ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អ្នកជំនាញសេដ្ឋកិច្ចពន្យល់ពីសក្តានុពល និង ឧបសគ្គ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា - ចិន
18, Jan 2023 , 8:59 am        
រូបភាព
លោក បណ្ឌិត គី សេរីវឌ្ឍន៍  អ្នកជំនាញសេដ្ឋកិច្ច នៅកម្ពុជា
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៅកម្ពុជា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន ដែលចូលជាធរមាន កាលពីដើមឆ្នាំ២០២១នោះ ពិតជាមានផលវិជ្ជមាន និងសក្ដានុពល សម្រាប់ភាគីទាំងពីរ ។ ប៉ុន្តែបញ្ហាស្ដង់ដារ បច្ចេកទេស និងវត្ថុធាតុដើម បានក្លាយជាឧបសគ្គសម្រាប់កម្ពុជា។ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ។



 លោក គី សេរីវឌ្ឍន៍ ក្នុងបទសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំំនាញសេដ្ឋកិច្ចនៅកម្ពុជា  ជាមួយ កញ្ញា​ សុង សុធាវី  អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 




 
កញ្ញា សុង សុធាវី៖ លោកបណ្ឌិត ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា - ចិន ដែលបានប្រព្រឹត្តទៅមួយរយៈហើយនេះ តើវាមានសក្តានុពល និងភាពខ្វះចន្លោះបែបណាខ្លះ?
 
បណ្ឌិត គី សេរីវឌ្ឍន៍៖ បាទកិច្ចព្រមព្រៀងនេះ បានអនុមត័ជាងមួយឆ្នាំហើយដែរ ដែលកិច្ចព្រាមព្រាងនេះបានឱ្យកម្ពុជា មានទីផ្សារទូលាយជាងមុន។ ពីមុនយើងមានទីផ្សារទៅតែប្រទេសជិតខាង និងអឺរ៉ុបមួយចំនួន ដូចជាអង្ករ តែពេលនេះយើងមានផលិតផលច្រើនទៀត ក្រៅពីអង្ករ  ដែលជាផលិតផលកសិកម្ម ហើយអាចនាំទៅចិនបាន។ យើងមានការនាំចេញអង្ករ គ្រាប់ស្វាយចន្ទី ស្វាយស្រស់ និងដំណាប់ស្វាយផងដែរ ហើយក្រៅពីនោះគឺដំឡូងមី និងជ័រកៅស៊ូ។ នេះគឺជាសក្តានុពលសម្រាប់ប្រទេសកម្ពុជា និងបង្កើនអំណាចក្នុងការចរចារ ដើម្បីផ្លាស់ប្តូរទំនិញជាមួយប្រទេសជាច្រើនទៀតផងដែរ។ មួយទៀត បើយើងមើលពីបញ្ហាប្រឈមគឺយើងនៅខ្វះចន្លោះមួយចំនួនដែរ។ តែវាក្លាយជាឱកាសសម្រាប់កម្ពុជាដែរ ស្របពេលដែលកម្ពុជាមិនទាន់បានផលិតបន្លែគ្រប់គ្រាន់ យើងក៏មានការនាំចូលនូវបន្លែ និងប្រភេទសាច់មួយចំនួនពីប្រទេសចិនដូចគ្នាក្នុងថ្លៃដើមទាបជាងមុន។ ប៉ុន្តែកម្ពុជាក៏គួរតែគិតពីការផលិតក្នុងស្រុកឱ្យត្រូវស្តង់ដារ ហើយនិងចរចារនូវភោគគ្រៀមអនាម័យជាមួយប្រទេសចិនលើទំនិញផ្សេងទៀត ដើម្បីយើងមានឱកាស ក្នុងការនាំចេញទៅកាន់ប្រទេសចិន។ 
 
កញ្ញា សុង សុធាវី៖  ត្រង់ចំណុចនេះ នៅពេលយើងខ្វះខាត បែជានាំបន្លែ និងសាច់មួយចំនួនពីចិន តែស្របពេលដែលកម្ពុជាជាប្រទេសកសិកម្មស្រាប់ ហើយយើងមានដីទំនេរច្រើន ហេតុអ្វីយើងមិនច្នៃឱ្យកសិករ និង អ្នកវិនិយោគក្នុងស្រុករួមគ្នា ដើម្បីឱ្យយើងមានភាពប្រសើរលើការងារនេះ? 
 
