អន្តរជាតិ
អូស្រ្តាលី នឹងទិញឧទ្ធម្ភាគចក្រអាម៉េរិក Black Hawk ៤០គ្រឿងក្នុងតម្លៃជិត២ពាន់លានដុល្លារ
18, Jan 2023 , 8:29 pm        
រូបភាព
ឧទ្ធម្ភាគចក្រអាម៉េរិក UH-60 Black Hawk។ រូបភាព AFP
ឧទ្ធម្ភាគចក្រអាម៉េរិក UH-60 Black Hawk។ រូបភាព AFP
អូស្រ្តាលី នៅថ្ងៃទី១៧ ខែមករា បានបញ្ជាក់ថា ខ្លួននឹងទិញឧទ្ធម្ភាគចក្រអាម៉េរិក Black Hawk ចំនួន៤០គ្រឿងក្នុងតម្លៃប្រមាណ១,៩៦ពាន់លានដុល្លារ។ ក្រសួងការបរទេសអាម៉េរិក បានផ្តល់ភ្លើងបៃតងក្នុងការលក់ កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ប៉ុន្តែបារាំងឯណោះមិនសប្បាយចិត្តឡើយ។

 
មួយរយៈចុងក្រោយ អូស្រ្តាលី បានធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងខ្លាំង ស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន និងការគំរាមកំហែងពីសំណាក់យោធាចិន។ ចុងក្រោយ អូស្រ្តាលី បានបញ្ជាក់ពីការចំណាយលុយជិត ២ពាន់លានដុល្លារថែមទៀត ដើម្បីទិញឧទ្ធម្ភាគចក្រ Black Hawk ពីអាម៉េរិក ជំនួសឧទ្ធម្ភាគចក្រ Taipan ផលិតដោយអឺរ៉ុប ដែលចាស់វស្សាទៅហើយ។
 
«យើងមិនទទួលបានប្រតិបត្តិការគ្រប់ម៉ោងពីឧទ្ធម្ភាគចក្រ Taipan ដែលយើងត្រូវការឡើយ»។ លោក Richard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បានសង្កត់ធ្ងន់បែបនេះ ដោយលោកជឿជាក់ថា អូស្រ្តាលីអាចទទួលបានឧទ្ធម្ភាគចក្រអាម៉េរិក Black Hawk ដោយសារតែកងកម្លាំងខ្លួន មានភាពជិតស្និទ្ធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
ឧទ្ធម្ភាគចក្រMRH-90 Taipan របស់អូស្រ្តលី ស្ថិតក្រោមការថែទាំ និងជួសជួលជាច្រើនឆ្នាំមកហើយ។ បារាំងដែលមានហ៊ុនក្នុងក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រនេះ ទទូចម្ដងហើយម្ដងទៀតឱ្យអូស្ត្រាលីរក្សាឧទ្ធម្ភាគចក្រនេះទៀត។
 
នេះមិនមែនជាលើកទីមួយឡើយ ដែលអូស្រ្តាលីទិញអាវុធពីអាម៉េរិក។ អូស្រ្តាលី នៅថ្ងៃទី៥ ខែមករា បានប្រកាសចំណាយ៧០០លានដុល្លារ លើប្រព័ន្ធការពារ ក្នុងនោះមានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតអាម៉េរិក HIMARS ដើម្បីពង្រឹងសមត្ថភាពការពារជាតិ។
 
មិនតែប៉ុណ្ណោះ កន្លងមក អូស្រ្តាលី បានចុះកិច្ចព្រមព្រៀងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីអាម៉េរិក និងអង់គ្លេសថែមទៀត។ បញ្ហានេះ បានបង្កឱ្យមានភាពចម្រូងចម្រាសជាមួយបារាំង។ លោក Marles បានអះអាងថា លោកបានជជែកជាមួយភាគីបារាំងច្រើនដង ហើយលោកជឿថា កិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ ពីអាម៉េរិក នឹងមិនបង្អាក់ការស្តារទំនាក់ទំនងជាថ្មីជាមួយបារាំងឡើយ។ 
 
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រ UH-60M Black Hawk ជាប្រភេទឧទ្ធម្ភាគចក្រយោធារបស់អាម៉េរិក ដែលមានលក្ខណៈពិសេសជាច្រើន។ វាអាចហោះបានក្នុងល្បឿងជាង ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយថែមទាំងអាចបំពាក់កាំភ្លើងយន្ត 2x 7.62mm បានថែមទៀត។ ឧទ្ធម្ភាគចក្រប្រភេទនេះ អាចដឹកបានទ័ពចំនួន ១១នាក់ បន្ថែមពីអ្នកបើកបរ៕
 

Tag:
 អូស្រ្តាលី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com