អន្តរជាតិ
ស្ត្រីទីមួយអ៊ុយក្រែន អំពាវនាវចិនឱ្យជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
18, Jan 2023 , 9:59 am        
រូបភាព
លោកស្រី Olena Zelenska ស្រ្តីទីមួយរបស់អ៊ុយក្រែន នៅវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងក្រុង Davos ស៊្វីស ក្នុងថ្ងៃទី១៧ ខែមករា។ រូបភាពយកពីវេទិកាសេដ្ឋកិច្ចពិភពលោក
លោកស្រី Olena Zelenska ស្រ្តីទីមួយរបស់អ៊ុយក្រែន នៅវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងក្រុង Davos ស៊្វីស ក្នុងថ្ងៃទី១៧ ខែមករា។ រូបភាពយកពីវេទិកាសេដ្ឋកិច្ចពិភពលោក
ស្រ្តីទីមួយអ៊ុយក្រែន លោកស្រី Olena Zelenska ដែលជាភរិយារបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១៧ ខែមករា បានអំពាវនាវឱ្យចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលជិតឈានចូលខែទី១១។ បើតាមលោកស្រី Zelenska លោកស្រីបានលិខិតដាក់ជូនលោកស៊ី ជិនភីង ប្រធានាធិបតីចិន តាមរយៈលោក Liu He ឧបនាយករដ្ឋមន្រ្តីចិន ដើម្បីស្នើឱ្យជួយបញ្ចប់សង្រ្គាមផង។

 
សល់ប៉ុន្មានថ្ងៃទៀត សង្រ្គាមនៅអ៊ុយក្រែនបានឈានចូលខែទី១១ ហើយ ខណៈរុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន។ ស្របពេលសង្រ្គាមមិនទាន់មានច្រកចេញ លោកស្រី Olena Zelenska ភរិយារបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យប្រទេសធំៗជួយបញ្ចប់សង្រ្គាម នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នាក្រុង Davos ស៊្វីស។ 
 
នៅចំពោះមុខអ្នកចូលរួម ស្រ្តីទីមួយអ៊ុយក្រែន បានថ្លែងថា លោកស្រីបានដាក់លិខិតទៅប្រធានាធិបតីចិន លោក ស៊ី ជិនភីង តាមរយៈ លោកLiu He ឧបនាយករដ្ឋមន្រ្តីចិន។ 
 
«ប្រសិនបើប្រជាជនរួមគ្នា ពួកគេអាចប្តូរទីតាំងភ្នំថៃសានបាន»។ លោកស្រី Zelenska បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៧ ខែមករា។ ភ្នំថៃសាន ជាភ្នំមួយដ៏សំខាន់នៅក្នុងវប្បធម៌ និងប្រវត្តិសាស្រ្តចិន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Nikkei Asia។ 
 
មិនតែប៉ុណ្ណោះ ភរិយាលោក ហ្សេលេនស្គី ក៏បានដាក់លិខិតទៅប្រធានាធិបតីស្វ៊ីស និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ផង។ ត្រង់ចំណុចនេះ លោកស្រី Zelenska បញ្ជាក់ថា ពិភពលោកនឹងរួមគ្នាសម្រាប់សន្តិភាព ហើយអ៊ុយក្រែន បានទទួលរូបមន្ត ក្នុងការរៀបចំសន្តិភាពឡើងវិញពីប្រទេសជាច្រើន។ 
 
ទន្ទឹមនេះ ភរិយារបស់មេដឹនាំអ៊ុយក្រែន បានជំរុញឱ្យអ្នកចូលរួមនៅក្នុងវេទិកាក្នុងក្រុង Davos ប្រើឥទ្ធិពលរបស់ខ្លួន ក្នុងការជួយបញ្ចប់សង្រ្គាមផង ហើយមានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទើបអាចបង្ការហានិភ័យលើជីវិតមនុស្ស។​ បើតាមលោកស្រី Zelenska រុស្ស៊ីមិនមានបំណងឈប់ត្រឹមព្រំដែនអ៊ុយក្រែនឡើយ ខណៈសង្រ្គាមនេះ អាចបង្កឱ្យវិបត្តិកាន់តែធំឡើង ប្រសិនបើអ៊ុយក្រែនចុះចាញ់៕
 
 

Tag:
 អ៊ុយក្រែន
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com