បណ្ឌិត គី សេរីវឌ្ឍន៍៖ បើយើងនិយាយពីវិស័យកសិកម្ម គឺការផលិតនូវទំនិញច្រើនប្រភេទ! កសិកម្មនៅក្នុងប្រទេសកម្ពុជាគឺមានឯកទេសក្នុងការផលិតស្រូវ ហើយនេះគឺជាកត្តាទី១ អ៊ីចឹង កម្ពុជាគឺជាជង្រុកស្រូវរបស់អាស៊ាន។  កម្ពុជាអាចផលិតស្រូវចិញ្ចឹមខ្លួនឯងបាន ហើយអាចនាំចេញទៅក្រៅប្រទេសបានរាប់ពាន់តោនទៀត។ ចំណែកបន្លែ យើងមិនសូវបានដាំទេ ដោយសារយើងខំផលិតស្រូវជាជាងបន្តែ ព្រោះថាបើផលិតស្រូវបានថ្លៃជាង នោះពួកគាត់នឹងមិនដាំបន្លែទេ។ អ៊ីចឹងមានតែអ្នកនៅតំបន់ទន្លេមួយចំនួនទេ ដែលគាត់ដាំដំណាំ ជាបន្លែបង្ការ ហើយការដាំបន្លែបង្ការនេះមិនអាចមានគ្រប់គ្រាន់ ដោយសារទីតាំងភូមិសាស្រ្តយើងនៅមានកំរិត។ ដូចនេះយើងចាំបាច់មានការនាំយកបន្លែ និងសាច់មួយចំនួនពីខាងក្រៅមក។  តែយើងមើលពីសក្តានុពលយើង ដែលខ្ញុំបានរៀបរាប់ពីមុននេះដែលជាសក្តានុពល។ អ៊ីចឹង យើងជាប្រទេសកសិកម្ម មិនមែនមានន័យថា យើងអាចនាំចេញឱ្យគេបានគ្រប់មុខទេ។ វិស័យកសិកម្មរបស់យើងនៅតែមានភាពល្អប្រសើរ តាមជំនាញឯកទេសនៃផលិតកម្មរបស់យើង។ 
 
កញ្ញា សុង សុធាវី៖ ជាមួយគ្នានេះ មានការលើកឡើងពីស្តង់ដារផលិតផល តើភាគីណាខ្លះដែលជួយជំរុញឱ្យការងារនេះមានភាពប្រសើរ? 
 
បណ្ឌិត គី សេរីវឌ្ឍន៍៖ បាទ ទាក់ទងនឹងស្តង់ដារដែលកំណត់គឺជារបាំងមួយ ដែលមិនមែនពន្ធ គយ អ៊ីចឹង របាំងពន្ធគយគេបានផ្តល់ឱ្យយើងហើយ គឺមិនជាប់ពន្ធទេ ទៅតាមកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី កម្ពុជា - ចិន នេះ។ តែនៅមានរបាំងមួយទៀតគឺ ភូតគ្រាមអនាម័យ ដែលវាមានភាពសំខាន់ណាស់ ពោលគឺ បើសិនប្រទេសទាំងពីរចរចារលើរឿងហ្នឹងមិនត្រូវទេ នោះគឺយើងពិបាកនឹងនាំចេញផលិតផលទៅបានណាស់។ ក្នុងចំនុចនេះ មិនមែនវិស័យឯកជនទេដែលត្រូវធ្វើ តែដំបូង ត្រូវឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរសហការគ្នា ដើម្បីសុំអជ្ញាបណ្ណ និងការឯកភាពគ្នាទៅលើភោគគ្រៀមអនាម័យ។ បន្ទាប់មកទើបយើងបោះការងារនេះទៅឱ្យវិស័យឯកជន និងប្រជាជន ឱ្យគាត់បានដឹងថា តើថ្នាំគីមីកំរិតណាដែលគេមិនឱ្យប្រើ? តើផលិតផលណាខ្លះដែលគេឱ្យនាំចេញទៅបាន? ដើម្បីសម្រួលដល់ការផលិតរបស់ពួកគាត់ផងដែរ។ 
 
កញ្ញា សុង សុធាវី៖ ចុះដើម្បីជំរុញការងារនេះឱ្យបានលឿនថែមទៀត ត្រូវធ្វើដូចម្តេចលោក?
 
បណ្ឌិត គី សេរីវឌ្ឍន៍៖ ទី១ គឺសភាពាណិជ្ជកម្ម គឺជាអ្នកភ្ជាប់ទំនាក់ទំនង និង សិក្សាឱ្យច្បាស់។ បន្ទាប់មក សភាពាណិជ្ជកម្មនេះ និង វិស័យឯកជន ត្រូវសហការជាមួយរដ្ឋាភិបាល បង្កើតវេទិការមួយ ដើម្បីជួយគាំទ្រគ្នាតែម្តង។ 
 
