កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអាហ្សង់ទីនថា Messi ល្អនិងអស្ចារ្យជាងលោក Maradona 
×![]()
តារាបាល់ទាត់ឆ្នើម Lionel Messi បានវ៉ាដាច់លោក Diego Maradona ដែលជាវីរបុរសអាហ្សង់ទីន ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតប្រចាំពិភពលោក និងពិភពលោកបាល់ទាត់។ នេះបើតាមលោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ដែលទើបឈ្នះពានរង្វាន់ World Cup 2022។
Messi ត្រូវបានគេលើកឡើងថា ជាកីឡាករល្អបំផុតប្រចាំប្រវត្តិសាស្រ្តចាប់តាំងពីលើកពាន World Cup។ សម្រាប់លោក Scaloni ដែលជាគ្រូបង្វឹកអាហ្សង់ទីន តាំងពីឆ្នាំ២០១៨នោះ ក៏បានបង្ហើបថា លោកធ្លាប់និយាយលើកទឹកចិត្ត Messi ឱ្យបន្តដំណើរជាមួយក្រុមជម្រើស ក្រោយពេលខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ រូបនេះ បានសម្រាកពីភារកិច្ចជួយក្រុមជម្រើសជាតិ ក្រោយក្រុមធ្លាក់ចេញពីការប្រកួត World Cup 2018 ត្រឹមវគ្គ ១៦ក្រុម។
និយាយទៅកាន់វិទ្យុអេស្ប៉ាញ Spanish Radio នៅថ្ងៃទី១៧ ខែមករា គ្រូបង្វឹកក្រុមអាហ្សង់ទីន បាននិយាយថា លោកជ្រើសរើស Messi ជាកីឡាករដ៏អស្ចារ្យបំផុតជាងលោក Maradona។
«ប្រសិនបើខ្ញុំត្រូវរើស ខ្ញុំនឹងរើសយក Leo ខ្ញុំមានរឿងដ៏ពិសេសជាមួយគេ។ គាត់គឺជាកីឡាករដ៏ល្អបំផុតប្រចាំប្រវត្តិសាស្ត្រ បើទោះ Maradona ធ្លាប់ជាកីឡាករដ៏អស្ចារ្យកាលពីមុនក៏ដោយ។
រឿងដំបូងដែលយើងបានធ្វើកាលពីឆ្នាំ ២០១៨ យើងបានទាក់ទងទៅ Messi ហើយពេលនោះគេនិយាយដោយក្តីគោរព ដូច្នេះយើងក៏បានហៅគេឱ្យត្រលប់មកក្រុមវិញ យើងរង់ចាំរបស់គេ ហើយពិតជាក់ស្តែងយើងបានកសាងក្រុមដ៏អស្ចារ្យមួយដែលមានគេជួយដឹកនាំ។ ការបង្វឹក Messi មិនពិបាកនោះទេ អ្នកមិនអាចកែប្រែតិចនិចរបស់គេបានទេ តែយើងអាចផ្តល់យោបល់សម្រាបគាត់ថាត្រូវលេងដោយដាក់សម្ពាធ ឬក៏ប្រយុទ្ធតាមវិធីណាតែប៉ុណ្ណោះ។»។ លោក Scaloni បាននិយាយបែបនេះ។
មិនត្រឹមតែប៉ុណ្ណោះលោក Scaloni ក៏បានការពារកីឡាករចាំទី Emiliano Martinez របស់ក្រុមជម្រើសជាតិ បន្ទាប់ពីគេរងការិះគន់ខ្លាំងចំពោះអាកប្បកិរិយាអបអរការឈ្នះពានរបស់អាហ្សង់ទីន ដូចដែលរូបគេបានបង្ហាញអាកប្បកិរិយាមិនសមរម្យពេលទទួលស្រោមដៃមាស និងលេងសើចជាមួយតុកតា្ត ដែលមានបិទរូបរបស់ Kylian Mbappe ពេលដែលអបអរជ័យជម្នះនៅក្នុងទីក្រុង Buenos Aires៕
Tag:
Lionel Messi
Lionel Scaloni
© រក្សាសិទ្ធិដោយ thmeythmey.com