កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក សុខ​ សប្បាយណា៖ ក្នុងកីឡា យើងសាទរអ្នកឈ្នះ…អ្នកចាញ់ យើងបន្តគាំទ្រ
17, Jan 2023 , 3:59 pm        
រូបភាព
លោក សុខ សប្បាយណា ថ្លែងក្នុងពិធីសម្ភោធទីលានបាល់ទាត់ទាំង២៥ រាជធានី-ខេត្ត
លោក សុខ សប្បាយណា ថ្លែងក្នុងពិធីសម្ភោធទីលានបាល់ទាត់ទាំង២៥ រាជធានី-ខេត្ត
ការប្រកួតកីឡាតែងមានជោគជ័យ និងបរាជ័យ ប៉ុន្ដែលទ្ធផល មិនបានកំណត់អ្វីៗទាំងអស់ទេ ផ្ទុយទៅវិញការស្រឡាញ់ និងសាមគ្គីភាពគ្នា រវាងប្រជាជនកម្ពុជា ក្នុងអត្ថន័យ «បេះដូងលោតក្នុងចង្វាក់តែមួយ»ទើបជាលទ្ធផលវិជ្ជមាន។ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីសម្ភោធទីលានបាល់ទាត់សាលាតម្រង់ទិសទាំង២៥ រាជធានី-ខេត្ត នៅវិទ្យាល័យអង្គរ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដូច្នេះ មុនបន្ថែមថា ការផ្សព្វផ្សាយស៊ីហ្គេម គឺជារឿងសំខាន់សម្រាប់ឆ្នាំ២០២៣ ប៉ុន្ដែកម្ពុជា ត្រូវយកព្រឹត្តិការណ៍នេះ មកផ្សព្វផ្សាយឲ្យគេស្គាល់មុខមាត់ អរិយធម៌ វប្បធម៌ និងអត្ដសញ្ញាណជាតិខ្មែរ ផងដែរ។



លោក សុខ សប្បាយណា បានបញ្ជាក់ពីសុទិដ្ឋិនិយ័មខ្លួន ចំពោះការប្រកួតកីឡានានា ដោយជឿថា សកម្មភាពទាំងអស់នោះ មានអត្ថន័យល្អជាច្រើន មិនមែនត្រឹមតែលទ្ធផលឈ្នះ ឬចាញ់ប៉ុណ្ណោះទេ។ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡារូបនេះ បាននិយាយដូច្នេះថា៖«ក្នុងវិស័យកីឡាពិតជាមានឈ្នះ និងចាញ់ ប៉ុន្ដែឈ្នះ និងចាញ់មិនមែនជាអ្វីៗទាំងអស់នោះឡើយ ព្រោះការខិតខំហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ស្ទើតែមួយជីវិតដើម្បីតំណាងជាតិមាតុភូមិ។ អ៊ីចឹង យើងគួរគាំទ្រពួកគាត់។ ពិតជាច្បាស់ណាស់ យើងសាទរ នៅពេលគាត់ទទួលបានជោគជ័យ ប៉ុន្ដែយើងគួរតែបន្ដគាំទ្រគាត់ នៅពេលដែលគាត់មិនទទួលបានជោគជ័យ។ នេះ គឺជាការគាំទ្រគ្នាជានិរន្ដរភាព។»។
  

ប្រតិភូ និងគណប្រតិភូកិត្ដិយស ចូលរួមពិធីសម្ភោធទីលានបាល់ទាត់ ទាំង២៥ រាជធានី-ខេត្ត
 
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្នុងយុទ្ធនាការណ៍ផ្សព្វផ្សាយស៊ីហ្គេម សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្កើតយុទ្ធនាការណ៍«យុទ្ធនាការណ៍លើសពីការប្រកួត» (Beyond the Games) ដែលជម្រុញឲ្យប្រជាជនកម្ពុជា ស្រឡាញ់ និងគាំទ្រដល់អត្ដពលិក ដែលកំពុងហ្វឹកហាត់ និងប្រកួតដើម្បីជាតិមាតុភូមិ។
 
«លើសពីកីឡា នៅពេលដែលពិភពលោក សម្លឹងមើលមកកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម គេសួរថាកម្ពុជា មានតែកីឡាទេឬ ដើម្បីបង្ហាញពិភពលោក យើងត្រូវមានវប្បធម៌ កេរ្ដិ៍ដំណែលដូនតា របស់យើង ស្នាមញញឺមរបស់យើង យើងមានមោទកភាពជាតិយើង។»។ មិនមែនត្រឹមតែផ្សព្វផ្សាយស៊ីហ្គេមទេ ប៉ុន្ដែយើងត្រូវយកស៊ីហ្គេម មកផ្សព្វផ្សាយកម្ពុជា។ ជម្រុញស្មារតីឲ្យចេះស្រឡាញ់ ការរាប់អាន ការចេះជួយគ្នា ដែលនេះ យើងហៅថា «បេះដូងលោតក្នុងចង្វាក់តែមួយ»។»។ លោក សុខ សប្បាយណា បានបញ្ជាក់អំពីគោលដៅនៃយុទ្ធនាការណ៍ Beyond the Games ដូច្នេះ។
 