ទី២ គឺផ្តោតទៅលើមិត្តគ្រប់ជ្រុងជ្រោយ ដែលការងារនេះ គឺស្ថានទូត ជាអ្នកដើរតួយ៉ាងសំខាន់ផងដែរ។ អ៊ីចឹង ទំនាក់ទំនងកម្ពុជាចិន ដែលមានយូរណាស់មកហើយ និង ទំនាក់ទំនងក្នុងជំនាន់ព្រះអង្គរនរោត្តម សីហនុ គឺបាននាំឱ្យបច្ចុប្បន្ន ប្រទេសទាំងពីរនេះ ក្លាយជាមិត្តគ្រប់ជ្រុងជ្រោយ។ ទោះបីជាបច្ចុប្បន្ន វាមិនទាន់មានទំនាក់ទំនងល្អខ្លាំងនៅឡើយ តែគ្រប់ភាគីទាំងអស់ត្រូវតែជំរុញផ្នែកភោគគ្រៀមអនាម័យនេះ ឱ្យកាន់តែប្រសើរជាងមុន។ 
 
កញ្ញា សុង សុធាវី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង កម្ពុជា​ ​​- ចិន ទើបតែចាប់ផ្តើម តែយើងដឹងហើយថា ប្រទេសចិនគឺជាអ្នករកស៊ីធំតាំងពីដូនតាមកហើយ តែកម្ពុជាយើង ទើបតែជាង ៣០ ឆ្នាំចុងក្រោយនេះទេ ដែលចាប់ផ្តើមលេចមុខមាត់សហគ្រិនវ័យក្មេងមួយចំនួន។ តើវាជាការមានប្រៀបជាង សម្រាប់ភាគីចិនដែរ ឬ ទេលោក ហើយយើងគួរតែពង្រឹងខ្លួនឯងបែបណា?  
 
បណ្ឌិត គី សេរីវឌ្ឍន៍៖ ក្នុងវិស័យពាណិជ្ជកម្ម យើងមិនអាចនិយាយថា យើងវ័យក្មេង ហើយសហគ្រិនយើងទើបចេញសកម្មភាពទេ! តែកន្លងមកដោយសារសង្រ្គាមទើបឱ្យយើងបាត់បង់ឱកាសមួយរយៈ ហើយបើយើងងាកទៅមើលប្រវត្តិសាស្រ្តវិញ ជំនាន់ព្រះបាទ នរោត្តមសីហនុ លោកបានជំរុញពាណិជ្ជកម្មឱ្យមានដំណើរការ។ តែដល់សម័យ ប៉ុលពត យើងមានសង្រ្គាម។ល។ 

អ៊ីចឹង យើងទើបតែកសាងប្រទេសវិញបាន ៣០ឆ្នាំ ចុងក្រោយនេះទេ ហើយដោយសារការកសាងធនធានមនុស្ស ទើបយើងមានសហគ្រិនវ័យក្មេង។ ជាមួយគ្នានេះ កម្ពុជាយើងក៏មានជាប់សែស្រឡាយចិនច្រើនដែរ។ល។ តែកត្តាដែល រារាំងសម្រាប់សហគ្រិនកម្ពុជា  គឺការមិនយល់ពីកត្តាច្បាប់ ការផលិតនូវវត្ថុធាតុដើមនៅមានកំរិត ការនាំចូលម៉ាស៊ីនពីបរទេស និងបច្ចេកវិទ្យាពីខាងក្រៅ។ល។ ដែលធ្វើឱ្យថ្លៃដើមយើងខ្ពស់ ហើយមិនអាចប្រកួតប្រជែងនឹងគេបាន។ នេះមិនមែនមានន័យថា យើងប្រកួតប្រជែងជាមួយចិនទេ 
ព្រោះចិនជាប្រទេសធំ សេដ្ឋកិច្ចធំ ឯយើងជាប្រទេសតូច។ តែត្រូវគិចថា កម្ពុជាមានផលិតផលឯកទេសណាមួយដែលអាចនាំទៅចិន ហើយចិនពិបាកផលិត ហើយចិនផលិតទំនិញណាខ្លះ ដែលកម្ពុជាពិបាកផលិតបាន។ ទំនិញណាមានថ្លៃដើមខ្ពស់ ត្រូវផលិតនៅចិន ហើយនាំមកខ្មែរថ្លៃដើមទាប ហើយកម្ពុជា ផលិតក្នុងថ្លៃដើមទាប នាំទៅចិនបានថ្លៃដើមខ្ពស់។ អ៊ីចឹង ការដោះដូរទំនិញរវាងគ្នានឹងគ្នា នឹងផ្តល់ប្រយោជន៍ដល់ប្ឬតេសទាំងពីរ។ ក្រៅពីនេះគឺត្រូវមានការសហការជាមួយ សមាគមនៃ SME ដោយមានការជួយសម្រួលពីរដ្ឋាភិបាល និងភាគីពាក់ពន្ធទាំងអស់៕  
   
 

Tag:
 វិស័យសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com