អន្តរជាតិ
​អង្គការយូណេស្កូ៖ ករណីសម្លាប់អ្នកសារព័ត៌មានកើនឡើង៥០ភាគរយ ក្នុងឆ្នាំ២០២២
17, Jan 2023 , 9:29 pm        
រូបភាព
ប្រជាជនប៉ាឡេស្ទីនតវ៉ា នឹងការសម្លាប់អ្នកសារព័ត៌មាន Al-Jazeera លោកស្រី Shireen Abu Akleh នៅក្នុងឆ្នាំ២០២២ កន្លងទៅ។ រូបភាព AFP
ប្រជាជនប៉ាឡេស្ទីនតវ៉ា នឹងការសម្លាប់អ្នកសារព័ត៌មាន Al-Jazeera លោកស្រី Shireen Abu Akleh នៅក្នុងឆ្នាំ២០២២ កន្លងទៅ។ រូបភាព AFP
អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី១៦ ខែមករា បានបញ្ជាក់ថា អ្នកសារព័ត៌មាន និងបុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយចំនួន៨៦នាក់ ត្រូវបានសម្លាប់។ បានន័យថា អ្នកសារព័ត៌មានម្នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ៤ថ្ងៃ។ ជុំវិញបញ្ហានេះ ប្រមុខអង្គការយូណេស្កូ បានអំពាវនាវឱ្យមានការពង្រឹងផ្នែកសន្តិសុខ និងការពារសុវត្ថិភាពលើអ្នកសារព័ត៌មាន។

 
នៅចន្លោះឆ្នាំ២០១៩ ដល់២០២១ អ្នកសារព័ត៌មានចំនួន៥៨នាក់ ត្រូវបានសម្លាប់ជាមធ្យម។ ករណីនេះ បានកើនឡើងប្រមាណ៥០ភាគរយ នៅក្នុងឆ្នាំ២០២២។ តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែមករា អង្គការយូណេស្កូ បានបញ្ជាក់ថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានចំនួន​៨៦នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២២ ពោលគឺ អ្នកសារព័ត៌មានម្នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល៤ថ្ងៃ។ 
 
«បន្ទាប់ពីថយចុះ ៤ ឬ៥ឆ្នាំជាប់គ្នា ការកើនឡើងនៃករណីស្លាប់លើអ្នកសារព័ត៌មានក្នុងឆ្នាំ២០២២ ស្ថិតក្នុងកម្រិតអាសន្ន»។ អគ្គនាយិកាអង្គការយូណេស្កូ លោកស្រី​ Audrey Azoulay បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដោយបន្តអំពាវនាវឱ្យអាជ្ញាធរប្រទេសនីមួយៗ បង្កើនកិច្ចខិតខំក្នុងការបញ្ឈប់ឧក្រិដ្ឋកម្មទាំងនោះ និងធានាថាឧក្រិដ្ឋជន ត្រូវតែទទួលទោស។ 
 
បើតាមអង្គការយូណេស្កូ ចំនួនពាក់កណ្តាលនៃអ្នកសារព័ត៌មាន ដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០២២ គឺស្ថិតនៅក្នុងពេលមិនបំពេញតួនាទី ដូចជាពេលកំពុងធ្វើដំណើរ នៅផ្ទះ នៅកន្លែងចតរថយន្ត ឬនៅកន្លែងសាធារណៈផ្សេងៗ។ 
 
មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន ដែលត្រូវបានសម្លាប់នៅក្នុងតំបន់មានជម្លោះបានកើនដល់ ២៣នាក់ នៅក្នុងឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២១ មានត្រឹមតែ២០នាក់។ ត្រង់ចំណុចនេះ អង្គការយូណេស្កូ ចង់ចង្អុលបង្ហាញថា អ្នកសារព័ត៌មានភាគច្រើន ត្រូវបានសម្លាប់នៅក្នុងប្រទេស ដែលមិនមានជម្លោះ ដោយកើនពី៣៥ករណីនៅក្នុងឆ្នាំ២០២១ ដល់៦១ករណី នៅក្នុងឆ្នាំ២០២២។​
 
នៅក្នុងឆ្នាំ២០២២ តំបន់ ដែលមានអ្នកសារព័ត៌មានត្រូវបានសម្លាប់ច្រើនជាងគេ គឺតំបន់ការីប៊ីន ដែលមានចំនួន ៤៤នាក់ ខណៈអាស៊ី និងតំបន់ប៉ាស៊ីហ្វិកមានចំនួន ១៦នាក់។ ចំណែកនៅអឺរ៉ុបភាគខាងកើតមានចំនួន ១១នាក់។ សម្រាប់ប្រទេសដែលមានអ្នកសារព័ត៌មានស្លាប់ច្រើនជាងគេ គឺម៉ិកស៊ិក ដែលមានចំនួន១៩នាក់, អ៊ុយក្រែន មានចំនួន ១០នាក់ និងហៃទីមានចំនួន ៩នាក់៕ 
 

Tag:
 យូណេស្កូ
  អ្នកសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com