ក្នុងពិធីសម្ភោធទីលានបាល់ទាត់ដដែរនេះ អនុរដ្ឋលេខាធិការរូបនេះ បន្ដទៀតថា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១១ គឺជាគោលដៅសំខាន់របស់កម្ពុជា ប៉ុន្ដែមិនមែនជាគោលដៅចុងក្រោយទេ។ នោះ មានន័យថា កម្ពុជា ជាពិសេសសហព័ន្ធកីឡាជាតិទាំងអស់ នៅតែបន្ដអភិវឌ្ឍ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ដើម្បីវឌ្ឍន៍ភាពនៃវិស័យកីឡានៅកម្ពុជា។
 
លោក សុខ សប្បាយណា បានបញ្ជាក់បន្ថែម អំពីការអនុវត្តគំនិតផ្ដួចផ្ដើម សាលាតម្រង់ទិសកីឡាបាល់ទាត់រាជធានីខេត្ត តាមរយៈការចុះអនុសារណៈ នៃការយោគយល់គ្នាជាមួយក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងមានការគាំទ្រថវិការពី FIFA។ ការអនុវត្តគំនិតផ្ដួចផ្ដើមនេះ គឺមានសារសំខាន់ដល់សង្គម និងផ្ដល់ឱកាសដល់យុវជនកម្ពុជា ដោយមានគោលដៅសំខាន់ គឺសង្ឃឹមថាយុវជនកម្ពុជា អាចលេងកីឡាបាលទាត់បានត្រឹមត្រូវតាមក្បួនខ្នាត និងបច្ចេកទេសល្អ ជាពិសេសទៀតនោះ ការទទួលបាននូវសុខភាពល្អ។ នេះ ក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍយុវជន ក្នុងវិស័យអប់រំ មិនត្រឹមតែទទួលបានពុទ្ធិ ពីស្ថាប័នសិក្សា ប៉ុន្ដែយុវជនទាំងនោះ ក៏ទទួលបាន សុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។
 
«យើង មានក្ដីសង្ឃឹមនាពេលអនាគតថា យុវជនកម្ពុជាអាចលេងកីឡាបាលទាត់បានត្រឹមត្រូវតាមក្បួនខ្នាត និងបច្ចេកទេស ព្រមទាំងទទួលបានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រៅពីទទួលបាន ពុទ្ធិពីសាលារៀន និងបង្កើតទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព និងការអប់រំឲ្យចេះរួបរួមគ្នា ជាក្រុម និងរួមចំណែកកាត់បន្ថយភាពអសកម្មក្នុងសង្គម។»។ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានថ្លែងដូច្នេះ។
 
ម្យ៉ាងវិញទៀត លោក សុខ សប្បាយណា ក៏បានបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់តាមសាលាបឋមសិក្សា និងអនុវិទ្យាល័យកម្ពុជា អាចឲ្យយុវជន សិស្សានុសិស្ស អាចបំពេញក្ដីស្រមៃរបស់ខ្លួនដើម្បីក្លាយជាអត្ដពលិកជម្រើសជាតិ ឬកីឡាករ-កីឡាការិនីអាជីព។
 
គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ព្រមទាំងធ្វើកំណែទម្រង់គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខណ្ឌគោល       នយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្តោតលើកំណែទម្រង់ជាអាទិភាពចំនួន៤ចំណុច ដើម្បីពន្លឿនការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា និងជាពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមគឺ

១. ការជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា

២. ការបណ្តុះបណ្តាលធនធានមនុស្ស ៣. ការកែលម្អរចនាសម្ព័ន្ធការប្រកួត

៤. ការពង្រឹងសហព័ន្ធកីឡាជាតិ។ លោក សុខ សប្បាយណា ក៏បានអំពាវនាវឲ្យ នាយកសាលាតម្រង់ទិស ត្រូវបន្ដគាំទ្រ និងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការថែទាំទីលានបាល់ទាត់ឲ្យបានល្អ, ការៀបចំហ្វឹកហាត់យុវជនឲ្យបានត្រឹមត្រូវ និងការរៀបចំការប្រកួតដោយមានស្មារតីទទួលខុសត្រូវខ្ពស់៕
 

Tag:
 ស៊ីហ្គេម
  សុខ សប្បាយណា
© រក្សាសិទ្ធិដោយ thmeythmey.com