជួសជុលឡើងវិញ នៅក្នុងឆ្នាំ២០២៣នេះ។
បើតាមលោក ម៉ម ធន ដដែល ក្រៅពីការស្ថាបនាផ្លូវថ្នល់ហើយ ខាងឃុំក៏មានគម្រោងស្វែងរកជំនួយពីសប្បុរសជននានា យកមកដាក់ភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងឃុំ។ លើសពីនេះ ឃុំក៏បានចូលរួមចំណាយថវិកាទៅលើវិស័យការអប់រំ វិស័យសុខាភិបាល និងសន្តិសុខសុវត្ថិភាពភូមិឃុំ និងសកម្មភាពចាំបាច់មួយចំនួនទៀតដែរ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ហេដ្ឋារចនាសម្ព័ន្ធ
ឃុំអូរសណ្ដាន់
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com