កីឡាអន្តរជាតិ
អន្តរជាតិ
Australian Open ហាមប្រើទង់ជាតិរុស្ស៊ី និងបេឡារុសក្នុងការប្រកួត ស្របតាមការតវ៉ាអ៊ុយក្រែន
17, Jan 2023 , 8:29 pm        
រូបភាព
ក្នុងការប្រកួតពានរង្វាន់វាយកូនបាល់ Australian Open មិនអនុញ្ញាតឱ្យប្រើប្រាស់ទង់ជាតិរុស្ស៊ី និងបេឡារុសឡើយ។ ការហាមនេះ កើតឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអូស្ត្រាលីតវ៉ា ក្រោយឃើញមនុស្សម្នាក់បានបង្ហាញទង់ជាតិរុស្ស៊ីក្នុងចំណោមអ្នកទស្សនានាការប្រកួតកីឡាវាយកូនបាល់នេះ។



ទង់ជាតិដែលមានពណ៍ក្រហម ស និងឆ្នូតខៀវ ដែលជាទង់ជាតិរុស្ស៊ី ត្រូវបានគេឃើញបង្ហាញវត្តមាននៅក្នុងការប្រកួតវាយកូនបាល់កម្មវិធី Australian Open អំឡុងការប្រកួតជុំទីមួយរវាងកីឡាការិនីអ៊ុយក្រែន Kateryna Baindl និងកីឡាការិនីរុស្ស៊ី Kamilla Rakhimova នៅថ្ងៃទី១៦ ខែមករា។
 
ក្រោយពេលដែលមានប្រតិ្តកម្មពីសំណាក់អ៊ុយក្រែន សមាគមរៀបចំកម្មវិធីប្រកួតវាយកូនបាល់អូស្ត្រាលីបានចេញសេចក្តីថ្លែងការហាមឃាត់ការប្រើប្រាស់ទង់ជាតិរុស្ស៊ីនិងបេឡារុស។
«ទង់ជាតិប្រទេសរុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់ក្នុងព្រឹត្តិការណ៍ Australian Open។ គោលការណ៍ដំបូងរបស់យើងគឹថាអ្នកគាំទ្រអាចនាំគ្នាចូលទស្សនាការប្រកួត ប៉ុន្តែអ្នកគាំទ្រទាំងនោះមិនអាចប្រើប្រាស់ទង់ជាតិទាំងពីរនេះទេ ដែលជាហេតុបង្កជាការរំខាន»។ សមាគមវាយកូនបាល់អូស្ត្រាលីបាននិយាយក្នុងសេចក្តីប្រកាសបែបនេះ។
 
ចាប់តាំងពីរុស្ស៊ីបានចូលលុកលុយប្រទេសអ៊ុយក្រែនតាំងពីឆ្នាំ ២០២២ មក ការប្រកួតវាយកូនបាល់បានហាមឃាត់ដល់កីឡាករដែលជាជនជាតិរុស្ស៊ីមិនឱ្យប្រើប្រាស់ទង់ជាតិខ្លួនក្នុងការប្រកួតឡើយ ដូចទៅនឹងការហាមឃាត់ក្នុងកម្មវិធី Australian Open ពេលនេះដែរ។
 
អំឡុងការប្រកួតនោះកីឡាការិនី Baindl បានយកឈ្នះលើការប្រកួតលើកីឡាការិនីអាម៉េរិក Caty McNally នៅវគ្គជុំទីពីរដោយលទ្ធផល ៣សិត ៧-៥, ៦-៧(៨-១០) និង ៦-១ បន្ទាប់ពីឈ្នះកីឡាការិនីរុស្ស៊ីរួចមក។
 
ទាក់ទងនឹងការប្រកួតកម្មវិធីលំដាប់ Grand Slam នេះទៀតសោតឯកអគ្គរដ្ឋទូតអ៊ុយក្រែនលោក Vasyl Myroshnychenko កាលពីសប្តាហ៍មុនក៏បានជំរុញឱ្យអ្នករៀបចំកម្មវិធី ហាមឃាត់កីឡាកររុស្ស៊ីនិងបេឡារុសពីការប្រកួតតែម្តង។ 
 
កាលពីការប្រកួតព្រឹត្តិការណ៍ US Open និង Wimbledon កាលពីឆ្នាំមុខ បានប្រើប្រាស់ការដាក់បម្រាមហាមកីឡាកររុស្ស៊ី និងបេឡារុសមិនឱ្យចូលរួមប្រកួតក្នុងកម្មវិធីនោះឡើយ៕
 

Tag:
 Australia Open
© រក្សាសិទ្ធិដោយ thmeythmey.com