ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ សិស្សកើនឡើងរាល់ឆ្នាំ ធ្វើឱ្យ​អនុវិទ្យាល័យគោកខ្ពស់ត្រូវការគ្រូ និងអគារសិក្សាប​ន្ថែម ​
18, Jan 2023 , 9:29 am        
រូបភាព
ដោយ៖ វ៉ាន់  រ៉ាឌី (យុវជនគោកខ្ពស់) 
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ ចំនួនសិស្សនៅអនុវិទ្យាល័យគោកខ្ពស់ ដែលស្ថិតក្នុងឃុំគោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនសិស្ស បានធ្វើ ឱ្យ​នាយកសាលាមួយនេះ បារម្ភថា​កង្វះបន្ទប់សិក្សា និងគ្រូបង្រៀននេះ ​ធ្វើឱ្យប៉ះពាល់ដល់ ​គុណភាពនៃការផ្តល់សេវាអប់រំដល់សិស្ស។



បើតាមលោក សាត ប៊ុនណាត បច្ចុប្បន្ន អនុវិទ្យាល័យមួយនេះ មានបន្ទប់សិក្សាចំនួន៥ និងទីចាត់ការមួយបន្ទប់ រីឯសិស្សមានចំនួន ២១៩នាក់។ កំណើនសិស្ស ស្របពេលដែលបន្ទប់សិក្សា និងគ្រូមានតិច​ បានបង្ខំឱ្យថ្នាក់ដឹកនាំសាលា ត្រូវឆ្លាស់វេនរៀនទៅវិញទៅមក និងថ្នាក់ខ្លះ បានផ្ទុកសិស្សលើសកំណត់ ដែលនាំឱ្យបាត់បង់គុណភាពសិក្សា។ 


លោក សាត ប៊ុនណាត នាយកអនុវិទ្យាល័យគោកខ្ពស់ 
 
នាយកអនុវិទ្យាល័យគោកខ្ពស់ បានលើកឡើងថា ពីមួយឆ្នាំ ទៅមួយឆ្នាំ ចំនួនសិស្សដែលមក​ ទទួល​ ​សេវា​អប់រំ មានការកើនឡើង ខណៈសាលា មានកង្វះខាតបន្ទប់សិក្សា និងគ្រូបង្រៀន។ សព្វថ្ងៃ លោក ត្រូវបែងចែកវេនសិក្សា ជាពីរ ពោលគឺព្រឹក និងថ្ងៃ ហើយថ្នាក់រៀនមួយចំនួន ត្រូវដាក់សិស្សលើសកំណត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេ បានឱកាសរៀនសូត្រ។ ដោយឡែក គ្រូបង្រៀន មានការហត់នឿយបន្តិច ព្រោះពួកគេ ត្រូវបង្រៀនទាំងព្រឹក និងថ្ងៃ។ 
 
បញ្ហាប្រឈមនៅពេលនេះ បានប៉ះពាល់យ៉ាងខ្លាំងលទ្ធភាព គុណភាពសិក្សា របស់សិស្ស និងគ្រូ​បង្រៀន ។ ពេលខ្លះ ពួកគេមានអារម្មណ៍ធុញទ្រាន់នឹងភាពចង្រៀនណែន ខណៈគ្រូបង្រៀនមិន បានគ្រប់មុខ វិជ្ជា។
 
អនុវិទ្យាល័យគោកខ្ពស់ ត្រូវការបន្ទប់សិក្សា១ទៀត និងគ្រូចំនួន ៣នាក់ សម្រាប់មុខវិជ្ជាគីមី និងសីលធម៌ ។  លោក សាត់ ប៊ុណាត ប្រាប់ដូច្នេះថា៖« នៅពេលខ្វះខាតបែបនេះ យើងមានតែដោះស្រាយតាមជាក់ ស្ដែង។ បើខ្វះបន្ទប់ អ៊ីចឹង យើងត្រូវចែកជាពីរវេន។ ត្រង់ចំណុចនេះ វាក៏ប៉ះពាល់ដល់ពេលវាលារបស់លោកគ្រូ អ្នកគ្រូដែរ ព្រោះគាត់ត្រូវជួយ​ បង្រៀនទាំងពីរ​ វេន។ វិធីមួយទៀត គឺយើងមានតែបង្រួមសិស្ស ឱ្យលើសស្តង់ដារ ដូចជា ថ្នាក់មួយតម្រូវឱ្យមានសិស្ស​ ២៥នាក់ យើងរុញទៅ ៤៥នាក់ ជាដើម»។ 
 
នាយកអនុវិទ្យាល័យរូបនេះ ស្នើដល់រដ្ឋាភិបាល ក្រសួងអប់រំ សប្បុរស់ជន និងអង្គការដែគូ ជួយផ្ដល់បន្ទប់ សិក្សា និងគ្រូបង្រៀនតាមឯកទេស បន្ថែម ដល់សាលារបស់ខ្លួន ដើម្បីពង្រឹងគុណភាពសិក្សា តាមជន បទ​៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់ សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់​ ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ឧត្ដរមានជ័យ
  ឃុំគោកខ្ពស់
  ស្រុកបន្ទាយអំពិល
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com