អ្នកស្រី Nualphan Lamsam ឬ Madam Pang ជាមហាសេដ្ឋីថៃ និងជាអ្នកស្រលាញ់វិស័យកីឡាបាល់ទាត់ម្នាក់ដ៏ខ្លាំងក្លា។ ក្រៅពីជាម្ចាស់ក្លិប Port FC នៃលីគកំពូលថៃ Madam Pang ក៏ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃផ្នែកបុរសនាពេលបច្ចុប្បន្ន និងធ្លាប់ជាអ្នកចាត់ការក្រុមស្ត្រីថៃផងដែរ។

ឈ្មោះ Madam Pang នៅក្នុងវិស័យបាល់ទាត់លែងជារឿងគួរភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្របាល់ទាត់ថៃ និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលទៀតហើយ។ លោកជំទាវ Pang បានចូលរួមចំណែកជ្រោមជ្រែងវិស័យកីឡាបាល់ទាត់ថៃយ៉ាងសកម្ម ទាំងក្រុមជម្រើសជាតិបុរស និងក្រុមស្ត្រីថៃ។ អ្វីដែលពិសេស អ្នកស្រីជាអ្នកផ្គត់ផ្គង់ និងឧបត្ថម្ភដ៏ធំសម្រាប់ក្រុមស្ត្រីទៀតផង។ ជាមួយនឹងសក្ដានុពលហិរញ្ញវត្ថុ និងការស្រឡាញ់ អ្នកស្រីបាននាំកីឡាបាល់ទាត់ថៃទៅកាន់ភាពជោគជ័យជាច្រើនក្នុងរយៈពេលចុងក្រោយ។
Madam Pang ដែលមានឈ្មោះផ្លូវការ Nualphan Lamsam កើតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ១៩៦៦ ក្នុងក្រុងបាងកកប្រទេសថៃ។ អ្នកស្រី ជាជំនាន់ទី ៥ នៃគ្រួសារ Lamsam ដែលជាគ្រួសារជនជាតិចិនដ៏ល្បីល្បាញមួយនៅក្នុងពិភពហិរញ្ញវត្ថុរបស់ប្រទេសថៃ។ Madam Pang បច្ចុប្បន្នជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង Muang Thai និងជាម្ចាស់ធនាគារ Kasikorn Bank ដ៏ល្បីរបស់ថៃផងដែរ។

កូនកាត់ថៃ-ចិនរូបនេះ បានសិក្សានៅសកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ Boston សហរដ្ឋអាម៉េរិក។ ក្នុងត្រកូលអ្នករកស៊ី៥ជំនាន់ Madam Pang ក្នុងវ័យ៥៦ឆ្នាំ ជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋី របស់ទស្សនាវដ្ឋីដ៏ល្បីអាម៉េរិក Forbes ជាមួយទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ។
អ្នកស្រីបានរៀបការជាមួយអ្នកជំនួញឈ្មោះ Vachara Phanchet ហើយមានកូនស្រីម្នាក់ឈ្មោះ Nuawan Phanchet ។ យ៉ាងណា ប្តីប្រពន្ធនេះបានលែងលះគ្នានៅដើមឆ្នាំ ២០០៥។ នៅឆ្នាំ ២០១៤ Madam Pang បានរៀបការជាលើកទីពីរហើយលើកនេះជាមួយលោកវរសេនីយ៍ឯក Narat Sawettananas។ អ្នកទាំងពីរតែងតែបង្ហាញខ្លួនជាមួយគ្នាក្នុងព្រឹត្តិការណ៍សំខាន់ៗ។

ក្រៅពីជំនួញ មហាសេដ្ឋីស្រីរូបនេះក៏មានចិត្តស្រឡាញ់វិស័យបាល់ទាត់យ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុនធានារ៉ាប់រង Muang Thai បានកាន់កាប់ក្លិប Port FC។ ជាមួយនឹងការវិនិយោគដ៏អស្ចារ្យរបស់ Madam Pang ក្លិប Port FC បានផ្លាស់ប្តូរមុខមាត់ថ្មី ដោយឈានចូលទៅប្រជែងនៅលីគកំពូលថៃ Thai League 1 និងឈ្នះ Thai National Cup ឆ្នាំ ២០១៩ ផង។
ទោះបីជាមិនដែលឈ្នះ Thai League 1 ប៉ុន្តែ Port FC ត្រូវបានគេទទួលស្គាល់ជាក្រុមខ្លាំងមួយ និងមានសក្ដានុពលផ្នែកហិរញ្ញវត្ថុ ហើយថែមទាំងមានទីផ្សារ និងមានកិច្ចសន្យាឧបត្តម្ភពីក្រុមហ៊ុនធំៗជាច្រើន។
ជាមួយនឹងក្រុមជម្រើសជាតិ Madam Pang ធ្លាប់ជាអ្នកផ្គត់ផ្គង់ធំដល់ក្រុមកីឡាបាល់ទាត់នារីថៃ។ ក្រុមហ៊ុនធានារ៉ាប់រង Muang Thai ជាអ្នកឧបត្ថម្ភនៃការប្រកួតបាល់ទាត់នារី ហើយកីឡាករនារីថៃត្រូវបានទទួលយកឱ្យធ្វើការជាបុគ្គលិករបស់ក្លិបផង។ Madam Pang ក៏ដើរតួសំខាន់ ក្នុងការនាំកីឡាបាល់ទាត់នារីថៃទៅជម្រុះជុំចុងក្រោយនៃការប្រកួតបាល់ទាត់នារីពិភពលោក World Cup ក្នុងឆ្នាំ ២០១៥ និង ២០១៧។

Madam Pang អបអរការឈ្នះពាន AFF Cup ពីរលើកជាប់គ្នាជាមួយក្រុមចម្រើសជាតិថៃ
នៅឆ្នាំ ២០២០ Madam Pang ត្រូវបានចាត់តាំងឱ្យគ្រប់គ្រងក្រុមបាល់ទាត់បុរសថៃ។ កាន់តំណែងជាអ្នកចាត់ការទូទៅភ្លាម ក្រុមរហស្សនាមដំរីចម្បាំងឈ្នះពានរង្វាន់ AFF Cup ឆ្នាំ២០២០ តែម្តង។
រហូតមកទល់បច្ចុប្បន្ននេះ Madam Pang តែងបង្ហាញវត្តមានគ្រប់ការប្រកួត ជាមួយគ្រូបង្វឹកលោក Mano Polking រហូតក្រុមថៃបន្តឈ្នះជើងឯកពានរង្វាន់តំបន់អាស៊ានឆ្នាំ២០២២ និងជាលើកទី២ជាប់គ្នា ក្រោមការគ្រប់គ្រងរបស់អ្នកស្រី។ ថៃបានយកឈ្នះវៀតណាមនៅជំនួបផ្តាច់ព្រ័ត្រជើងទី២ AFF Cup 2022 ក្នុងលទ្ធផល ១-០ និងសរុបទាំងពីរជើងថៃឈ្នះ ៣-២៕