អន្តរជាតិ
កំហុសមន្ត្រី​ថ្នាក់ក្រោម ប្រធានាធិបតី​វៀតណាម​លាលែងពីតំណែង​ដើម្បី​បង្ហាញការទទួល​ខុសត្រូវ​​
17, Jan 2023 , 4:33 pm        
រូបភាព
ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក ។ រូបថត AFP
ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក ។ រូបថត AFP
ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក សម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួន និងតំណែងផ្សេងទៀតក្នុងជួរបក្សកុម្មុយនីស្តវៀតណាម ដើម្បីទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងក្នុងការដឹកនាំរបស់លោកក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។ បក្សកាន់អំណាចវៀតណាម ក៏យល់ព្រមចំពោះការសុំលាលែងនេះដែរ។

 
គណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១៧ ខែមករា យល់ព្រមតាមសំណើររបស់លោក ង្វៀន សួនហ្វ៊ុក ដែលសុំលាលែងពីតំណែងប្រធានាធិបតី។​ លោក ហ្វ៊ុក ក៏លាលែងពីតំណែងសមាជិកការិយាល័យនយោបាយ និងពីគណៈមជ្ឈិមដែរ។
 
អំពើពុករលួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមូលហេតុចម្បងដែលនាំឱ្យលោក ហ្វ៊ុក ចុះចេញដើម្បីបង្ហាញការទទួលខុសត្រូវ។ ក្នុងតំណែងប្រធានាធិបតី លោក ហ្វ៊ុក បានដឹកនាំការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងប្រទេស។ បើតាមសេចក្ដីប្រកាសរបស់គណៈមជ្ឈិម ក្នុងនាមជាមេដឹកនាំ លោក ហ្វ៊ុក បែរជាបណ្ដែតបណ្ដោយឱ្យមន្រ្តីប្រព្រឹត្តកំហុសដែលបង្កផលវិបាកធ្ងន់ធ្ងរ។
 
ឧបនាយករដ្ឋមន្ត្រីពីរនាក់ បានសុំលាលែងពីតំណែងរួចហើយដែរ ខណៈរដ្ឋមន្រ្តីពីរនាក់ទៀត និងមន្រ្តីជាន់ខ្ពស់មួយចំនួន កំពុងរងក្ដីក្ដាំតាមផ្លូវតុលាការជុំវិញសំណុំរឿងអំពើពុករលួយក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាមចូលប្រទេសអំឡុងការរាលដាលខ្លាំងរបស់ជំងឺកូវីដ-១៩ ដែលត្រូវបង្ខំឱ្យបង់ប្រាក់ និងការលក់គ្រឿងបរិក្ខារសុខាភិបាលលើសថ្លៃកំណត់។ ដោយសារបញ្ហាទាំងនេះ លោក ហ្វ៊ុក​ សុខចិត្តលាលែង ហើយចូលនិវត្តន៍តែម្ដង។
 
លោក ហ៊្វុក ក្លាយជាប្រធានាធិបតីនៅឆ្នាំ២០២១ បន្ទាប់ពីធ្វើជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១។ លោកក៏ជាបេក្ខភាពម្នាក់សម្រាប់តំណែងលេខាបក្សផងដែរ។ 
 
យ៉ាងណាមិញ ការចាកចេញរបស់លោក ហ៊្វុក ក៏ត្រូវមើលឃើញថា ជាការផាត់ចេញបេក្ខភាពដែលអាចប្រជែងឥទ្ធិពលលោក ង្វៀន ភូជុង ក្នុងជួរបក្ស។ ឧបនាយករដ្ឋមន្ត្រីទាំងពីរមានលោក ផាម ប៊ិញមិញ និងលោក វ៉ូ ឌឹកដាំ ដែលទទួលបានការសិក្សានៅលោកខាងលិច ហើយដែលលាលែងពីតំណែងដោយសាររឿងនេះ ក៏ទំនងជាត្រូវដកចេញដើម្បីបញ្ចៀសបញ្ហាសម្រាប់មនុស្សជំនិតលោក ជុង ដូចគ្នាដែរ។    
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com