អន្តរជាតិ
ចំនួនប្រជាជនចិនធ្លាក់ចុះលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៦១
17, Jan 2023 , 2:59 pm        
រូបភាព
ចំនួនប្រជាជនចិន នៅក្នុងឆ្នាំ២០២២ បានថយចុះឡើងដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៦១ មក។ បើទោះរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាជនមានលទ្ធភាពយកកូនដល់ទៅ៣ ក៏ដោយ ក៏ចំនួនប្រជាជនចិននៅតែបន្តធ្លាក់ចុះ។

 
ចិន នៅក្នុងឆ្នាំ២០១៦ បានលុបចោល «គោលនយោបាយកូនមួយ» ក្រោយអត្រាកំណើតមានភាពធ្លាក់ចុះ មុននឹងអនុញ្ញាតឱ្យមានកូនពីរ។ នៅក្នុងឆ្នាំ២០២១ ចិនបានកែប្រែគោលនយោបាយមួយនេះបន្ថែមទៀត ដោយអនុញ្ញាតឱ្យប្រជាជនខ្លួនមានកូនរហូតដល់ទៅបី ដើម្បីបង្ការផលប៉ះពាល់លើសេដ្ឋកិច្ចនៅពេលអនាគត។ ដោយសារការចំណាយខ្ពស់ ប្រជាជនចិនមួយចំនួន មិនសូវចង់បានកូនឡើយ។ 
 
ទាក់ទិននឹងបញ្ហានេះ វាអាចប៉ះពាល់ដល់ចំនួនប្រជាជននៅក្នុងប្រទេស។ តាមការិយាល័យស្ថិតិជាតិ ចំនួនប្រជាជនចិននៅត្រឹមដំណាច់ឆ្នាំ២០២២ មានចំនួន១,៤១១៧៥ ពាន់លាននាក់ ខណៈនៅឆ្នាំ២០២១ មានចំនួន១,៤១២៦០ពាន់លាននាក់។ នេះជាការធ្លាក់ចុះលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៦១ មក។ 
 
នៅឆ្នាំមុន អត្រាកំណើតនៅចិនមានត្រឹម៦,៧៧ប៉ុណ្ណោះក្នុងចំនួនមនុស្ស១ពាន់នាក់។ ចំណែកនៅក្នុងឆ្នាំ២០២១ វាមានអត្រា ៧,៥២ ក្នុងចំណោមមនុស្ស១ពាន់នាក់។ អត្រាកំណើតរបស់ចិន ក្នុងឆ្នាំ២០២២ ជាអត្រាកំណើតដ៏ទាបបំផុត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
មិនតែប៉ុណ្ណោះ ចិនមានអត្រាស្លាប់ខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ១៩៧៦ មក។ នៅក្នុងឆ្នាំ២០២២ ចិនមានអត្រាមរណៈ ៧,៣៧ ក្នុងចំណោម ១ពាន់នាក់ បើធៀបនឹងឆ្នាំ២០២១ ដែលមានអត្រា ៧,១៨។
 
បើទោះរដ្ឋាភិបាលក្នុងតំបន់ បានដាក់ចេញចំណាត់ការជាច្រើនចាប់តាំងពីឆ្នាំ២០២១ មកដូចជា ការកាត់ពន្ធ ការដាក់ច្បាប់មាតុភាពរយៈពេលវែង និងជំនួយផ្នែកផ្ទះសម្បែង ក៏វិធានការនោះ ទំនងជាមិនត្រូវបានរំពឹងទទួលបានលទ្ធផលក្នុងរយៈពេលវែងឡើយ៕
 

Tag:
 ចិន
  ចំនួនប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com