អន្តរជាតិ
ប្រមុខការទូតអាម៉េរិក នឹងធ្វើទស្សនកិច្ចនៅចិនលើកដំបូង បើគិតចាប់ពីឆ្នាំ២០១៨
18, Jan 2023 , 3:34 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក អាន់តូនី​ ប្លីងខិន។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសចិន លោក អាន់តូនី​ ប្លីងខិន។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នឹងធ្វើទស្សនកិច្ចនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែកុម្ភៈ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីអាម៉េរិកនៅថ្ងៃទី១៧ ខែមករា។ វាជាដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាម៉េរិកនៅចិនលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០១៨។

 
ទំនាក់ទំនងចិន និងអាម៉េរិក តែងតែមានភាពរកាំរកូស ជុំវិញបញ្ហាការកើនឡើងអំណាចយោធាចិន កោះតៃវ៉ាន់ និងបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ដើម្បីដោះស្រាយលើបញ្ហាខ្វែងគំនិតគ្នា រដ្ឋមន្រ្តីការបរទេសចិន នឹងធ្វើទស្សនកិច្ចនៅចិនរយៈពេល ២ថ្ងៃ។ 
 
តាមការបញ្ជាក់របស់មន្រ្តីអាម៉េរិក លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នឹងទៅដល់រដ្ឋធានីប៉េកាំង ក្នុងថ្ងៃទី៥ ខែកុម្ភៈ និងមានកិច្ចពិភាក្សានៅថ្ងៃបន្ទាប់។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្លីងខិន នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសចិនថ្មី លោក ឈីន កាង ហើយក៏អាចជួបជាមួយលោកស៊ី ជិនភីង ប្រធានាធិបតីចិនផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
លោក ប្លីងខិន ជារដ្ឋមន្រ្តីការបរទេសទីមួយអាម៉េរិកដំបូងដែលទៅចិនបើគិតចាប់តាំងពីឆ្នាំ ២០១៨ មក។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក ដែលធ្វើទស្សនកិច្ចនៅចិនលើកចុងក្រោយ គឺលោក ម៉ៃ ប៉ុមប៉េអូ នារដ្ឋបាលលោក ដូណាល់ ត្រាំ។
 
ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាចនឹងលើកយកបញ្ហាកោះតៃវ៉ាន់ សង្រ្គាមនៅអ៊ុយក្រែន បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើបញ្ហាអាកាសធាតុជាដើម យកទៅដាក់លើតុចរចាជាមួយភាគីចិន។
 
កន្លងមកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់លោកប្លីងខិន ហើយបានបង្ហាញក្តីសង្ឃឹមថា រដ្ឋមន្រ្តីការបរទេសចិន នឹងជួយឱ្យទំនាក់ទំនងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ត្រលប់ទៅផ្លូវត្រូវវិញ។ 
 
សូមបញ្ជាក់ថា ការប្រកាសទស្សនកិច្ចរដ្ឋមន្រ្តីការបរទេសអាម៉េរិកនៅចិននេះ ធ្វើឡើងក្នុងអំឡុងជំនួបប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន ជាមួយសមភាគីចិន លោកស៊ី ជិនភីង នៅកោះបាលី ឥណ្ឌូណេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាមិញ កាលនោះ អាម៉េរិក មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃដំណើរទស្សនកិច្ចខាងលើឡើយ៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com