ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ មេឃុំគោកខ្ពស់ បារម្ភសុវត្ថិភាពពលរដ្ឋដែលធ្វើដំណើរពេលយប់ ​ផ្លូវស្ងាត់ គ្មានភ្លើងបំភ្លឺ
18, Jan 2023 , 1:59 pm        
រូបភាព
ដោយ៖ វ៉ាន់  រ៉ាឌី (យុវជនគោកខ្ពស់) 
 
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ ឃុំគោកខ្ពស់ នៅស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ សម្បូរទៅដោយព្រៃល្បោះ ផ្លូវស្ងាត់ និងអសុវត្ថិភាព។ ឃុំដាច់ស្រយាលមួយនេះ មិនទាន់មានភ្លើងបំភ្លឺផ្លូវនោះទេ ដែល​ធ្វើឱ្យ អាជ្ញាធរឃុំមានការបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពពលរដ្ឋ ធ្វើដំណើរ នៅពេលយប់។

 
​ឃុំគោកខ្ពស់ ជាតំបន់ដាច់ស្រយាលមួយ ក្នុងខេត្តឧត្ដរមានជ័យ ដោយភូមិសាស្រ្តនេះ សម្បូរទៅដោយព្រៃល្បោះ ផ្លូវស្ងាត់​ និងខូចជាច្រើនខ្សែ ហើយការធ្វើដំណើរពីផ្ទះមួយ ទៅផ្ទះមួយ ត្រូវដាច់ឆ្ងាយពីគ្នា។ នេះជាមូលហេតុ ដែលលោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ ​គិតថា ភូមិ-ឃុំ មិនទាន់មានសុវត្ថិភាពពេញលេញ នៅឡើយ។ 


 លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់
ទោះបី ប្រឈមហានិភ័យអស់ជាច្រើនឆ្នាំ ប៉ុន្តែឃុំគោកខ្ពស់ មិនទាន់អាចដាក់ភ្លើងបំភ្លឺផ្លូវបាននោះទេ ក្រោមមូលហេតុហេដ្ឋារចនាសម្ព័ន្ធ នៅមានកម្រិត។ ជំហានដំបូង ឃុំចង់បាន បេតុង និងកៅស៊ូគ្រប់គ្រាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ជាមុនសិន។ លោក វ៉ាន់ ប៉ិក ប្រាប់ដូច្នេះថា៖« និយាយទៅ ឃុំនេះ(គោកខ្ពស់) ជាតំបន់ព្រៃ និងមានកន្លែងអសុវត្ថិភាពច្រើន។ អ៊ីចឹង បើចង់ដាក់ភ្លើងបំភ្លឺផ្លូវ យើងមិនដឹងថា យកទៅដាក់នៅឯណាទេ បើសុទ្ធតែព្រៃទាំងអស់ហ្នឹង។ ម្យ៉ាងទៀត ផ្លូវយើងមិនទាន់ស្អាតផង មានជង្ហុកធំៗ ផ្លូវដាច់ ខូច។ អ៊ីចឹង ពិបាក»។
  
ឃុំគោកខ្ពស់ មានពលរដ្ឋ រស់នៅប្រមាណ ៦ពាន់នាក់ ភាគច្រើនប្រកបការងារធ្វើស្រែចម្ការ​។ ពាក់ព័ន្ធនឹងការដាក់ភ្លើងតាមផ្លូវនេះ ក៏មិនធ្លាប់មានសំណើពីពលរដ្ឋនោះទេ។ ប៉ុន្តែ ក្នុងនាមជាថ្នាក់ដឹកនាំ លោក វ៉ាន់ ប៉ិក ក៏មានការព្រួយបាម្ភ ពីសុវត្ថិភាពពលរដ្ឋ ធ្វើដំណើរពេលយប់​ដែរ។ បើតាមលោកមេឃុំគោកខ្ពស់ ហានិភ័យដែលអាចកើតឡើងនៅពេលយប់ មានដូចជាគ្រោះថ្នាក់ចរាចរណ៍ ចោរកម្ម ក្មេងទំនើង និងអំពើរំលោភសេពសន្ថវៈជាដើម។ 
 
ចំពោះមុខ ប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ បានដាក់ការយាមល្បាត ជារៀងរាល់យប់។ ជាមួយគ្នានេះ លោក វ៉ាន់ ប៉ិក បានណែនាំដល់ពលរដ្ឋទាំងអស់ ចូលរួមប្រុងប្រយ័ត្ន និងដាក់ភ្លើង ឬចំណាំងផ្លាតលើយានយន្ត ដោយខ្លួនឯងបន្ថែមដែរ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕  
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ ស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ​ឧត្ដរមានជ័យ
  ឃុំគោកខ្ពស់
  ស្រុកបន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com