កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ សហព័ន្ធគុនល្បុក្កតោថា សមត្ថភាពអត្តពលិកកើនឡើង តែត្រូវពង្រឹងបន្ថែម
18, Jan 2023 , 10:29 am        
រូបភាព
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលកន្លងមក។-រូបពី-សហព័ន្ធកីឡាគុន
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលកន្លងមក។-រូបពី-សហព័ន្ធកីឡាគុន
ដោយ:
ក្រោយការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកថ្នាក់ជាតិ និងកីឡាជាតិ ឆ្នាំ២០២២ រួចមកសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅតែព្រួយបារម្ភចំពោះអត្តពលិកជម្រើសជាតិ ទោះបីសមត្ថភាពមានការកើនឡើង។ ដោយមើលឃើញចំណុចខ្វះខាត សហព័ន្ធជំរុញឱ្យអត្តពលិកពង្រឹងបន្ថែមលើ វិញ្ញាសាសម្តែងទម្រង់មេគុន និងវិញ្ញាសាប្រយុទ្ធ ដើម្បីជាការត្រៀមខ្លួនរឹងមាំបន្ថែមសម្រាប់ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

 
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មើលឃើញពីកម្រិតសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា មានការកើនឡើងលើបច្ចេកទេសប្រកួត និងសមត្ថភាពអាចទប់ទល់គូប្រកួតបាន។
 
លោក អ៊ួ តារា ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិក តេលេក្រាម នៅថ្ងៃទី១៧ ខែមករា ថា៖«ក្រោយពីយើងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ និងកីឡាជាតិ ឆ្នាំ២០២២ យើងឃើញថា កីឡាករ-កីឡាការិនី មានកម្រិតបច្ចេកទេសប្រសើជាងរាល់ឆ្នាំ។ តែក៏មានកន្លែងគួរបារម្ភផងដែរ ដោយត្រូវបំពេញបន្ថែម ទាំងវិញ្ញាសាសម្តែងទម្រង់មេគុន និងវិញ្ញាសាប្រយុទ្ធ»។
 
ស្របពេលសហព័ន្ធ បង្កើនការពង្រឹងបន្ថែមទៅលើសមត្ថភាពអត្តពលិកជម្រើសជាតិកម្ពុជា លោក អ៊ួ តារា មើលឃើញថាសមត្ថភាពអត្តពលិកបណ្តាប្រទេសដែលត្រៀមខ្លួនសម្រាប់ស៊ីហ្គេម២០២៣ ក៏មានកម្រិតខ្លាំងៗដែរ។
 
អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជារូបនេះ បន្តថា៖«បើសិនជាយើងប្រៀបធៀបទៅនឹងប្រទេសជិតខាង យើងនៅតែគិតថាមិនទាន់អាចប្រកួតប្រជែងជាមួយគេនៅឡើយទេ សម្រាប់កម្រិតបច្ចេកទេសកីឡាករ-កីឡាការិនី។ អ៊ីចឹង! យើងទាមទារឱ្យសហព័ន្ធ គ្រូបង្វឹក ពង្រឹងបន្ថែម ទាំងវិន័យ ទាំងគុណភាពរបស់កីឡាករ-កីឡាការិនី បានន័យថា គេដើរយើងត្រូវរត់ ដើម្បីឱ្យទាន់ប្រទេសជិតខាងដែលគេមានភាពជឿនលឿនលើវិស័យគុននេះ»៕
 

Tag:
 កីឡាគុនល្បុក្កតោ
  អ៊ួ តារា
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com