ដោយ៖ សៅ រ័ត្ថា (យុវជនឃុំជុំគ្រៀល)
ស្រុកទឹកឈូ, កំពត៖ យុវតីកំពុងសិក្សានៅថ្នាក់វិទ្យាមួយចំនួន រស់នៅក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ បង្ហាញអារម្មណ៍មិនមានសុវត្ថិភាព និងព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន ពេលធ្វើដំណើរនៅពេលយប់ ដោយសារក្នុងមូលដ្ឋានខ្លួនមិនមានភ្លើងបំភ្លឹផ្លូវ។
កញ្ញា ភួន វិជ្ជរ៉ា ជាសិស្សកំពុងសិក្សាថ្នាក់១១ នៅវិទ្យាល័យមួយកន្លែងក្នុងឃុំជុំគ្រៀល និងជាពលរដ្ឋរស់នៅភូមិជុំគ្រៀល។ ជារៀងរាល់ថ្ងៃយុវតីរូបនេះ ត្រូវចេញពីសាលាមកផ្ទះយ៉ាងយូរម៉ោង៧យប់ ឬលើសនេះបន្តិច ព្រោះជាពេលវេលា ដែលនៅតាមដងផ្លូវ នៅមានប្រជាពលរដ្ឋធ្វើដំណើរ ដែលធ្វើឱ្យ វិជ្ជរ៉ា មិនសូវបារម្ភខ្លាចប៉ុន្មានឡើយ។
យុវតី ភួង វិជ្ជរ៉ា ពលរដ្ឋរស់នៅភូមិឃុំគ្រៀល ឃុំជុំគ្រៀល។
ប៉ុន្តែម្ដងម្កាល យុវសិស្សរូបនេះ ត្រូវចូលផ្ទះយប់ជាងនេះ ដែលធ្វើឱ្យនាងព្រួយពីសុវត្ថិភាពនៅពេលធ្វើដំណើរមកផ្ទះវិញ។ កញ្ញានិយាយពីកង្វល់ខ្លួនដូច្នេះ៖ «ជួនកាលមានគ្នា(មិត្តភក្តិ)មក មិនសូវអីទេ។ តែពេលមកតែឯង ខ្លាច មានមនុស្សមានអីមកចាប់។ ខ្លាចគ្រោះថ្នាក់។ តែបើមានភ្លើងបំភ្លឺផ្លូវអី មិនសូវអី ព្រោះយើងអាចមើលឃើញ ឆ្វេងស្ដាំអីបាន»។
យុវតីរូបនេះ ចង់ឱ្យអាជ្ញាធរគិតគូរ លើការដាក់ភ្លើងបំភ្លឺផ្លូវក្នុងឃុំខ្លួន ដើម្បីបង្កភាពងាយស្រួល និងសុវត្ថិភាពធ្វើដំណើរនៅពេលយប់។ សម្រាប់ កញ្ញា ភួន វិជ្ជរ៉ា ការដាក់ភ្លើងបំភ្លឺផ្លូវមិនមែនសម្រាប់តែយុវតី ដែលចេញពីសាលាយប់នោះទេ ប៉ុន្តែវាក៏បានជួយដល់ពលរដ្ឋឯទៀត ពេលមានធុរៈពេលយប់ដូចជា ត្រូវទៅមន្ទីរពេទ្យជាដើម។
មិនសុខពីកញ្ញា វិជ្ជរ៉ាឡើយ យុវតីមួយរូបទៀត កញ្ញា ហ៊ំ សារ៉េន រៀនថ្នាក់ទី១០ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀលនេះ ក៏លើកឡើងពីការបារម្ភពីសុវត្ថិភាពរបស់ខ្លួន ពេលធ្វើដំណើរចេញពីសាលាពេលយប់ ដោយសារគ្មានភ្លើងបំភ្លឺផ្លូវនេះដែរ។ ជាធម្មតាយុវតីរូបនេះ ចេញពីរៀនម៉ោង៦ល្ងាច និងម្ដងម្កាល ធ្វើដំណើរពេលយប់ដែរ។ កញ្ញា ហ៊ំ សារ៉េន និយាយដូច្នេះ៖«ពេលត្រូវធ្វើដំណើរពេលយប់ ខ្លាចពួកក្មេងទំនើង ខ្លាចគេចាប់ ខ្លាចចោរ។ ប្រសិនបើមានភ្លើងបំភ្លឺផ្លូវ នឹងកាត់បន្ថយការភ័យខ្លាច»។ យុវសិស្សរូបនេះ សំណូមពរឱ្យអាជ្ញាធរ គិតគូរ និងយកចិត្តទុកដាក់បន្ថែមទៀត លើការដាក់ភ្លើងបំភ្លឺផ្លូវ។
ជុំវិញកង្វល់របស់ប្រជាពលរដ្ឋនេះ លោក ហៃ សេង មេឃុំជុំគ្រៀល យល់ស្របថា ការលើកឡើងរបស់ពលរដ្ឋជារឿងត្រឹមត្រូវហើយ ដែលក្នុងឃុំមិនទាន់មានភ្លើងបំភ្លឺផ្លូវ ហើយអាជ្ញាអរក៏កំពុងគិតគូរលើរឿងនេះដែរ។ កាលពីអំឡុងខែតុលាកន្លងលោកអះអាងថា អាជ្ញាធរកំពុង កំពុងទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដាក់ភ្លើងបំភ្លឺផ្លូវនេះ។
លោក ហៃ សេង មេឃុំជុំគ្រៀល ។
យ៉ាងណាក៏ដោយ លោកមេឃុំ ក៏ស្នើឱ្យយុវតី និងសិស្សានុសិស្សដែលមានម៉ោងសិក្សាបន្ថែមដល់យប់ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះពេលធ្វើដំណើរត្រឡប់មកផ្ទះវិញនៅពេលមេឃងងឹតនោះ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)