កីឡាជាតិ
ជាតិ
ពាក់កណ្តាលម៉ារាតុនសំបូរព្រៃគុក រួមចំណែករកចំណូលពីទេសចរ និងផ្សាយពីដំណើរទៅស៊ីហ្គេម២០២៣
17, Jan 2023 , 11:29 am        
រូបភាព
កុមារា កុមារី ចូលរួមរត់ពាក់កណ្តាលម៉ារាតុងសំបូរព្រៃគុក២០២៣។
កុមារា កុមារី ចូលរួមរត់ពាក់កណ្តាលម៉ារាតុងសំបូរព្រៃគុក២០២៣។
ដោយ:
លោក ជីម គង់ហ៊ុយ ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡារត់ប្រណាំងពាក់កណ្តាលម៉ារាតុនសំបូរព្រៃគុកឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០២៣ និងជាមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាអត្តពលកម្មកម្ពុជា វាយតម្លៃខ្ពស់ចំពោះអត្តពលិកជម្រើសជាតិ និងយុវជនក្មេងៗ ដែលមកដល់គោលដៅមុនកាលកំណត់ដោយគ្មានបញ្ហា។ កម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារាតុន សំបូរព្រៃគុក២០២៣ នាទឹកដីខេត្តកំពង់ធំ បានបញ្ចប់ទៅដោយជោគជ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

 
អត្តពលិកជាង ២០០នាក់មកពីប្រាំប្រទេសចូលរួមក្នុងកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារាតុន សំបូរព្រៃគុក២០២៣ ដោយក្នុងនោះមានអត្តពលិកកីឡាអត្តពលិកមួយចំនួនចូលរួមផងដែរ។ ក្នុងនោះក៏មានការចូលរួមកម្សាន្តពីសិស្សានុសិស្សជាង ២០០នាក់។ 
  

លោក គីន សារឿន អត្តពលិកកីឡាអត្តពលកម្មជម្រើសជាតិកម្ពុជា។

គោលបំណងនៃការបង្កើតព្រឹត្តិការណ៍រត់ប្រណាំងនេះដែរ ប្រធានគណៈកម្មការរៀបចំការប្រកួត លោក ជីម គង់ហ៊ុយ បានផ្តល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មាថ្មីៗ នៅថ្ងៃទី១៥ ខែមករា នេះថា អ្វីដែលសំខាន់ចម្បងនោះគឺ ចង់ឱ្យក្មេងយល់ពីអត្ថប្រយោជន៍នៃកីឡារត់ ដែលនាំឱ្យមានសុខភាពល្អ និងអាចផ្សព្វផ្សាយពីតំបន់ទេសចរទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិដើម្បីមានចំណូលដល់សហគមន៍។
 
លោក ជីម គង់ហ៊ុយ និយាយថា៖«យើងបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីឱ្យអត្តពលិកដែលបានចូលរួមសប្បាយរីករាយ និងអាចជួយឱ្យសហគមប្រាសាទសំបូរព្រៃគុកអាចមានឱកាសក្នុងការទទួលបានចំណូលផង»។  អ្វីដែលសំខាន់បន្ថែមពីការរត់ប្រណាំងនោះគឺ កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុន ក៏រួមចំណែកផ្សាព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ ផងដែរ។
 
លោក ជីម គង់ហ៊ុយ បន្តថា៖«អ្វីដែលយើងធ្វើថ្ងៃនេះក៏បានចូលរួមចំណែកផងដែរ ដោយសារអត្តពលិកមួយចំនួនគាត់នឹងចូលរួមរត់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គែម២០២៣។ អ៊ីចឹង!ការប្រកួតនេះអាចថាជាឱកាសឱ្យពួកគាត់ហ្វឹកហាត់ត្រៀមស៊ីហ្គេមផងដែរ»។
 
ក្រោយបញ្ចប់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារាតុន សំបូរព្រៃគុក២០២៣ លោក គង់ហ៊ុយ វាយតម្លៃខ្ពស់ចំពោះកម្រិតសមត្ថភាពអត្តពលិកដែលបានចូលរួមរត់ប្រណាំងក្នុងកម្មវិធីនេះ ដែលបានបញ្ចប់ទៅដោយរលូនល្អ ពិសេសសមត្ថភាពយុវជនជំនាន់ក្រោយសុទ្ធតែអាចក្លាយជាកីឡាករ-កីឡាការិនីជម្រើសជាតិបាន។
 
លោក ជីម គង់ហ៊ុយ បញ្ជាក់ថា៖«អត្តពលិកដែលចូលរួមរត់ពុំមានអ្នករបួស ហើយបានមកដល់ទីតាមពេលកំណត់ដោយពុំមានបញ្ហា ដែលទាំងអស់គ្នាសុទ្ធតែមានសុវត្ថិភាពទោះផ្លូវឧបគ្គច្រើនក៏ដោយ។ កីឡាករ-កីឡាការិនីក្មេងៗសុទ្ធបានបង្ហាញនូវសមត្ថភាពរបស់គាត់ ដែលនេះសង្ឃឹមថាគាត់នឹងអាចក្លាយជាអត្តពលិកជម្រើសជាតិនាពេលអនាគត»៕
 

Tag:
 កីឡារត់ប្រណាំង
 ជីម គង់ហ៊ុយ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com