កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុនតែងតាំងគ្រូជំនួយជម្រើសជាតិ២រូប ដើម្បីគោលដៅទៅ ​World Cup 2026
18, Jan 2023 , 12:29 pm        
រូបភាព
អតីតកីឡាករក្រុមជម្រើសជាតិជប៉ុនលោក Hiroshi Nanami និងលោក Ryoichi Maeda ត្រូវបានតែងតាំងជាគ្រូជំនួយក្រុមជម្រើសជាតិជប៉ុន ក្រោមការគ្រប់គ្រងរបស់គ្រូបង្កោលលោក Hajime Moriyasu សម្រាប់គោលដៅទៅកាន់ព្រឹត្តិការណ៍ ​World Cup ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) នៅថ្ងៃទី១៧ ខែមករា។



បើតាមការបង្ហោះនៅលើបណ្តាញសង្គម ​Twitter របស់ ​JFA លោក Nanami វ័យ ៥០ឆ្នាំ ដែលធ្លាប់បានបង្ហាញខ្លួនឱ្យជប៉ុននៅព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៨ នឹងក្លាយជាគ្រូជំនួយរបស់សាម៉ូរៃ ចំណោមគ្រូជំនួយ២រូប។ 
 

រូបភាព៖ JFA
 
លោក Nanami ក៏ធ្លាប់ជាអ្នកចាត់ការក្រុមនៅក្របខណ្ឌ J-League ដែលមានដូចជាក្លិប Jubilo Iwata និងក្លិប Matsumoto Yamaga ផងដែរ។ ចំណែកលោក Maeda មានវ័យ ៤០ ធ្លាប់ជាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុន ហើយលោកធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមយុវជនរបស់ក្លិប Jubilo ទៀតផង។

ក្រោយបានប្រកាសពីសមាសភាពគ្រូបង្វឹកដែលមកចូលរួមក្រុមជម្រើសជាតិជប៉ុន ដើម្បីធ្វើការងារជាមួយនឹងលោក Moriyasu ក្នុងគោលដៅឆ្ពោះទៅ World Cup 2026 ដែលអាម៉េរិក កាណាដា និងម៉ិកស៊ិកធ្វើម្ចាស់ផ្ទះរួមគ្នា នាយកផ្នែកបច្ចេកទេសរបស់ ​JFA លោក ​​​​​​Yasuharu Sorimachi រំពឹងទទួលបានបទពិសោធន៍បន្ថែមពីគ្រូបង្វឹកថ្មីទាំងពីរសម្រាប់អនាគតក្រុមជប៉ុន។


  រូបភាព៖ JFA
«Nanami មានបទពិសោធន៍ជាច្រើនក្នុងដៃ ហើយយើងមានក្តីរំពឹងពីរូបគាត់ថានឹងទទួលបានផលប្រយោជន៍ខ្លាំងបន្ថែមសម្រាប់អនាគតក្រុមជម្រើសជាតិជប៉ុន។ លោក ​Maeda នឹងអាចផ្តល់បានគ្រប់យ៉ាងនូវទស្សនៈស្រដៀងគ្នាទៅកាន់កីឡាករ។»។ នេះបើតាមការលើកឡើងរបស់លោក ​Sorimachi។
 
កាលពីព្រឹត្តិការណ៍ World Cup 2022 នៅកាតា ក្រុមជម្រើសជាតិជប៉ុនបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយពួកគេបានប្រកួតដោយយកឈ្នះក្រុមខ្លាំងៗដូចជា អាល្លឺម៉ង់ និងអេស្ប៉ាញនៅនៅវគ្គចែកពូល នឹងឈានដល់វគ្គ ១៦ក្រុមលើកទី៤ ក្នុងប្រវត្តិសាស្ត្រ។ នៅវគ្គ ១៦ក្រុមជប៉ុនរងបរាជ័យក្រោមថ្វីជើងក្រូអាស៊ី នៅវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៣-១ ក្រោយប្រកួតរយៈពេល ១២០នាទីស្មើ ១-១៕
 

រូបភាព៖ JFA


រូបភាព៖ JFA


Tag:
 Japan
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com