កីឡាអន្តរជាតិ
អន្តរជាតិ
Shakhtar Donetsk ត្រៀម ២៥លានដុល្លារជួយអ៊ុយក្រែន ក្រោយលក់ Mudryk បានជាង១០០លានដុល្លារ
17, Jan 2023 , 5:59 pm        
រូបភាព
រូបភាព៖ Chelsea Football Club
រូបភាព៖ Chelsea Football Club
​Shaktar Donetsk ក្រុមខ្លាំងនៃលីគកំពូលអ៊ុយក្រែន ត្រៀមថវិកាប្រមាណ ២៥លានដុល្លារសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ក្រោយពួកគេបានលក់ខ្សែប្រយុទ្ធ Mykhailo Mudryk ទៅឱ្យ Chelsea ក្នុងតម្លៃ ១០៨ដុល្លារអាម៉េរិក។



២៥លានដុល្លារដែលក្លិប ​Shakhtar Donetsk បរិច្ចាគសម្រាប់ជួយទៅដល់ក្រុមទាហានអ៊ុយក្រែនដែលកំពុងតស៊ូក្នុងសង្គ្រាប់អ៊ុយក្រែន-រុស្ស៊ី និងជួយដល់ក្រុមគ្រួសារទាហានទាំងនោះ។ នេះបើតាមប្រធានក្លិប ​Shakhtar Donetsk លោក Rinat Akhmetov និយាយថ្ងៃទី១៦ ខែមករា​។ ការប្រកាសបែបនេះកើតឡើងក្រោយមួយថ្ងៃបន្ទាប់ពីក្រុមខ្លាំងអ៊ុយក្រែនមួយនេះ ទទួលបានប្រាក់ពីការផ្លាស់ខ្សែប្រយុទ្ធស្លាប Mykhailo Mudryk ទៅកាន់ក្លិប Chelsea។
 
កីឡាករវ័យ ២២ឆ្នាំសញ្ជាតិអ៊ុយក្រែនបានផ្លាស់ទៅកាន់ក្រុមតោខៀវកាលពីថ្ងៃទី១៥ ខែមករា ក្រោយបញ្ចប់ការចរចាលើការផ្ទេរ ជាមួយតម្លៃខ្លួន ១០៨លានដុល្លារ ជាមួយកិច្ចសន្យារយៈពេល ៨ឆ្នាំ។ 
 
បើតាមការអះអាងរបស់ Shakhtar ពួកគេនឹងទទួលបានប្រាក់ប្រមាណ ៧៦លានដុល្លារពីថ្លៃខ្លួនកីឡាករ និង ៣២លានដុល្លារទៀតជាថ្លៃប្រាក់រង្វាន់ផ្សេងៗ ហើយក្លិបអ៊ុយក្រែននេះ បានបន្ថែមថាការផ្ទេរនេះគឺជាតម្លៃផ្ទេរបំបែកកំណត់ត្រាប្រចាំក្លិប និងប្រចាំលីគនៅអ៊ុយក្រែនផង។
 
ក្រោយទទួលបានប្រាក់ពីការផ្ទេរនោះ ប្រធានក្លិបលោក Akhmetov បាននិយាយថាប្រាក់ដែលទទួលបានទាំងនោះនឹងបែងចែកជាផ្នែកមួយនៃគម្រោងដែលមានឈ្មោះថា«Heart of Azovstal» ក្នុងគោលដៅផ្តល់ថវិកាឧបត្ថម្ភទៅកាន់ក្រុមទាហានដែលការពារនៅតំបន់ Mariupol និងក្រុមគ្រួសាររបស់ទាហានដែលបានបាត់បង់ជីវិត។ 
 
«ថ្ងៃនេះខ្ញុំនឹងបែងចែកប្រាក់ ២៥លានដុល្លារដើម្បីជួយទៅដល់ក្រុមទាហានអ៊ុយក្រែន ដែលជាអ្នកការពារ រួមទាំងផ្តល់ជូនទៅកាន់ក្រុមគ្រួសាររបស់ពួកគេ។ ​ប្រាក់ទាំងនោះនឹងត្រូវប្រើប្រាស់សម្រាប់រ៉ាប់រងតម្រូវការផ្សេងៗ ដូចជាថ្នាំពេទ្យ ការព្យាបាលផ្សេងៗទៅតាមសំណើរជាក់លាក់ជាពិសេស។[…]។»។ លោក Akhmetov បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ក្លិប។
 
បច្ចុប្បន្នសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ីកំពុងតែបន្តយ៉ាងក្តៅកគុកតាំងពីខែកុម្ភៈ ឆ្នាំ ២០២២ រហូតមកដល់ពេលនេះ។ 
 
ក្រុមតោខៀវ​ Chelsea ធ្លាប់មានម្ចាស់ជាជនជាតិរុស្ស៊ីដោយកាលនោះលោក Roman Abramovic ជាអ្នកគ្រប់គ្រង ប៉ុន្តែលោកបានលក់ក្លិបក្រោយពេលប្រទេសរុស្ស៊ីបានចូលលុកលុយប្រទេសអ៊ុយក្រែន។ ​Chelsea បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់លោក Todd Boehly ដែលជាម្ចាស់ក្លិបដែលរួមសហការដោយក្រុមហ៊ុន Clearlake Capital និងមហាសេដ្ឋីចំនួន ៤រូបផ្សេងទៀត៕
 

Tag:
 Shaktar Donetsk
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com